វ៉ាស៊ីនតោន —លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​ទៅ​ទទួល​ពានរង្វាន់ ​Ramon Magsaysay ក្នុង​ទីក្រុង ​ម៉ានីល​ ប្រទេស​ ហ្វីលីពីន​នៅ​សប្ដាហ៍​នេះ ចំពោះ​ស្នាដៃ​រក្សា​ការ​ចងចាំ​ប្រវត្តិសាស្ត្រ​សម្រាប់​ការ​សះស្បើយ​ផ្លូវ​ចិត្ត​ និង​យុត្តិធម៌។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​មជ្ឈមណ្ឌល​ឯកសារ​តាម​សារ​អេឡិចត្រូនិក​ដែល VOA ទទួល​បាន​កាល​ពី​ថ្ងៃ​អាទិត្យ។

លោក ឆាំង យុ គឺ​ជា​ជ័យលាភី​ម្នាក់​មក​ពី​ប្រទេស​កម្ពុជា ក្នុង​ចំណោម​ជ័យលាភី​៦​នាក់​ដែល​ទទួល​បាន​ពានរង្វាន់​ ដែល​គេ​ចាត់​ទុក​ថា​ជា​រង្វាន់​សន្តិភាព​ប្រចាំ​ទ្វីប​អាស៊ី ក្នុងឆ្នាំ​២០១៨​នេះ។ ជ័យលាភី​៥​នាក់​ទៀត គឺ​មក​ពី​ប្រទេស​ទីម័រ​ខាងកើត វៀតណាម ហ្វីលីពីន និង​ពីរ​នាក់​ទៀត​មកពី​ប្រទេស​ឥណ្ឌា។

លោក ឆាំង យុ ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ ក្នុង​ទីក្រុង ​ម៉ានីល​ ​ប្រទេស ​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ផង​ដែរ។ នេះ​បើ​យោង​តាម​គណៈកម្មការ​ផ្ដល់​ពានរង្វាន់​ Ramon Magsaysay ​នេះ។

លោក ឆាំង យុ បាន​ដឹកនាំ​កិច្ចការ​អភិរក្ស​ការ​ចងចាំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ស្វែង​រក​យុត្តិធម៌ ​ការ​ផ្សះផ្សា ​និង​ការ​ជាសះស្បើយ​ផ្លូវចិត្តសម្រាប់​ជនរងគ្រោះ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ដែល​បាន​ឆក់​យក​ជីវិត​ប្រជាជន​ខ្មែរ​អស់​ប្រមាណ​ជិត​២​លាន​នាក់​នៅ​ចន្លោះ​ឆ្នាំ ១៩៧៥​ ដល់​១៩៧៩។

លោក ឆាំង យុ ត្រូវ​បាន​ទទួលស្គាល់​ចំពោះ​ «‍ការងារ​ដ៏​អស្ចារ្យ​ឥត​ងាក​រា​របស់​លោក ក្នុង​ការ​អភិរក្ស​ការ​ចងចាំ​នៃ​របបប្រល័យពូជសាសន៍​ខ្មែរ ហើយនិង​ភាព​ជា​អ្នក​ដឹកនាំ​និង​ទស្សនវិស័យ​របស់​លោក ក្នុង​ការ​ផ្លាស់ប្ដូរ​ការ​ចងចាំ​អំពី​ភាព​ដ៏​គួរ​ឱ្យ​រន្ធត់ ទៅ​ជា​ដំណើរការ​នៃការ​ទទួល​បាន​និង​ការ​អភិរក្ស​យុត្តិធម៌​ក្នុង​ប្រទេស​របស់​លោក​និង​នៅ​ក្នុង​ពិភពលោក»។ នេះ​បើ​ផ្នែក​តាម​គណៈកម្មការ​ផ្ដល់​ពានរង្វាន់ ​Ramon Magsaysay ​ដដែល៕ ប្រភព៖ VOA