ភ្នំពេញ —នៅ​ពេល​ដែល​លោក​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ចិន​ Wang​ Yi​ ជួប​សម​ភាគី​កម្ពុជា​របស់​លោកគឺ​លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ ​សុខុន ​នៅ​ក្រៅ​កិច្ច​ប្រជុំ ​វេទិកា​តំបន់​អាស៊ាន ​ASEAN ​Regional​ Forum ​ក្នុង​ទីក្រុង​សិង្ហបុរី​ កាល​ពី​ដើម​ខែ​នេះ ​រដ្ឋាភិបាលក្រុង​ប៉េកាំង​បាន​ផ្ញើ​សារ​មួយ​ដ៏​ខ្លាំង​ក្លា៖ ​កម្ពុជា​ស្ថិត​ក្រោម​ការ​ការពារ​របស់​ប្រទេស​ចិន។​

បើ​យោង​តាម​សេចក្ដី​ប្រកាស​មួយ​របស់​ក្រសួង​ការ​បរទេស​ចិន ​ក្នុង​ជំនួប​នោះ​ ​លោក ​Wang ​Yi ​បាន​លើក​ឡើង​អំពី​ការ​គាំទ្រ​ជា​សាធារណៈ​របស់​ប្រទេស​ចិន​ចំពោះ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៩​ ខែកក្កដា ​នៅ​ប្រទេស​កម្ពុជា ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កើប​ប្រមូល​អាសនៈ​ទាំង​អស់​ចំនួន​១២៥​នៅ​ក្នុង​រដ្ឋ​សភា។​

មួយ​ផ្នែក​នៃ​សេចក្ដី​ប្រកាស​នោះ​មាន​ខ្លឹម​សារ​ដើម​យ៉ាង​ដូច្នេះ​ថា៖

«ភាគី​ចិន​តែង​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់ភាគី​កម្ពុជា​ក្នុង​ការ​ល្បាត ការពារអ្វីដែល​ជា​អធិបតេយ្យភាព ​ឯករាជ្យ​ភាព ​និង​ស្ថិរ​ភាព​របស់​ខ្លួន ​ព្រម​ទាំងកាន់​នូវ​ជំហរ​ជំទាស់​ត​ទល់​នឹង​កម្លាំង​បរទេស​នានា ​ដែល​ប្រាថ្នា​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង ​ហើយ​[ភាគី​ចិន]​នឹង​បន្ត​ផ្ដល់​នូវ​ជំនួយ​ដល់​ប្រទេស​កម្ពុជា ​ក្នុង​ការ​រក្សា​ស្ថិរភាព ​និង​ការ​អភិវឌ្ឍ​របស់​ខ្លួន»។​

ភ្លាមៗ​បន្ទាប់​ពី​គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​កម្ពុជា​បាន​ប្រកាស​លទ្ធផល​ផ្លូវ​ការ​អំពី​ការ​ទទួល​បាន​អាសនៈ​ទាំង​អស់​ក្នុង​រដ្ឋ​សភា ​របស់​គណបក្ស​ប្រជាជន​កម្ពុជានោះ​ ​បណ្ដា​មេដឹកនាំ​ចិន​នៅ​ទីក្រុង​ប៉េកាំង ​រាប់​ចាប់​តាំង​ពី​លោក​ប្រធាន​រដ្ឋ ​Xi​ Jinping ​និង​លោក​នាយក​រដ្ឋ​មន្ត្រី ​Li ​Keqiang ​បាន​ផ្ញើ​សារ​អប​អរ​ជូន​លោក​ហ៊ុន ​សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។​

ការ​បង្ហាញ​អំពី​ការ​គាំទ្រ​របស់​ប្រទេស​ចិន​ចំពោះ​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​របស់​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជានេះ​ ​កើត​មាន​ឡើង​នៅពេល​មានសំឡេង​បដិសេធ ​និង​រិះ​គន់​ពី​សំណាក់​បណ្ដា​រដ្ឋាភិបាល​បស្ចិម​លោក​ ដែល​បាន​និង​កំពុង​ចោទ​សួរ​អំពី​ភាព​ត្រឹម​ត្រូវ ​និង​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ថ្ងៃ​២៩​កក្កដា ​ដែល​រៀប​ចំ​ឡើង​ក្រោយ​ពី​ពេល​មាន​ការ​បង្ក្រាប​នយោបាយ​ដ៏​ជ្រាល​ជ្រៅ ​និង​អវត្តមាន​នៃ​គូ​ប្រជែង​ចម្បង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តក់​ក្រហល់​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ​ហើយ​សមាជិក​គណបក្ស​១១៨​រូប​ត្រូវ​ទទួល​ពិន័យឱ្យ​ស្ថិត​នៅ​ក្រៅ​សង្វៀន​នយោបាយ​រយៈពេល​៥​ឆ្នាំ។

