​ខេត្ត​ព្រះសីហនុ​ ៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ អោយដឹងថា កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់ ពាក់​ពន្ធ័​បទល្មើស​គ្រឿងញៀន ២​ករណី​ផ្សេងៗ​គ្នា​៖

– ករណី​ទី​១ នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥ និង​២០ នាទី ឃាត់ខ្លួន​ជន​ជាតិចិន​ចំនួន​០២ នាក់ នៅពេល​កម្លាំងចំរុះ​ចុះ​ត្រួតពិនិត្យ​ឆែក​អាវុធជាតិផ្ទុះ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្នុង​សង្កាត់ លេខ​៤​ក្រុងព្រះសីហនុ ទី​១-​ឈ្មោះ YANG REN CHEN ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​សណ្ឋាគារ​ខ្សាច់​ស ជា​អ្នកបើកបរ (​ពុំ​មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​) និង​ទី​២-​ឈ្មោះ JIANG LIU YAN ភេទ​ស្រី អាយុ ២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍​ជា​អ្នករួមដំណើរ កាន់​លិខិតឆ្លងដែន​លេខ G61047083​។​

សមត្ថកិច្ច​វត្ថុតាង​ដកហូត​បាន មាន​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ៤៣​កញ្ចប់ ( ១​កញ្ចប់​ធំ និង​៤២​កញ្ចប់​តូច ) ,​បំពង់​សា​រ៉ាង​មាន​ពណ៌​ក្រហម​ចំនួន ១៤ ,​ទូរ​សព្ទ័​ចំនួន ០១ គ្រឿង និង រថយន្ត ១​គ្រឿង ម៉ាក LEXUS 330​។​

– ករណី​ទី​២: នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​ជាង​៣​រសៀល ឃាត់ខ្លួន​ជន​ជាតិចិន ម្នាក់​ឈ្មោះ CUI YAN FEI ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EB 5537894 មុខរបរ​អាជីវករ​។​

សមត្ថកិច្ច បន្តថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​រូបនេះ ពេល​ដែល​រូបគេ​បាន​ទៅ​យក​រថយន្ត​នៅ​ក្លឹប​ខារ៉ាអូខេ ស៊ី​ង​តុ​ហ្វាង (​ទីតាំង​ដែល​បាន​បង្ក្រាប​ករណី​គ្រឿងញៀន កាលពី​យប់​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៨ ) ស្ថិតនៅ​សង្កាត់​៣ ក្រុងព្រះសីហនុ ដោយ​ឆែក​ក្នុង​រថយន្ត​នោះ​រក​ឃើញ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៤ កញ្ចប់​តូច , កាហ្វេ​ចំនួន ០២ កញ្ចប់​ដែល​សង្ស័យ​ជា​សារធាតុ​ញៀន ,​ជញ្ជីង​ថ្លឹង​ចំនួន ០១ , ថង់​សំរាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ។​

ករណី​ទាំង​ពីរ​ខាងលើនេះ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា ដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