បាត់ដំបង ៖ លោក​ផែង វណ្ណៈ ជា​មន្ត្រី​យោធា និង​អ្នកលេង​ហ្វេ​សប៊ុក នៅ​ថ្ងៃ​ទី​២៨​ខែ​សីហា​ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា បន្ទាប់​ពី​បែកធ្លាយ​នូវ​រឿងអាស្រូវ របស់​លោក​អធិការ​ស្រុក​រតនមណ្ឌល និង​មន្ត្រីក្រោមឱវាទ ជំរិត​ទារលុយ​ពី​បុរស​ម្នាក់​ចំនួន​១.២០០​ដុល្លារ ដើម្បី​បិទ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវបាន​លោក​ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ដក​លោក​វរសេនីយ៍ឯក សន និល ពី​អធិការ ដាក់​លោក ផាន់ ឡុង អធិការរង ទទួលបន្ទុក​សណ្ដាប់ធ្នាប់ ស្រុក​រតនមណ្ឌល ឡើង​អធិការ​ស្ដីទី ។​

Loading...

​លោក​ផែង វណ្ណៈ បានបញ្ជាក់​ថា “​នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨ ខ្ញុំបាទ រួម​ទាំង​បងប្អូន​ក្រុមការងារ​មនុស្សធម៌ ប្រចាំ​ខេត្ត​បាត់ដំបង បាន​ចុះ​ទៅ​ជួប​សួរសុខទុក្ខ ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​លោក​អធិការ​ស្រុក​រតនមណ្ឌល​ចាប់ជំរិត​នៅ ភូមិ​ត្រែង ឃុំ ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង និង​បាន​នាំយក​ថវិកា​ចំនួន ៥០០០០០ រៀល​ទៅ​ជូន​គ្រួសារ​គាត់​ដែល​មាន​ជីវភាព​ក្រីក្រ ។ បន្ទាប់ពី​ចេញពី​ជួប​ប្រជាពលរដ្ឋ ខ្ញុំ​បាន​ឆ្លៀត​មក​ជួប​លោក​ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ បានឲ្យដឹងថា លោក​មិន​យោគយល់ ចំពោះ​កំហុសឆ្គង របស់លោក​វរសេនីយ៍ឯក សន និល អធិការនគរបាល​ស្រុក​រតនៈមណ្ឌល ដែល​ធ្វើបាប​រាស្ត្រ​នោះទេ “​។​

​បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ​នេះ លោក​ឧត្ដមសេនីយ៍ទោ ស្នងការ បាន​បញ្ជា​ឲ្យ​លោក សន និល យក​លុយ​មក​ប្រគល់ជូន ជនរងគ្រោះ​វិញ​ជាបន្ទាន់ ។ នៅ​រសៀល​ថ្ងៃ​ទី ២៧ ខែ សីហា ឆ្នាំ ២០១៨ លោក សន និល បាន​យក​ថវិកា​ចំនួន ១២០០ ដុល្លារ ដែល​លោក​ជំរិត​យក​ពី​ប្រជាពលរដ្ឋ ស្លូតត្រង់ គ្មាន​កំហុស​មក​ប្រគល់ជូន ប្រជាពលរដ្ឋ​វិញ ។​

​បន្ទាប់ពី​លោក​សន និល បាន​ប្រគល់​លុយ​ជូន​ជនរងគ្រោះ​វិញ លោក​ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​ដក​លោក សន និល មក​នៅ​ការិយាល័យ​បុគ្គលិក ហើយ​បាន​តែងតាំង​លោក ផាន់ ឡុង អធិការរង​ទទួល​បន្ទ​ក​សណ្ដាប់ធ្នាប់ ឡើង​ជា​អធិការ​ស្ដីទី បណ្ដោះអាសន្ន​រង់ចាំ​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​អគ្គស្នងការ និង ក្រសួងមហាផ្ទៃ ។​

​ពេលនេះ​លោក​វរសេនីយ៍ឯក សន និល បាន​ស្ថិតនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដើម្បី​រង់ចាំ​ក្រុម​ការងារ ស្រាវជ្រាវ សាកសួរ​កសាង​សំណុំរឿង សុំ​យោបល់​ទៅ​ថ្នាក់ដឹកនាំ​ខាងលើ ។​