ភ្លាមៗ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​បាន​បិទ​បញ្ចប់ដោយគណបក្ស​ប្រជាជន​កម្ពុជា​បាន​ជ័យ​ជម្នះ​ដ៏​លើស​លប់​នោះ​ ការិយាល័យ​សេត​វិមាន​របស់​លោក​ ​Donald ​Trump ​ប្រធានាធិបតី​អាមេរិក បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ភ្លាមៗ ​ដោយ​ហៅ​ការ​រៀប​ចំការ​បោះ​ឆ្នោត​ថា​ មាន​លក្ខណៈ​«មិន​សេរី ​ឬ​មិនយុត្តិធម៌»​សោះ​ឡើយ ​ហើយ​ក៏​បាន​ព្រមាន​អំពី​ការ​ចាត់​វិធាន​ការ​តប​ត​នឹង​រដ្ឋ​អំណាច​កម្ពុជា ​ទាក់​ទិន​នឹង​ការ​បោះ​ឆ្នោតខាង​លើ​ផង​ដែរ។

នៅ​ថ្ងៃ​បន្ទាប់​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ ​ប្រទេស​កាណាដា​ អូស្ត្រាលី ​អាល្លឺម៉ង់​ ​សហ​ភាព​អឺរ៉ុប​ បារាំង​ ចក្រភព​អង់គ្លេស ​និង​ស៊ុយអែត ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់ ​មានន័យ​ស្រដៀង​គ្នា​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​សេតវិមាន​ដែរ​ គឺ​សម្ដែង​ការ​មិន​គាំទ្រ​ចំពោះ​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​ខ្វះ​គូ​ប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។​

របប​ឯក​បក្ស?​

នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​ការ​បោះ​ឆ្នោត​ថ្ងៃ​២៩​កក្កដា​ថា ​ជា​ការ​បោះ​ឆ្នោត​«ក្លែង​ក្លាយ»។​

រំលង​បាន​មួយ​ថ្ងៃ​ក្រោយ​ជំនួប​ក្នុង​ទីក្រុង​សិង្ហបុរី ​រវាង​លោក ​Wang ​Yi​ និង​លោក ​ប្រាក់ ​សុខុន ​និង​ដោយ​បាន​លើក​ឡើង​អំពី​ជោគ​ជ័យក្នុងការ​បោះ​ឆ្នោត ​តាម​រយៈ​អត្រា​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ច្រើន​ជាង​៨០% ​[តួ​លេខ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត]​នោះ​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​បាន​ប្រកាស​ដោយ​ឥត​បង្អង់​យូរ​ថា ​រដ្ឋ​សភា​នឹង​ត្រូវ​កោះ​ប្រជុំ​ក្នុង​ខែ​កញ្ញា ​ដើម្បី​រៀប​ចំ​បោះ​ឆ្នោត​បង្កើត​គណៈ​រដ្ឋមន្ត្រី​ថ្មី។

បើ​តាម​ការ​គ្រោង​ទុក ​ព្រះ​មហា​ក្សត្រ ​ព្រះបាទ ​នរោត្តម ​សីហមុនី​ទ្រង់​នឹង​យាង​ចូល​រួម​ជាព្រះ​រាជា​ធិបតីភាព​ ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា ​ថ្ងៃទី​៥ ​ខែ​កញ្ញា។ ​នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ព្រះ​បរម​រាជវាំង។ ​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​លើ​សមាស​ភាព​គណៈ​រដ្ឋ​មន្ត្រី​ថ្មី ​សមាសភាព​ថ្នាក់​ដឹក​នាំ​រដ្ឋ​សភា​ថ្មី​នឹង​ត្រូវ​ធ្វើ​ឡើង​ព្រម​គ្នា​នា​ថ្ងៃ​ទី៦ ​ខែកញ្ញា ​ហើយ​សម័យ​ប្រជុំ​ដំបូង​នៃ​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៧ ​ខែ​កញ្ញា។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​ដែល​កាល​ពី​ថ្ងៃទី​១៧ ​ខែកញ្ញា ​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ត្រាស់​បង្គាប់ ​ចាត់​តាំង​ជា​នាយក​រដ្ឋ​មន្ត្រី​សារ​ជា​ថ្មី ​បាន​ប្រកាស​ថា ​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋ​សភា ​និង​រដ្ឋាភិបាល​ថ្មី​ត្រូវ​ការ​ត្រឹម​តែ​ការ​ប្រោស​ព្រះរាជ​ទាន​ពី​សំណាក់​ស្ថាប័នព្រះរាជ​បល្ល័ង្គ ហើយមិន​ចាំ​បាច់​មាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​បរទេស​ណា​មួយនោះ​ទេ។​

