(​ភ្នំពេញ​)៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​សំណូមពរ​ដល់​មន្ត្រី​ទាំងអស់ បន្ត​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ និង​វប្បធម៌​សាមគ្គីភាព ដើម្បី​ឈាន​ទៅ​សម្រេចបាន​នូវ​វឌ្ឍនភាព​ការងារ​ថ្មីៗ សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ជាតិ និង​សមិទ្ធផល​លេចធ្លោ​បន្ថែមទៀត ជូន​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ ស្របតាម​កម្មវិធី​នយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

Loading...

​លោក​រដ្ឋមន្ត្រី បាន​លើក​សំណើ​នេះ​ឡើង នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ពាណិជ្ជកម្ម នា​ឱកាស​បញ្ចប់​អាណត្តិ​ទី​៥ នៃ​រាជរដ្ឋាភិបាល ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨​។​

​នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​នោះ​លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ដែល​កន្លងមក​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ រហូត​សម្រេច​បាន​នូវ​ស្នាដៃ​ធំៗ​គួរ​ជាទី​មោទនៈ ជូន​ប្រជាជន និង​ប្រទេស​កម្ពុជា​ទាំងមូល​។​

​លើសពីនេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​រំលឹក​ឡើងវិញ​អំពី​សមិទ្ធផល​ការងារ​សំខាន់ៗ របស់​ក្រសួង​ពាណិជ្ជកម្ម នៅក្នុង​រយៈពេល ២​ឆ្នាំ​ចុងក្រោយ ដែល​បានមកពី​ការចូលរួម​របស់​មន្ត្រី​រាជការ​គ្រប់​ជាន់ថ្នាក់ រហូត​ធ្វើឱ្យ​ក្រសួង ក្លាយជា​ស្ថាប័ន​គំរូ​មួយ ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ និង​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ហើយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន ពី​វិស័យ​ឯកជន សាធារណៈ​ជនជាតិ និង​អន្តរជាតិ​។​

“​ទោះបី​ពេលនេះ យើង​បាន​កសាង​មូលដ្ឋានគ្រឹះ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ជាតិ ប៉ុន្តែ​ក្រសួង​នៅ​មាន​កិច្ចការ​ស្នូល​ជាច្រើន ដែល​ត្រូវ​បន្ត​អនុវត្តន៍ ដើម្បី​ទាញយក​អត្ថប្រយោជន៍​អតិបរមា​ពី​ការធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់ និង​ពិភពលោក ជា​ពិសេស​ជំរុញ​វិស័យ​ពាណិជ្ជកម្ម ឱ្យក្លាយ​ទៅ​ជា​ក្បាលម៉ាស៊ីន ប្រកប​ដោយ​ថាមវន្ត​នៃ​កំណើន​សេដ្ឋកិច្ច ដូច​បាន​កំណត់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រ​ចតុកោណ​” លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​នៅ​ចុងបញ្ចប់​នៃ​អង្គពិធី លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​អញ្ជើញ​ថតរូប​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​គ្រប់​លំដាប់​ថ្នាក់​របស់​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ទុក​ជា​កម្រង​អនុស្សាវរីយ៍ នៃ​ការបំពេញ​ភារកិច្ច​រួមគ្នា នៅក្នុង​អាណត្តិ​ទី​៥ នៃ​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕​