ឃុំ​ត្រពាំង​ជោរ ខេត្ត​កំពង់​ស្ពឺ — លោកញ៉ូង ឈុំ ​និង​កូនស្រី​របស់​លោកបច្ចុប្បន្ន​នេះ​កំពុង​តែ​ធ្វើ​ការ​នៅ​រោងចក្រ​ដាំ​ដំឡូង​មួយ​ ដែល​លោក​និយាយ​ថា ​លោក​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ជិត​១០​ឆ្នាំ​មក​ហើយ។​ លោក​បាន​ចោទ​រោងចក្រ​ដាំ​ដំណាំ​កសិកម្ម​មួយ​ឈ្មោះ​ថា ​HLH Agriculture Cambodia ​ដែល​ត្រូវ​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដោយ​រដ្ឋាភិបាល​ថា​ បាន​យក​ដី​របស់​លោក​ជិត​១​ហិកតា។​

ចម្ការដំឡូងរបស់ក្រុមហ៊ុនHLH Agriculture Cambodia នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ស៊ុន ណារិន/VOA)

Loading...

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA ​កាល​ពី​សប្តាហ៍​មុន ​ លោកញ៉ូង ឈុំអាយុ​៤៥​ឆ្នាំ ​ដែល​ជាជន​ជាតិ​ដើម​ភាគ​តិច​សួយ ​កំពុង​ឈរ​នៅ​ក្បែរ​ដី​ចាស់​របស់​លោក​ក្នុង​ភូមិ​ចំបក់​ ឃុំ​ត្រពាំង​ជោរ ​ស្រុក​ឱរ៉ាល់ ​ខេត្ត​កំពង់ស្ពឺ។​ បច្ចុប្បន្ន​ ដី​របស់​លោក​មាន​ដើម​ដំឡូង​មី​របស់​ក្រុមហ៊ុន។​ ដោយ​ចង្អុល​ទៅ​ដំណាំ​ដំឡូង​មី​ដែល​ដាំ​ដោយ​ក្រុមហ៊ុន​ ​ លោក​មាន​ប្រសាសន៍​ថា៖​

«នេះ​ដី​ចាស់​របស់​ខ្ញុំ»។​

បច្ចុប្បន្ន​នេះ ​លោកឈុំ រស់​នៅ​ក្នុង​ភូមិ​មួយ​ដែល​មាន​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​ដី​ចាស់ ​ហើយ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខូច ​ដក់ទឹកជា​ច្រើន​កន្លែង។ ដោយ​សារមាន​ជីវភាព​លំបាក ​ លោកឈុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ដំឡូង​មី​ដើ​ម្បី​រក​ចំណូល​ប្រមាណ​៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ការ​ងារ​ស៊ី​ឈ្នួល​ដំា​ដំឡូង។​

លោក​បាន​ថ្លែង​ប្រាប់​ VOA ថា៖​

«បើ​អត់​ស៊ី​ឈ្នួល​មាន​អី​ចិញ្ចឹម​ជីវភាព​ខ្លួន​ឯង​ បើ​វេទនា។ ​ដី​ប៉ះពាល់​ដល់​ក្រុមហ៊ុន​អស់​ហើយ។ ​អីចឹង​បាន​ខ្ញុំ​ដូរ​កូន​ខ្ញុំ ​រៀន​ផង​ទៅ​ធ្វើ​ការ​ក្រុមហ៊ុន​ផង ​ទៅ​កាត់​ដេរ​ផង»។​

លោកឈុំមាន​កូន​៦​នាក់ ​ប្រុស​៣នាក់ ​ស្រី​៣នាក់។ ​កូន​របស់​លោក​៣​នាក់​កំពុង​ធ្វើ​ការ​រោងចក្រ​កាត់​ដេរ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ​ម្នាក់​ធ្វើ​ការ​នៅ​រោងចក្រ​ដាំ​ដំឡូង ​និង​២​នាក់​ទៀត​នៅ​រៀន។ ​កាល​ពី​ជិត​១០​ឆ្នាំ​មុន ​លោក​បាន​បាត់​បង់​ដី​ចំនួន​៩០​អា​ ស្មើ​នឹង​៩​ពាន់​ម៉ែត្រ​ការ៉េ ​ដែល​លោក​បាន​កាប់​ឆ្ការ​ព្រៃ​រួច​ហើយ​ និង​ត្រៀម​ដាំ​ដំណាំ​ដើម្បី​ចិញ្ចឹម​ជីវភាព​របស់​លោកនិង​គ្រួសារ។​

កាល​ពី​ឆ្នាំ​មុន ​លោកឈុំ​ក៏​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​រោងចក្រ​ដាំ​បន្លែ​នៅ​ប្រទេស​ថៃ​ផង​ដែរ ​តែ​លោក​បាន​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​នេះ​ ដោយ​សារ​មិន​សូវ​ជា​រក​លុយ​បាន ​បែក​ពី​គ្រួសារ​ និង​ត្រូវ​តស៊ូ​មតិ​ដើម្បី​ទាមទារ​ដី​របស់​លោក​មក​វិញ។​

