​​ភ្នំពេញ ​៖ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ សរុប​ទំងន់​ប្រមាណ​១៧​តោន ក្នុងផ្ទះ លេខ​AB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​មន្ត្រី​នគរបាល​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានឱ្យដឹងថា ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ដដែល​បាន​បន្តថា ក្នុង​ពេល​ចូល​បង្ក្រាប​បទល្មើស​នេះ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ជា​ម្ចាស់​ទីតាំង​ផលិត និង​វេច​ខ្ចប់ គឺ​លោកស្រី សុខ វួ​ចលី​ន អាយុ​៤១​ឆ្នាំ​។​

​ជាមួយគ្នា​នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ ក៏​បាន​រកឃើញ​ភស្តុតាង​មួយចំនួន រួមមាន​៖ ប៊ីចេង​បាវ​ស​ចំនួន​៣៥២​បាវ ប៊ីចេង​បាវ​គគីរ​ចំនួន​១២៥​បាវ ប៊ីចេង​រាយ​ម៉ាក Win Win ចំនួន ១៤០​បាវ ប៊ីចេង​ច្រក​រួច (500g)​ចំនួន ៣២​បាវ ប៊ីចេង​ច្រក​រួច​ម៉ាក Gold Cup ចំនួន ៤៧​កេស ប៊ីចេង​រូប​វែក (250g) ម៉ាស៊ីនដេរ​ម៉ាត់​បាវ ២​គ្រឿង ម៉ាស៊ីន​អ៊ុត​ម៉ាត់​ថង់ ១​គ្រឿង ម៉ាស៊ីន​រុំខ្សែ និង​កាត់​ខ្សែ​ចំនួន ២​គ្រឿង ជញ្ជីង​ថ្លឹង ២​គ្រឿង បាវ​រូប​វែក ៩៣​បាវ និង​ប៊ីចេង​រាយ​មិនទាន់​វេច​ខ្ចប់​មួយចំនួន​ទៀត​ទម្ងន់​សរុប ១៧​តោន​។​

​ក្រោយ​ពី​ការត្រួតពិនិត្យ និង​តាម​ការសម្រេច​របស់​លោក​ព្រះរាជអាជ្ញារង កម្លាំង​សមត្ថកិច្ច​ក៏បាន​សម្រេច​ដក​ហូត និង​រក្សា​ទុក​ឃ្លុំបេ​បិទ​ទីតាំង​ខាងលើ ហើយ​បាន​នាំខ្លួន​ម្ចាស់​ទីតាំង​ឈ្មោះ សុខ វួ​ចលី​ន មក​សាកសួរ​បំភ្លឺ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មុន​បន្ត​នីតិវិធី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕ ​