​ភ្នំពេញ ​៖ គ្រឿងសម្អាង​ក្លែងក្លាយ​ខុសច្បាប់ ទម្ងន់ ៤,៥​តោន ដែល​ស្តុក​ទុក​ឃ្លាំង​មួយ ស្ថិតនៅ​ផ្ទះ​លេខ​១ ផ្លូវ​Q6 សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ត្រី​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន បើក​ប្រតិបត្តិការ​បង្ក្រាប ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​។​

​មន្ត្រីនគរបាល​សេដ្ឋកិច្ច​បាន​ថ្លែងប្រាប់​ថា ទីតាំង​ខុសច្បាប់​មួយ​នេះ មិន​ត្រឹមតែ​ស្តុក​គ្រឿងសម្អាង​ក្លែងក្លាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ទីតាំង​ផលិត កែច្នៃ វេច​ខ្ចប់ និង​ចែកចាយ​គ្រឿងសម្អាង​ក្លែងក្លាយ ក្នុង​កន្លែង​តែ​មួយ​។ ក្រោម​ការសម្របសម្រួល​នីតិវិធី ពី​លោក ស្រី ម៉ាក​នី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រតិបត្តិការ​មួយ​នេះ បាន​ធ្វើឡើង​នា​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់​ឈ្មោះ អ៊ុច សម្បត្តិ អាយុ​៣៣​ឆ្នាំ​។ កម្លាំង​សមត្ថកិច្ច​ចម្រុះ ក៏​បាន​រកឃើញ និង​ដកហូត​ភស្តុតាង​មួយចំនួន រួមមាន​៖ ឡេ ក្រែម សាប៊ូ និង​វត្ថុធាតុដើម​ជាច្រើន​ទៀត សរុប​ចំនួន​១៧​មុខ បើ​គិត​ជា​ទម្ងន់​ប្រមាណ ៤,៥​តោន និង​ម៉ាស៊ីន​លាយ ម៉ាស៊ីន​ច្រក ម៉ាស៊ីន​អ៊ុត ម៉ាស៊ីន​កាត់ និង​បាញ់​ខ្យល់​។​

​ក្រោយ​ពី​ត្រួតពិនិត្យ និង​តាម​ការសម្រេច របស់លោក​ព្រះរាជអាជ្ញារង កម្លាំង​សមត្ថកិច្ច​បាន​ដកហូត និង​រក្សា​ទុក នូវ​ភស្តុតាង​ដែល​រកឃើញ ព្រមទាំង​រៀបចំ​បិទ​ទីតាំង​ខុសច្បាប់ ចំណែកឯ​ជនសង្ស័យ​ជា​ម្ចាស់​ទីតាំង​ឈ្មោះ អ៊ុច សម្បត្តិ ត្រូវបាន​នាំ​ទៅ​សាកសួរ​បំភ្លឺ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មុន​បន្ត​នីតិវិធី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​