លក់គោ ​ក្របី​តវ៉ា​ទាមទារ​ដី​ធ្លី​

ការ​កាន់​កាប់​ដី​សម្រាប់​ដាំដំណាំជាពិសេស​ស្រូវ ​មាន​សារៈ​សំខាន់​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ភាគ​ច្រើន​ជា​កសិករ។​ ប្រហែល​៨៥​ភាគ​រយ​នៃ​ប្រជាជន​កម្ពុជា​ប្រមាណ​១៦​លាន​នាក់ពឹង​ផ្អែក​លើ​កសិកម្ម​សម្រាប់​ជីវភាព​របស់​ពួក​គេ។​

នៅ​ក្នុង​ភូមិ​ចំបក់​នេះ​ ​អ្នក​មាន​ជម្លោះ​ដីធ្លី​ម្នាក់​ទៀត​ ដែល​ជា​អ្នក​ជិត​ខាង​របស់​លោកឈុំ​គឺ​លោកទួន សឿន។ ​បច្ចុប្បន្ន​ លោកជា​តំណាង​ប្រជា​ពលរដ្ឋ​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​រឿង​ដីធ្លី។​ លោក​បាន​បាត់​បង់​ដីធ្លី​ប្រមាណ​២០​ហិកតា​ ទៅ​ឲ្យ​ក្រុមហ៊ុន​HLH​ នេះ​ដែរ។​ ​លោក​មាន​ប្រសាសន៍​ថា ​លោក​បាន​តវ៉ា​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​បាន​លក់​ដី ​គោ​ក្របី​ដើម្បី​យក​លុយ​ធ្វើ​ដំណើរ​ទៅ​តវ៉ា​នៅភ្នំពេញ។​

លោក​បាន​ថ្លែង​ប្រាប់​ VOA​ថា៖​

«លក់​គោ ​លក់​ក្របី ​ដើរ​តវ៉ា​ដីធ្លី​ឲ្យ​ប្រជា​ពលរដ្ឋ។ ​លក់​ក្របី​៥ ​គោ​៥ ​ដី​២​ប្លង់។ ​ហើយ​លុយ​កូនៗ​ទៀត​ សល់​ពី​ធ្វើ​ការ​កម្មករ​រោងចក្រ​ហ្នឹង ​យក​លុយ​កូនៗ​ដើរ​តវ៉ា»។​

លោក ទួន សឿន អាយុ៥៥ឆ្នាំ ជាតំណាងសហគមន៍មានជម្លោះដីធ្លី មានប្រសាសន៍ថា លោកបានបាត់បង់ដីធ្លីប្រមាណ២០ហិកតា ទៅក្រុមហ៊ុន HLH Agriculture Cambodia។ (ស៊ុន ណារិន/VOA)

លោក សឿន​ អាយុ​៥៥​ឆ្នាំ ​បច្ចុប្បន្ន​នេះ​រស់​នៅ​ក្នុង​ផ្ទះ​តូច​មួយ​ប្រក់​ស្បូវ ​ស្ថិត​នៅ​ក្នុង​ភូមិ​ចំបក់ ​ស្រុក​ឱរ៉ាល់ ​ខេត្តកំពង់ស្ពឺ។​ លោក​បាន​ចំណាយ​ពេល​រាប់​ឆ្នាំ​ តវ៉ា​ទាមទារ​ដំណោះ​ស្រាយ​ដីធ្លី​ទាំង​នៅ​ក្នុង​ខេត្ត ​និង​នៅ​ភ្នំពេញ។​

ខេត្ត​កំពង់ស្ពឺ​មាន​កូន​ប្រុស​របស់​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ​គឺ​លោកហ៊ុន ម៉ានី​ជា​តំណាង​រាស្រ្ត។​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា​ ដែល​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ ​គឺ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ លោកហ៊ុន ម៉ានី​ក៏​ជាប់​ឆ្នោត​ធ្វើ​ជា​តំណាងរាស្រ្ត​សម្រាប់​ខេត្ត​មួយ​នេះ។ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​អាសនៈ​រដ្ឋសភា​ទាំង​១២៥ ​ដែល​នាំ​ឲ្យ​មាន​ការ​រិះ​គន់​ថា ​កម្ពុជា​ជា«រដ្ឋ​ឯកបក្សក្នុង​ការ​ដឹកនាំ»។​

ប៉ុន្តែ​ខេត្ត​កំពង់​ស្ពឺ ​ដែល​សម្បូរ​ទៅ​ដោយ​ភ្នំ ​ក៏​ត្រូវ​បាន​ញាំញី​ដោយ​បញ្ហា​ដី​ធ្លី​រាប់​ឆ្នាំ​មក​ហើយ ​រហូត​ដល់​មាន​ករណី​ខ្លះ​ ប្រជា​ពលរដ្ឋ​ត្រូវ​បាន​ចាប់​ចង​ និង​ដាក់​ពន្ធនាគារ​ផង​ដែរ។​