​លោក​ផែង វណ្ណៈ បាន​លើកឡើង​ថា ករណីនេះ មាន​ម្ចាស់​អា​ខោ​ន Facebook scoopy scoopy នៅ​បាត់ដំបង ដែល​ចេញ​មុខ​កាង លោក សន និល អធិការនគរបាល​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ។ ម្ចាស់​អា​ខោ​ន​នេះ បាន​ខំ​មិន​គំរាមថា អ្នក​សូក និង អ្នក​ស៊ីសំណូក មាន​ទោស​ដូច​គ្នា ដែល​ក្នុងន័យនេះ គេ​ចង់​ព្រមាន​ជនរងគ្រោះ កុំឲ្យ​ប្ដឹង​លោក​អធិការ ។ តែ​បុរស​ម្នាក់​នេះ ភ្លេច​គិត​ថា ទង្វើ​របស់ លោក សន និល អធិការនគរបាល​ស្រុក​រតនមណ្ឌល គឺជា​ករណី​ចាប់​រាស្ត្រ​ស្លូតត្រង់​ជំរិត​យកលុយ​ដែល​ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បំផុត មិន​អាច​យោគយល់​បាន​ទេ ។ បើ​គ្មាន​ការផ្សព្វផ្សាយ​ទង្វើ​ថោកទាប​របស់ សន និល តាម​សារព័ត៌មាន ឬ តាម Facebook ទេ មិនដឹងថា រាស្ត្រ​វេទនា​យ៉ាងណាទេ ។ ឥឡូវ​លោក Scoopy Scoopy ឆ្លើយ​មក​ថា ហេតុអ្វី​បាន​លោក សន និល ក្អួត​លុយ​ដែល​ជំរិត​រាស្ត្រ​មក​ឲ្យ​រាស្ត្រ​វិញ ? លុយ​នោះ​ជា​លុយ​អ្វី ? ទង្វើ​របស់​លោក មិន​ខុស​ពី​រួមដៃគ្នា ជាមួយ​ជនល្មើស ស្លៀក​ឯកសណ្ឋាន​កងកម្លាំង ជំរិត​ធ្វើបាប​រាស្ត្រ​នោះទេ​” ។​

​បន្ទាប់ពី​មាន​ការ​បែកធ្លាយ​រឿងអាស្រូវ​របស់​លោក​អធិការ​ស្រុក​រតនមណ្ឌល និង​មន្ត្រីក្រោមឱវាទ​ជំរិត​ទារលុយ​ពី​បុរស​ម្នាក់​ចំនួន​១២០០​ដុល្លារ ដើម្បី​បិទ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នា​រសៀល​ថ្ងៃ​ទី​២៧ សីហា នេះ លោក​សន និល អធិការនគរបាល​ស្រុក​រតនមណ្ឌល បានសម្រេច​ប្រមូល​លុយ​ទាំងអស់ យកទៅ​ប្រគល់ជូន​ឪពុក​ជនរងគ្រោះ​វិញ​គ្រប់​ចំនួន​ហើយ ។​

រាស្ត្រ​រងគ្រោះ​នៅ​ស្រុក​រតនមណ្ឌល​ចោទ​លោក សន និល អធិការ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ថា​បាន​ជំរិត​យក​លុយ​គាត់ ១.២០០ ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង​កូន​គាត់ ដែល​គ្មាន​កំហុស​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ។ ប៉ុន្តែ​លោក សន និល បាន​បដិសេធថា គាត់​មិន​បាន​យក ១.២០០ ដុល្លារ​ទេ គាត់ ( សន និល ) ទទួលបាន​តែ ៣ លាន​រៀល ទេ ។ ហេ ហេ ហេ កុំ​ថា​ឡើយ​លោក​សារភាព​ថា​ទទួលបាន ៣ លាន​រៀល ទោះបី​ទទួលបាន ១០០ រៀល ក៏​មាន​ទោស​ដែរ គឺ​បទ​ប្រើប្រាស់​តួនាទី​ចាប់​រាស្ត្រ​ជំរឹត​យកលុយ ។​

​បន្ទាប់ពី​មាន​ការ​បែកធ្លាយ​នូវ​រឿងអាស្រូវ​របស់​លោក​អធិការ​ស្រុក​រតនមណ្ឌល និង​មន្ត្រីក្រោមឱវាទ​ជំរិត​ទារលុយ​ពី​បុរស​ម្នាក់​ចំនួន​១.២០០​ដុល្លារ ដើម្បី​បិទ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នា​រសៀល​ថ្ងៃ​ទី​២៧ សីហា ។​

ឪពុក​ជនរងគ្រោះ គឺ​លោក​លី រុន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល បាន​និយាយថា លោក​សូម​អរគុណ ដែល​លោក​អធិការ​បាន​ប្រគល់​លុយ​ឱ្យ​លោក​វិញ ខណៈ​ដែល​លោក​កំពុង​ប្រឈម​នឹង​លុយ​បំណុល​នេះ ។ លោក​បាន​ទទួល​លុយ​គ្រប់​ចំនួន​ហើយ គឺ​ចំនួន​៤,៨០​លាន​រៀល ស្មើនឹង​១២០០​ដុល្លារ ហើយ​លោក​ក៏​ព្រមព្រៀង​បញ្ចប់​រឿងនេះ មិន​ប្ដឹងប្ដល់​អ្វី​ទៀត​ដែរ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​