នៅ​ថ្ងៃទី​២៧ ខែសីហានេះ កូរ៉េ​ខាង​ត្បូង បាន​ប្រកាស​ពន្យារ​ពេល​បើក​ការិយាល័យ​ទាក់ទង នៅ​ក្នុងទឹក​ដី​កូរ៉េ​ខាង​ជើង​។ ការ​ប្រកាស​បែបនេះ គឺ​ធ្លាយ​ចេញពី​មាត់​របស់​អ្នក​នាំពាក្យ​វិមាន​បៃតង និង​ដែល​​ធ្វើ​ឡើង​ បន្ទាប់ពីប្រធានាធិបតី​អាមេរិក​លុប​ចោល​ដំណើរ​ទស្សនកិច្ចនៃ​​ប្រមុខ​ការទូត​ ​ Mike Pompeo ​ទៅ​​កូរ៉េ​ខាង​ជើង។ អ្នកនាំពាក្យ​វិមាន​​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ ​មិន​អាច​អះអាង​បា​នទេ​ថា ការ​ពន្យារ​ពេល​នេះ គឺ​គ្មាន​ផល​ប៉ះពាល់​នោះ។ ក៏ប៉ុន្តែ រដ្ឋបាល​ក្រុង​ស៊េអ៊ូល កំពុងតែ​តាម​ដាន​ការ​វិវត្ត​ថ្មីៗ​ទៀត​ នៃសភាពការណ៍​។

បើ​ទោះបី​ជា​សម្ភារៈបរិក្ខារ​សម្រាប់​ទីស្នាក់ការការិយាល័យ​ទាក់ទង​គ្នា​នោះ បា​នត្រូវ​បញ្ជូន​ទៅ​ខ្លះ​ហើយ​ក៏ដោយ តែ​ការ​ពន្យារ​ពេល​បើក​ការិយាល័យនេះ គឺ​អាច​ជា​សញ្ញាណ​នៃការ​តាន​តឹង​គ្នា​ជាថ្មី របស់​ឧបទ្វី​ប​កូរ៉េ​ និង​សម្ព័ន្ធមិត្ត​។

សូម​ជ្រាបថា កាល​ពី​សប្តាហ៍​មុននេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​លុប​ចោល​ដំណើរ​របស់​រដ្ឋមន្ត្រី​បរទេស​របស់ខ្លួន ទៅ​កូរ៉េ​ខាង​ជើង។ ការ​ប្រកាសដូច្នេះ ​​គឺ​ធ្វើ​ឡើង ក្រោយពី​ទីភ្នាក់​ងារស៊ើប​អង្កេត​សំណុំ​រឿង​នុយក្លេអ៊ែរកូរ៉េ​ខាង​ជើង​​របស់​អង្គការ​សហប្រជាជាតិ​ បាន​រាយការណ៍ថា កូរ៉េ​ខាង​ជើង​ មិន​បា​នរំសាយ​គម្រោង​ផលិត​ថាម​ពល​នុយក្លេអ៊ែរ​នោះទេ ផ្ទុយ​ទៅវិញ គឺ​​​រឹងរឹត​តែ​ពី​ប្រឹង​​អភិវឌ្ឍ​ទៅមុខថែម​​ទៀត​។​

ជា​ប្រតិកម្ម​ភ្លាមៗ របបក្រុង​ព្យុងយ៉ាង បាន​ចោទប្រកាន់​អាមេរិក​ ថា​មា​នពុតព្បុត ហើយនិង​បាន​ចង្អុរ​មុខ​​អាមេរិក​ ទៀត​ថា កំពុង​តែ​លេង​ល្បែង​​ចាប់​ដៃ​ជាន់​ជើង។ នៅ​ពី​ម្ខាង​ អាមេរិក​ខំប្រឹង​ធ្វើ​ចរចា និង​លួង​លោម​ឲ្យ​កូរ៉េ​ខាងជើងរំសាយ​នុយក្លេអ៊ែរ។​ ប៉ុន្តែ​​ពី​ម្ខាងទៀត អាមេរិក​ពឺត​​តែ​ពី​ខំប្រឹង​​ពង្រឹងកាណុង​​យោធា ​តម្រង់​ឆ្ពោះ​មកផ្ជុង​​កូរ៉េ​ខាង​ជើង តាម​រយៈ​ទ័ព​ជើង​ទឹក​របស់​ខ្លួន ដែល​កំពុង​ឈរ​ជើង​នៅ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​។​

ទោះ​យ៉ាង​ណា​ក៏ដោយ ជំហរ​របស់​របប​ក្រុង​ស៊េអូល, គឺ​កូរ៉េ​ខាងត្បូង ចង់​ឲ្យ​កិច្ច​ចរចា​គ្នា​រវាងកូរ៉េ​ទាំង​ពីរ នៅ​តែ​បន្ត​មាន​ជីវិត​ ខណៈ​ដែល​ជំនួប​កំពូលរវាង​បងប្អូនកូរ៉េ​ទាំង​ពីរ គ្រោង​​​​នឹង​ត្រូវ​រៀបចំ​​នៅ​ខែ​កញ្ញា ខែ​ក្រោយ​នេះ​។ ក៏ប៉ុន្តែ ប្រសិន​បើ​ភាព​តាន​តឹង​គ្នារវាង​អាមេរិកនិងកូរ៉េ​ខាងជើង​ផ្ទុះ​ឡើងវិញកាន់​តែ​ខ្លាំង​ នោះ​កិច្ច​សន្ទនា​ទៅរក​សន្តិភាពរបស់​កូរ៉េ​ទាំងពីរ​ ប្រហែល​ជា​គ្មាន​ផ្លូវ​ឃើញ​ពន្លឺ​ឡើយ​​៕ ប្រភព៖ RFI