ចម្ការអំពៅនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលគ្រប់គ្រងដោយឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា (ស៊ុន ណារិន/VOA)

នៅ​ក្នុង​ស្រុក​ឱរ៉ាល់ ​ខេត្ត​កំពង់ស្ពឺ ​មាន​ករណី​ជម្លោះ​ដី​ធ្លី​ធំៗ​ចំនួន​២​គឺ​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ដំឡូង​ HLH Agriculture Cambodia​ ដែល​ប្រជា​ពលរដ្ឋ​ស្គាល់​ថា​ ជា​ក្រុមហ៊ុន​ចិន ​និង​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា​លី យ៉ុង​ផាត់​ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា។​

ក្រុមហ៊ុន​ស្ករ​អំពៅ​មួយ​នេះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ជិត​១​ម៉ឺន​ហិកតា​ រយៈ​ពេល​៧០​ឆ្នាំ ​សម្រាប់​ដាំ​ដំឡូង​នៅ​ក្នុង​ស្រុក​ឱរ៉ាល់ ​ក៏​ដូច​ជា​វិនិយោគ​សាងសង់​រោងចក្រ​ច្នៃ​ដំឡូង​មី​ផង​ដែរ។​ នេះ​បើ​យោងតាម​គេហទំព័រ​របស់​ក្រុមហ៊ុន ​HLH។​

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន ​HLH Agriculture ​បាន​នៅ​ឡើយ​ទេ។​

សន្លឹក​ឆ្នោត​ប្តូរ​នឹង​ដំណោះ​ស្រាយ​ដីធ្លី​

ជម្លោះ​ដី​ធ្លី គឺ​ជា​រឿង​ស្មុគស្មាញ​មួយ ​និង​ជា​បញ្ហា​ចាក់​ស្រែះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង​២០​ឆ្នាំ​មក​ហើយ។ ​បញ្ហា​ដី​ធ្លី​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គាំទ្រ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ផង​ដែរ​ ដោយ​សារ​នយោបាយ​ផ្តល់​ដី​សម្បទាន​ទៅ​ក្រុមហ៊ុន​ ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ ​និង​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធិ​នឹង​លោក​ហ៊ុន សែន។​

នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ​គណបក្ស​សង្រ្គោះ​ជាតិ ​ដែល​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ​បាន​កើន​សំឡេង​ច្រើនរហូត​ដល់​ជិត​ឈ្នះ​គណបក្ស​កាន់​អំណាច។ ​គណបក្ស​ប្រឆាំង​មួយ​នេះ​ទទួល​បាន​សំឡេង​គាំទ្រ​គាំទ្រ​ច្រើន​នៅ​តាម​មូលដ្ឋាន ​ហើយ​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​គណ​បក្ស​កាន់​អំណាច​ធ្លាក់​សំឡេង​បោះ​ឆ្នោត​គឺ​ដោយ​សារ​បញ្ហា​ដី​ធ្លី។​

រដ្ឋាភិបាល​របស់​លោកហ៊ុន សែន​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ដើម្បី​ស្តារ​ប្រជា​ប្រិយភាព​ពី​ប្រជាជន​ឡើង​វិញ។​

លោកសុខ ឥសាន ​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ប្រសាសន៍​ថា ​បញ្ហា​ដី​ធ្លី​រាប់​ម៉ឺន​ករណី​ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ​គឺ​នៅ​សល់​តែ​តិច​តួច​ប៉ុណ្ណោះ។​

នៅ​មុន​ការ​បោះ​ឆ្នោត​ដែល​គណបក្ស​កាន់​អំណាច​ឈ្នះ​អាសនៈ​សភា​ទាំង​អស់ ​អ្នក​ភូមិ​មាន​ជម្លោះ​ដី​ធ្លី​និយាយ​ថា ​អាជ្ញាធរ​បាន​ប្រជុំ​ជាមួយ​ពួកគេ​ ហើយ​បាន​សន្យា​ថា ​នឹង​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ឲ្យ ​ប្រសិន​បើ​ពួកគេ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។​

ប្រជា​ពលរដ្ឋ​ដែល​ជា​តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លីគឺ​លោកទួន សឿន​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​ស្រុក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ណែនាំ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ថ្នូរ​នឹង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី។​

លោក​មាន​ប្រសាសន៍​ថា៖​

«គេ​សន្យា​ថា​ បោះ​ឆ្នោត​ហើយបាន​គាត់​ដោះ​ស្រាយ​ដី​ហ្នឹង។ ​តែ​ឥឡូវ​គាត់​កំពុង​រៀប​ចំ​រដ្ឋាភិបាល​នៅ​ឡើយ»។​

លោក​បន្ត​ថា ​លោក​បាន​ទៅ​ជួប​អាជ្ញាធរ​នៅ​ថ្ងៃ​ទី​៤ ​ខែ​សីហា ​ក្រោយ​ការ​បោះឆ្នោត​ តែ​ពួកគេ​ថា ​នឹង​ដោះ​ស្រាយ​បន្ទាប់​ពី​ការ​រៀប​ចំ​រដ្ឋាភិបាល​ហើយ​នៅ​ខែ​ក្រោយ។​

