គណៈកម្មាធិការ​ស៊ើប​អង្កេត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​បាន​ចោទ​ប្រកាន់​យោធា​មីយ៉ាន់ម៉ា​ថា​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ជា​ច្រើន «ក្នុង​គោល​បំណង​ប្រល័យ​ពូជសាសន៍‍» នៅ​ក្នុង​អំឡុង​ពេល​បង្ក្រាប​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា កាន់​សាសនា​ឥស្លាម​កាល​ពី​ឆ្នាំ​មុន និង​បាន​អំពាវនាវ​ឲ្យ​មា​ការ​ស៊ើប​អង្កេត និង​ការ​កាត់ទោស​ជា​អន្តរជាតិ​លើ​មន្ត្រី​យោធា​មីយ៉ាន់ម៉ា​កំពូលៗ។

Loading...

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស នៅ​ថ្ងៃ​ចន្ទ​នេះ គណៈកម្មាធិការ​ស៊ើប​អង្កេត​បាន​បញ្ជាក់​ថា ឧត្ដមសេនីយ៍ Min Aung Hlaing ដែល​ជា​នាយ​អគ្គសេនាធិការ​យោធា​មីយ៉ាន់ម៉ា និង​ឧត្ដមសេនីយ៍ ៥ នាក់​ផ្សេង​ទៀត គួរតែ​ត្រូវ​កាត់ទោស​ពី​បទ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។

គណៈកម្មាធិការ​ស៊ើប​អង្កេត​នេះ​បាន​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បញ្ជូន​ករណី​នេះ​ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ឬ​ក៏​បង្កើត​តុលាការ​ពិសេស​មួយ​ដើម្បី​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ។

គណៈកម្មាធិការ​ដែល​យល់ព្រម​ដោយ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នេះ ធ្វើ​របាយការណ៍​របស់​ខ្លួន​ផ្អែក​លើ​កិច្ច​សម្ភាសន៍​ជាមួយ​នឹង​ជន​ភៀស​ខ្លួន Rohingya រាប់​រយ​នាក់ ក្នុង​ចំណោម ៧ សែន​នាក់ ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ភៀស​ខ្លួន​ឆ្លង​ព្រំដែន​ពី​រដ្ឋ Rakhine នៃ​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ដែល​នៅ​ជិត​ខាង។

សាក្សី​ដែល​ត្រូវ​បាន​សម្ភាសន៍​ទាំង​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​អំពើ​ឃោរឃៅ​ជា​ច្រើន​ដូចជា ការ​ចាប់​រំលោភ​ជា​ក្រុម ការ​ដុត​ភូមិ​ទាំង​មូល និង​ការ​សម្លាប់​ដោយ​ខុស​ច្បាប់​ជា​ដើម៕ ប្រភព៖ VOA