ចិនកំពុងត្រៀម​រៀប​ចំ​សេចក្តី​ព្រាង​​ច្បាប់ នៃ​​ក្រម​​រដ្ឋប្បវេណី​របស់​ខ្លួន ​ លែង​កំណត់​ចំនួនកូន ដែល​គូស្វាមី​ភរិយា​ចិនមាន​សិទ្ធិ​​បង្កើត​ទៀត​ហើយ ! នេះ​បើ​តាម​សារព័ត៌មាន​ផ្លូវការ​ចិន​ចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទ ទី ២៧ សីហា ២០១៨។ គម្រោង​ច្បាប់​នេះ​ជា​សារ​បញ្ជាក់​ថា ​អាជ្ញាធរ​ក្រុង​ប៉េកាំងកំពុង​ត្រៀម​ខ្លួន​​លុប​ចោល​ទាំ​ងស្រុងផែនការ​គ្រួសារ តាម​គន្លង​នយោបាយ​ “គ្រួសារ​កូនមួយ​”​ដែល​ចិន​បាន​អនុវត្ត​យ៉ាង​​តឹងតែង​​បំផុត​​ តាំងពី​ឆ្នាំ​១៩៧៩ដល់​ឆ្នាំ​២០១៥។

ប្រឈម​នឹង​ភាពចាស់​ជរា​របស់​ប្រជាជន​ ចិន​បាន​ប្រកាស​បោះបង់​ចោល​នយោបាយ​ “កូន​តែមួយ” នៅ​ចុង​ឆ្នាំ​២០១៥។ តាំង​ពី​ពេល​នោះ​មក គូស្វាមី​ភរិយា​ចិន​ អាច​មាន​កូន​ទីពីរ តែ​មិន​អាចមាន​ច្រើន​លើស​ពី​ពីរ​នាក់​បាន​ឡើយ !

ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ ចិន​បាន​និង​កំពុង​រៀប​ចំ​គម្រោង​ច្បាប់​ថ្មី ដែល​លែង​មាន​ចែង​ទាល់​សោះ​អំពី​ការ​កំរិត​ចំនួន​កូន​ និង​បម្រាម​អ្វី​ទាំងអស់។ ច្បាប់​នេះ​នឹង​ត្រូវ​អនុម័ត​នៅ​ ឆ្នាំ​២០២០ ដោយ​​អង្គសមាជសភា​​ប្រជាជនដែល​ជា​អ្នក​គ្រប់គ្រង​ច្បាប់​រដ្ឋប្បវេណី​ចិន។

សូម​បញ្ជាក់​ថា ​ បក្ស​កុម្មុយនិស្ត​ចិន​បាន​ចេញ​គោលការណ៍​ “កូន​តែ​មួយ” នៅ​ឆ្នាំ​១៩៧៩ ​ដើម្បី​ទប់​ស្កាត់​កំណើន​ប្រជាជន ដោយមិន​ខ្លាច​នឹង​ចាប់​បង្ខំ​ប្រជាជន​ឱ្យ​រម្លូត​កូន ឱ្យ​ប្រើ​វិធី​ពន្យារ​កំណើត​ ឱ្យ​បង់​ពិន័យ ឱ្យ​ជាប់​ពន្ធនាគារទេ … នយោបាយ​​ត្រួត​ពិនិត្យ​កំណើត​ដ៏តឹង​តែង​នេះ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ព្រោះ​វា​បាន​បង្ក​ឱ្យ​វិសមភាព​ជា​ច្រើន ៖ កំណើន​មនុស្សចាស់ និង​កង្វះ​មនុស្ស​ភេទ​ស្រី ​ព្រោះ​ចិន​ចូល​ចិត្ត​តែ​កូន​ប្រុស។

មុន​ការ​ប្តូរ​ផ្លាស់​នយោបាយ​ឆ្នាំ​២០១៥ ចិន​បាន​ផ្តល់​សិទ្ធិ​ ជា​ករណី​លើក​លែង​ឱ្យ​​ស្ត្រី​​ចំនួន​៥០​លាន​នាក់ ​បង្កើត​កូន​ពីរ ក្រោម​​មូលហេតុ​ជា​ជនភាគតិច ជា​អ្នក​ជនបទ មាន​កូន​ទីមួយ​ភេទ​ស្រី ​ខ្លួន​ឯងឬ​ស្វាមី​ជា​កូន​ទោលស្រាប់។ ប៉ុន្តែ​ច្បាប់​នេះ​មិន​បាន​ផ្តល់​ផ្លែផ្កា​ទេ ! អត្រា​កំណើត បាន​ធ្លាក់​ចុះ ខ្លាំង​​នៅ​ឆ្នាំ​២០១៧ ព្រោះ​គូស្វាមី​ភរិយា​ចិន មិន​ចង់​បង្កើត​កូន​ទីពីរ ដោយ​ខ្លាច​បាត់បង់​ការងារ ដោយ​បញ្ហា​ថវិកា​ផ្ទះ​សម្បែង​ថ្លៃ ការសិក្សា​ក៏​អស់​ច្រើន។

ក្នុង​បរិបទនេះ កំណើន​មនុស្ស​ចាស់​កំពុង​ក្លាយ​ជា​ វិបត្តិ​ប្រជាសាស្ត្រ ! ចំនួន​ពលរដ្ឋ​ចិន​សកម្ម (១៦-៥៩​ឆ្នាំ) បាន​ធ្លាក់​ចុះ​អស់​ជិត​៥លាន​នាក់​កន្លះ​ កាលពី​ឆ្នាំ​ទៅ និង​ជា​គម្រប់​៦​ឆ្នាំ​ជាប់ៗ​គ្នា មក​នៅ​ត្រឹម​តែ​៩០២លាននាក់ ពោល​គឺ​ត្រូវ​ជា ៦៥%​នៃ​ប្រជាជន​សរុប។

បើ​តាម​ការ​ប៉ាន់ស្មាន​របស់​រដ្ឋាភិបាល ចំនួន​ប្រជាជន​វ័យ​ចំណាស់ ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ និង​កើនឡើង​ដល់​ទៅ ៤៨៧​លាន​នាក់​នៅ​ឆ្នាំ​២០៥០ ពោល​គឺ​​ស្មើ​នឹង​៣៥%​នៃ​ប្រជាជន​សរុប​ ទល់​នឹង​២៤១លាន​នាក់​ (១៧%)នៅ​ឆ្នាំ​២០១៧៕​ ប្រភព៖ RFI