លោក​ព្រមាន​ថា ​ប្រសិន​បើ​មិនមាន​ដំណោះ​ស្រាយ​ដូច​តាម​ការ​សន្យា​ទេ ​លោក​នឹង​ចេញ​មុខ​តវ៉ា​នៅ​ភ្នំពេញ​ទៀត​ហើយ។ ​លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​មិន​ទាន់​ជំរុញ​ទេ​ ទាល់​រៀប​ចំ​រដ្ឋាភិបាល​ហើយ ​ខ្ញុំ​ឡើង​ទៅ​ទៀត​ហើយ។​ បើ​អត់​ដោះ​ស្រាយ​ ខ្ញុំ​ឡើង​ទៅ​ទៀត​ហើយ»។

នៅ​ក្នុង​ការ​ឆ្លើយ​ឆ្លងរបស់​អភិបាល​ខេត្ត​កំពង់ស្ពឺ​ជាមួយ​លោកសឿន​តាម​ប្រព័ន្ធ ​WhatsApp ​ដែល​ VOA ​ទទួល​បាន​នោះ​ ​ លោកវ៉ី សំណាង​ អភិបាល​ខេត្ត ​ មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​ខេត្ត​នឹង​ព្យាយាម​ទ្វេ​ដង​ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​ដោយសារ​តែ​ប្រជា​ពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​មានប្រសាសន៍​ថា៖​

«ហើយ​កុំ​ភ័យ ​ពួក​ខ្ញុំ​ដឹង​តែ​ធ្វើ​ជូន​បង​ឯង​ទ្វេ​ដង​ហើយ ​ព្រោះ​ប្រជា​ពលរដ្ឋ​ទាំង​អស់​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​អស់​ហើយ​ហ្នឹង។​ អីចឹង​អាហ្នឹង​ ​ខ្ញុំ​ត្រូវ​បម្រើ​ក្រុម​បង​ឯង​លើស​មុន​ទៀត»។​

លោក ព្រហ្ម សុធី អាយុ៥៣ឆ្នាំ តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់​ (ស៊ុន ណារិន/VOA)

នៅ​ក្នុង​ឃុំ​ត្រពាំង​ជោរ​នេះ​ដែរ ​លោកព្រហ្ម សុធី ​អាយុ​៥៣​ឆ្នាំ ​ដែល​ធ្លាប់​បម្រើ​ការ​នៅ​កង​អង្គរក្ស​ការពារ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ក៏​បាន​បាត់​បង់​ដី​ជិត​១០​ហិកតា​ទៅ​ក្រុមហ៊ុន​ស្ករ​អំពៅ​ផង​ដែរ។ ​លោកសុធី ​ដែល​ជា​តំណាង​អ្នក​តវ៉ា​ដី​ធ្លី​ ក៏​ត្រូវ​បាន​សន្យា​ដោយ​អាជ្ញាធរ​ដែរ​ថា ​ពួកគេ​នឹង​ដោះ​ស្រាយ​ដីធ្លី​ឲ្យ​អ្នក​ភូមិ​ ប្រសិន​បើ​ឈ្នះ​ការ​បោះ​ឆ្នោត។​

លោក​មាន​ប្រសាសន៍​ថា៖​

«ឃុំ​អី​ ស្រុក​អី​ គេ​ចេះ​តែ​មក​ប្រមូល​ប្រជា​ពលរដ្ឋ​ប្រជុំ​ថា​ បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រជាជន​មក ​គេ​ដោះ​ស្រាយដី​ធ្លី ​អីចឹង​មក​ណា៎។ លួ​ងៗ ​ភរៗ​រហូត​អីចឹង​មក»។​

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ព្យាយាម​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ប្រជា​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ច្រើន ​ខណៈ​អវត្ត​មាន​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​ ខែ​កក្កដា។ ​ប្រជាជន​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ទៅ​ដល់​៨២​ភាគ​រយ ​ខណៈ​គណបក្ស​កាន់​អំណាច​ទទួល​បាន​សំឡេង​៧៧​ភាគរយ​គឺ​ ​ស្មើ​នឹងឈ្នះ​អាសនៈ​សភា​ទាំង​អស់។​

លោកសុធី​មាន​ប្រសាសន៍​ថា ​ប្រជា​ពលរដ្ឋ​ ដែល​មាន​ជម្លោះ​ដី​ធ្លី​ខ្លះ​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​សង្ឃឹម​ថា ​នឹង​មាន​ដំណោះ​ស្រាយ​ដី​ធ្លី​ជូន​ពួកគេ។ ​លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​សំឡឹង​មើល​អាណត្តិ​នេះ​ បើ​សិន​ជា​មាន​សង្រ្គោះ​ជាតិ ​ក៏​អត់​បោះ​ឲ្យ​គណបក្ស​ប្រជាជន​ដែរ។ ​គេ​មក​សន្យា​ហើយ ​សន្យា​ទៀត​អីចឹង​ទៅ។​ អត់​មាន​បក្ស​ណា​ជា​សម្អាង។​ ចេះ​តែ​គូស​ទៅ!»។​

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ប្រសិន​បើ​លោក​នៅ​សល់​ដី​ដែល​បាត់​បង់​នោះ ​ជីវភាព​របស់​លោក​នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើ​សិន​ជា​ដី​ខ្ញុំ​ហ្នឹង​នៅ​សល់​ គេ​កុំ​យក ​ខ្ញុំ​មិន​បាច់​លក់​ដី។ ​ខ្ញុំ​លក់​តែ​ផ្លែ​ឈើ​ខ្ញុំ ​ក៏​មាន​ឡាន​ស៊េរី​ខ្ពស់​ជិះ​ហ្នឹង​គេ​ដែរ»។​

លោក​បញ្ជាក់​ថា ​មុន​ដី​របស់​លោក​ត្រូវ​បាន​ឈូស​ឆាយ​ដោយ​ក្រុមហ៊ុន​ លោក​បាន​ដាំ​ដើម​ធូរ៉េន ​ស្វាយ ​និង​ក្រូច​ឆ្មារ​រាប់​សិប​ដើម។​

VOA ​មិន​អាច​សុំការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ​បាន​នៅ​ឡើយ​ទេ។​ ក្រុម​ហ៊ុន​ស្ករ​អំពៅ​បាន​វិនិយោគ​លើ​ដី​ចំនួន​៩​ពាន់​ហិកតា​ ដើម្បី​ដាំ​អំពៅ ​និង​បាន​ជួយ​ឃុំ​ឲ្យ​មាន​ផ្លូវ ​ប្រព័ន្ធ​ភ្លើង​ និង​ទឹក​ស្អាត​ជា​ដើម។ ​នេះ​បើ​យោង​តាម​គេហ​ទំព័រ​របស់​ក្រុមហ៊ុន។

បើ​យោង​តាម​លោកសុធី ​ប្រជា​ពលរដ្ឋ​ប្រមាណ​៣​ពាន់​គ្រួសារ​នៅ​ក្នុង​ឃុំ​ត្រពាំង​ជោរ​មិន​ទាន់​ទទួល​បាន​សំណង​នៅ​ឡើយ​ទេ ​ដោយសារ​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដំឡូង​មី និង​ស្ករ​អំពៅ។​

លោកវ៉ន ឡាង ​អតីត​ជំទប់​ទី​២ ​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី ​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​សង្រ្គោះ​ជាតិ ​កាល​ពី​កា​របោះ​ឆ្នោត​ខែ​មិថុនា​ ឆ្នាំ​២០១៧។​

លោក​ទូច ណែម ​មេឃុំ​ត្រពាំង​ជោរ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​ទទួល​ស្គាល់​ថា​ បញ្ហា​ដីធ្លី​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មូលដ្ឋាន។ ​លោក​បន្ថែម​ថា ​សន្លឹក​ឆ្នោត​បោះ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ឃុំ​របស់​លោក​គឺ​តិច​ជាង​ឃុំ​ដទៃ​ទៀត​សម្រាប់​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា។​

លោក​មាន​ប្រសាសន៍​ថា៖​

«ឃុំ​ខ្ញុំ​ចាញ់​គេ​ ​បាន​តែ​៦៥​ភាគ​រយ​ដែល​គាត់​មក​បោះ​ឆ្នោត។ ​ឃុំ​គេ​ដ​ទៃ​ គេ​បាន​៧០​ភាគរយ​អី។​ ខ្ញុំ​អត់​មាន​បាន​លេខ​នឹង​គេ​ទេ ​ឆ្នាំ​នេះ»។​

ការ​សោក​ស្តាយ​ធំ​បំផុត​របស់​លោក​ ហ៊ុន សែន​ គឺ​ជម្លោះ​ដីធ្លី

​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​វីដេអូ​មួយ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៥​ជាមួយ​ផលិត​ករ​ភាព​យន្ត​អាមេរិក​ម្នាក់​ឈ្មោះ​ Robert H. Lieberman​ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​បាន​មាន​ប្រសាសន៍​ដោយ​ស្មោះត្រង់​ថា ​បញ្ហា​ដីធ្លី​គឺ​ជា​ការ​សោក​ស្តាយ​ធំ​បំផុត​របស់​លោក។​

លោក​ហ៊ុន សែន​បាន​ថ្លែង​ថា៖​

«ការ​សោកស្តាយ​ធំ​ជាង​គេ​របស់​ខ្ញុំ ​គឺ​កំណែ​ទម្រង់​ដី​ធ្លី​យឺត​យ៉ាវ​ និង​កំណែ​ទម្រង់​ដី​ធ្លី​និង​ការ​ដោះស្រាយ​ដីធ្លី ​ដោយ​ធ្វើ​ឲ្យ​មាន​ជម្លោះ​កើត​ឡើង ​គឺ​កំណែ​ទម្រង់​ដីធ្លី​នៅ​ក្នុង​ទស​វត្សរ៍​៨០។​ ពេល​នោះ​គួរ​ណាស់​តែ​យើង​ផ្តល់​កម្ម​សិទ្ធិ​ដីធ្លី​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​លឿន​ជាង​នេះ។ ​ប៉ុន្តែ​យើង​បែរ​ជា​ពន្យារ​ពេល​រហូត​ទៅ​ដល់​១០​ឆ្នាំ»។​

លោក​ហ៊ុន សែន​បាន​លើក​ឡើង​បែប​នេះ ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូវយ៉ក ​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នៅ​អង្គការ​សហ​ប្រជាជាតិ។​

របប​ខ្មែរ​ក្រហម​កាប់​សម្លាប់​បាន​បញ្ចប់​ការ​កាន់​កាប់​ដី​ឯកជន​នៅ​ក្នុង​ប្រទេស​ចាប់​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​ នៅ​ពេល​របប​មួយ​នេះ​ដួល​រលំ​ក្នុង​ឆ្នាំ​១៩៧៩​ ប្រជាជន​ភាគ​ច្រើន​បាន​ទៅ​រស់​នៅ​ជនបទ​ ហើយ​ភ្លាមៗ​ ​ពួក​គេ​មិន​បារម្ភ​អំពី​ការ​កាន់​កាប់​ដី ​ដោយ​មាន​ប្លង់​កម្ម​សិទ្ធិ​អ្វី​នោះ​ទេ។​ ប៉ុន្តែ​យូរៗ​ទៅ​ តម្រូវ​ការ​នៃ​ប្រព័ន្ធ​កាន់កាប់​ដី​ស្រប​ច្បាប់​កើត​មាន​ឡើង។​

ដោយសារ​ការ​ផ្តល់​ដី​សម្បទាន​របស់​រដ្ឋាភិបាល ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាន់​តែ​ច្រើន​ចាប់​ពី​ឆ្នាំ​២០០០​ លោក​ហ៊ុន សែន​បាន​លើក​ឡើង​ថា ​កម្សោយ​នៃ​ការ​អនុវត្ត​របស់​មន្រ្តី​ថ្នាក់​ក្រោម​បានធ្វើ​ឲ្យ​មាន​បញ្ហា​ជម្លោះ​ដីធ្លី​កើត​ឡើង។​ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​អ្នក​វិនិយោគ​ រហូត​ដល់​ជិត​១​ម៉ឺន​ហិកតា ​សម្រាប់​ក្រុមហ៊ុន​មួយ ​ដែល​ពួកគេ​អាច​គ្រប់គ្រង​បាន​រយៈ​ពេល​៩៩​ឆ្នាំ។​ រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​សរុប​ប្រមាណ​២៧០​ក្រុមហ៊ុន​ ហើយ​ដី​ប្រមាណ​២​លាន​ហិកតា​បាន​រង​ផល​ប៉ះពាល់។​

លោក​ហ៊ុន សែន​ចាត់​ទុក​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ដីធ្លី​នេះ​គឺ​ជា​ការ​សោក​ស្តាយ​របស់​លោក​មួយ។​ លោក​មាន​ប្រសាសន៍​ថា៖​

«ចំណុច​ទី​ពីរ​គឺ​ជា​ចំណុច​ដែល​យើង​សោកស្តាយ​គឺ​នៅ​ពេល​ដែល​យើង​បាន​ចាប់​ផ្តើម​ផ្តល់​នូវ​សម្បទានដី​ធ្លី​គេ​ហៅ​ថា​ សម្បទាន​ដី​សេដ្ឋកិច្ច​ក៏​បាន​ធ្វើ​ឲ្យ​មាន​ជម្លោះ​កើត​ឡើង ​ដោយសារ​យើង​ត្រួត​ត្រា​សភាព​ការណ៍​នេះ​មិន​បាន​ដិត​ដល់ ​ជាមួយ​នឹង​មន្រ្តី​ថ្នាក់​ក្រោម​របស់​យើង»។​

បើ​ទោះ​ជា​មាន​ការ​សោកស្តាយ​ទៅ​លើ​ជម្លោះ​ដីធ្លី​ក៏​ដោយ ​លោក​ហ៊ុន សែន​ ​បាន​លើក​ឡើង​ថា ​ប្រជាជន​មួយ​ចំនួន​ដែល​តវ៉ា​រឿង​ដីធ្លី ​បាន​ដើរ​តួ​ធ្វើ​ជា​ជន​រង​គ្រោះ។​

លោក​ហ៊ុន សែន​បាន​ថ្លែង​ថា៖​

«រឿង​នេះ​មាន​ចំណុច​ខ្លះ ​ក្រុមហ៊ុន​បាន​ធ្វើ​បំពាន។ ​ប៉ុន្តែ​មាន​ចំណុច​ខ្លះ ​នៅ​កម្ពុជា​ មាន​ចំណុចអញ្ចេះ។​ ឈ្នះ​បានដី ​ចាញ់​បាន​លុយ។ ​នៅ​ពេល​ជួន​កាល​ ​មួយ​យប់​ គេ​អាច​កសាង​ផ្ទះ​បាន​២០០​ផ្ទះ។ ​អីចឹង​តើ​លោក​ជឿ​បាន​ថា​ មួយ​យប់​គេ​អាច​កសាង​ផ្ទះ​បាន​២០០​ផ្ទះទេ?​ នេះ​ហើយ​ជា​យុទ្ធវិធី​របស់​ក្រុម​មនុស្ស​ខិលខូច​មួយ​ក្រុម​ ដើម្បី​គេ​អាច​បាន​ដី។ ​បើសិន​ជា​ឈ្នះ ​គេ​បាន​ដី ​បើចាញ់​ បាន​លុយ»។​

ក្រុម​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា​ ប្រជាជន​រាប់ពាន់​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​ ដោយ​សារ​ការ​ផ្តល់​ដី​សម្បទាន ​ហើយ​រដ្ឋាភិបាល​មិន​បាន​ផ្តល់​សំណង​សមរម្យ​នោះ​ទេ។ ​ប៉ុន្តែ​លោក​ហ៊ុន សែន​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ​ ដោយ​អះអាង​ថា​ រដ្ឋាភិបាល​របស់​លោក​បាន​ផ្តល់​សំណង​សមរម្យ​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ​ប៉ុន្តែ​ពួកគេ​នៅ​តែ​ចង់​បាន​ប្រាក់​បន្ថែម​ទៀត ​ដោយ​សារ​ដី​ចេះ​តែ​ឡើង​ថ្លៃ។

លោក​មាន​ប្រសាសន៍​ថា៖​

«បើ​សិន​ជា​យើង​គិត​ឲ្យ​បាន​ដិត​ដល់​ ដី​ឡើង​ថ្លៃ​រហូត។ ​ខ្ញុំ​សូម​ជម្រាប​អញ្ចេះ នៅ​ពេល​ដែល​យើង​ចាប់​ផ្តើម​ដោះស្រាយ​គោល​នយោបាយ​ឲ្យ​គេ ​គេ​ទទួល​យក​នៅ​ពេល​នោះ។​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ដី​វា​ឡើង​ថ្លៃ ​គេ​ក៏​ចាប់ផ្តើម​មក​ទារ​លុយ​បន្ថែម។​ តើ​រឿង​នេះ​ បើសិន​ជា​លោក​វិញ​ លោក​ដោះស្រាយ​យ៉ាង​ម៉េច​ដែរ?​ បើ​សិន​ជា​លោក​ជា​ខ្ញុំ?​ ​នៅ​ពេល​ឆ្នាំ​២០០០តម្លៃ​ដី​ធ្លី ​គេ​ដោះ​ស្រាយ​ប៉ុណ្ណឹង។ ​ដល់​ទៅ​ពេល​ឆ្នាំ​២០១៥​ ​តម្លៃ​ដីធ្លី​ ​កន្លែង​ហ្នឹង ​វា​ឡើង។ ​អីចឹង​គេ​មក​ទារ​លុយ​ថែម។​ បើ​អីចឹង​គ្រប់​ទី​កន្លែង​យើង​ដើរ​ ​តើ​ចំនួន​បែប​នេះ ​លោក​អាច​ទទួល​យក​ទៅ​កើត​ទេ»។​

លោក​ហ៊ុន សែន​បាន​បន្ថែម​ថា៖​

«ខ្ញុំ​មិន​មែន​កាន់​ជើង​អ្នក​មាន ​ហើយ​ក៏មិន​មែន​កាន់​ជើង​អ្នក​ក្រ​ដែរ។ ​ក៏​ប៉ុន្តែ​កន្លែង​ខ្លះ​ វា​លំបាក»។​

«គណបក្ស​ប្រជាជន​កម្ពុជា​ជា​ម៉ែ​ឪ​យើង»

លោកហៃ ហ៊ុំ ​អាយុ​៤១​ឆ្នាំ ​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ចំបក់ ​បាន​បាត់​បង់​ដី​ជិត​១ហិកតា ​ទៅក្រុមហ៊ុន​ដាំ​ដំឡូង ​HLH Agriculture។ ​លោក​ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​សៀវភៅ​គ្រួសារ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​លោក​ត្រូវ​បាន​ផ្តល់​ថវិកាចំនួន​៣ម៉ឺន​រៀល​ចំនួន​៣​ដង​នៅ​មុន​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា។​

លោក ហៃ ហ៊ុំ អាយុ៤១ឆ្នាំ ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន HLH Agriculture Cambodia។ បើទោះបាត់បង់ដីធ្លីជិត១០ឆ្នាំមកហើយ លោកមានប្រសាសន៍ថាលោកនៅតែបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដោយចាត់ទុកគណបក្សកាន់អំណាចមួយនេះ ជា«ម៉ែឪ» (ស៊ុន ណារិន/VOA)

លោក​មាន​ប្រសាសន៍​ថា ​លោក​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​តាំង​ពី​ដើម​មក​ បើ​ទោះ​លោក​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​រឿង​ដី​ធ្លី​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ដោយ។

លោក​បាន​ថ្លែង​ប្រាប់​ VOA​ថា៖​

«បោះ​ឲ្យ​សម្តេច​ហ៊ុន សែន។​ និយាយ​រួម ​តាំងពី​៩៣​(ឆ្នាំ​១៩៩៣) ​មិន​ដែល​ចោល​គាត់​ទេ។ ​នៅ​គាំទ្រ​គណបក្ស​ប្រជាជន​ដដែល។​ ឲ្យ​ដូរ​ទៅ​ណា! ​ម៉ែ​ឪ​យើង​ហើយ!»។​

ទោះ​ជា​យ៉ាងណា​ លោក​សង្ឃឹម​ថា​ រដ្ឋាភិបាល​នឹង​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ឲ្យ​រូប​លោក​នៅ​ក្នុង​ឆ្នាំ​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាលជួយ​ដោះស្រាយ​ឆាប់ៗ។ ​ដី​ខ្ញុំ​៩០​អា​(៩​ពាន់​ម៉ែត្រ​ការ៉េ) ​ខ្ញុំ​ចង់​បាន​ដី​ខ្ញុំ​មក​វិញ»។​

គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​«គណបក្ស​ផ្តល់​ជីវិត​ថ្មី»​ដល់​ប្រជាជន​កម្ពុជា ​ដោយសារ​គណបក្ស​មួយ​នេះ​បាន​រំដោះ​កម្ពុជា​ចេញ​ពី​របប​កាប់​សម្លាប់​ប៉ុល ពត។​ ​

លោកទូច ណែម ​មេឃុំ​ត្រពាំង​ជោរ ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា ​លោក​បាន​ចេញ​ឯកសារ​បញ្ជាក់​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​រួច​ហើយ ​រង់​ចាំ​តែ​ការ​ដោះ​ស្រាយ​ពី​ថ្នាក់​លើ​នោះ​ទេ។ ​លោក​មាន​ប្រសាសន៍​ថា៖ ​

«អត់​ដឹង​ទេ ​អា​នេះ​ទាល់​តែ​សួរ​ក្រសួង​[ក្រសួង​ដែនដី]។ ​ប៉ុន​ខ្ញុំ​ម៉េច​ដឹង? ​តែ​ខ្ញុំ​បាន​ស៊ីញ៉េ​សាលាកប័ត្រ​ដែល​គាត់​បាន​ទៅ​ធ្វើ​ជាមួយ​ក្រសួង​ដែនដី ​ខ្ញុំ​បាន​ស៊ី​ញ៉េ​ជូន​ពួកគាត់​អស់​ហើយ។​ តែ​ថា ​អា​រឿង​ដោះ​ថ្ងៃ​ណា ​ថ្ងៃ​ណា​អី ​អា​រឿង​សំខាន់​គឺ​លើ​គាត់»។​

បើ​ទោះ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​បញ្ហា​ដី​ធ្លី​ក៏​ដោយ ​មេឃុំ​រូប​នោះ​មាន​ប្រសាសន៍​ថា ​ប្រជា​ពលរដ្ឋ​របស់​លោក​ក៏​អាច​រក​ចំណូល​បាន​ពី​ការ​ធ្វើ​ការ​ស៊ី​ឈ្នួល​ឲ្យ​ក្រុមហ៊ុន​ដំឡូង​ និង​ស្ករ​អំពៅ​ផង​ដែរ។ ​បើ​តាម​មេឃុំ ​នៅ​ក្នុង​ឃុំ​របស់​លោក​មាន​ប្រជា​ពលរដ្ឋ​ជាង​៣​ពាន់​គ្រួសារ ​ត្រូវ​នឹង​ជាង​១ម៉ឺន​នាក់។​

អ្នក​រង​គ្រោះ​ដីធ្លី​បាន​លើក​ឡើង​ថា​ ពួកគេ​នឹង​បន្ត​តវ៉ា​រហូត​ដល់​មាន​ដំណោះ​ស្រាយ។​ ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​គឺ​លោក​ឈុំ​ដែល​បាន​ស៊ី​ឈ្នួល​ដាំ​ដំឡូង​ឲ្យ​ក្រុម​ហ៊ុន​ដែល​លោក​មាន​ជម្លោះ​ដីធ្លី​ជាមួយ ​មាន​ប្រសាសន៍​ថា​ លោក​នឹង​ចូល​រួម​ជាមួយ​តំណាង​សហគមន៍​គឺ​លោកសឿន ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​ ដើម្បី​តវ៉ា​សុំ​ដំណោះ​ស្រាយ​ដី​ធ្លី​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖

«អារម្មណ៍​ម៉េច​ អារម្មណ៍​ថា​ តស៊ូ ​ដី​ខ្ញុំ​អត់​បាត់​បង់​ទេ។ ​ខ្ញុំ​អត់​មាន​ទាន់​បាន​ទទួល​លុយ​គេ​ទេ​។​ ខ្ញុំ​ដឹង​តែ​តស៊ូ​យក»៕ ប្រភព៖ VOA