លោក​ហង្ស ​វិទូ ​អ្នក​អត្ថា​ធិប្បាយ​នយោបាយ ​បាន​លើក​ឡើង​ថា ​រយៈ​កាល​ថ្មី​នេះ​ ​វា​ហាក់​ដូច​ជា​ច្បាស់​ណាស់​ថា ​កម្ពុជា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ទាំង​អស់​ក្លាយ​ជា​ប្រទេស​ដែល​ដឹក​នាំ​ដោយ​គណបក្ស​តែ​មួយ​គត់។​

«ទោះ​បី​ជា​យ៉ាង​ម៉េច​ក៏​ដោយ ​ប្រទេស​កម្ពុជា​មិន​អាច​មាន​គណបក្ស​ណា​ផ្សេង​ដឹក​នាំ ​ក្រៅ​ពី​គណបក្ស​ប្រជាជនកម្ពុជា ​បើ​យើង​និយាយ ​ក្នុង​អាណត្តិ​ហ្នឹង​ណា៎។ ​ចង់​ មិន​ចង់​ មាន​តែ​គាត់​ហ្នឹង​ហើយ»។​

ក្នុង​បទ​វិចាណកថា​មួយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​កាសែត​រស្មី​កម្ពុជា ​កាល​ពី​ដើម​ខែ​សីហា​នេះ​ ​លោកសាយ ​សំអាល់ ​ រដ្ឋ​មន្ត្រី​បរិស្ថាន​ដែល​ស្ថិត​ក្នុង​ចំណោមសមាជិក​ជាន់​ខ្ពស់​នៃ​ក្រុម​អ្នក​ដឹក​នាំ​បន្ត​វេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​លើក​ឡើង​អំពី​ភាព​វិជ្ជមាន ​និង​បទ​ពិសោធ​ដែល​ធ្លាប់​មាន​នៅ​ប្រទេស​ដទៃ ​អំពី​ការ​អនុវត្ត​របប​«ប្រជា​ធិបតេយ្យ​ក្នុង​បរិបទ​សភា​ឯក​បក្ស»។​

លោកសុខ ​ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា​ កម្ពុជា​នៅ​តែ​ជា​ប្រទេស​ដែលកាន់​របបប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ខ្លួន ​បើ​ទោះ​ជា​គណបក្ស​របស់​លោក​ក្ដោប​ក្ដាប់​អំណាច​គ្រប់​ច្រក​ល្ហក​ពី​ព្រឹទ្ធ​សភាទៅ​រដ្ឋ​សភា ​ពី​រដ្ឋាភិបាល​ថ្នាក់​លើទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​យ៉ាង​ណា​ក្ដី។​

ក្នុង​ព្រឹត្តិប័ត្រ​វិចារណ​កថា​ប្រចាំ​ថ្ងៃ ​ផ្ញើ​តាម​សារ​អេឡិច​ត្រូនិក Telegram លោក​សុខ ឥសាន​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«នេះ​ជាលទ្ធផល​ចេញពី​ការ​បោះ​ឆ្នោត​បែប​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស។ ​លទ្ធផល​នេះ​គឺ​ជាប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ដដែល ​ទោះ​បី​មាន​បក្ស​តែ​មួយ​ដឹក​នាំ ​គឺ​ចេញ​ពី​ឆន្ទៈ​ប្រជាជន​ម្ចាស់​ឆ្នោត»។

អ្នក​នាំ​ពាក្យ​ប្រកប​ដោយ​វោហារ​ស័ព្ទ​រូប​នេះបាន​ចារ​ជា​បន្ត​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ទៀត​ថា៖​

«នេះ​គឺ​ជា​លក្ខណៈ​ពិសេស​នៅ​តែ​ក្នុង​នីតិកាល​ទី៦​នេះ​ប៉ុណ្ណោះ។ ​នៅ​នីតិ​កាល​ក្រោយៗ​ទៀត​ គណបក្ស​នយោបាយ​នានានៅ​តែ​អាច​ចូល​រួម​ប្រកួត​ប្រជែង ​ដណ្ដើម​ខ្សែ​ក្រវ៉ាត់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន ​តាម​គោល​ការណ៍​ប្រជា​ធិបតេយ្យ»។​

ការ​គាំទ្រ​របស់​ចិន​

ឆ្លើយ​តប​នឹង​ការ​រិះគន់​ពី​សំណាក់​រដ្ឋាភិបាល​បស្ចិម​លោក ​ក្រសួង​ការ​បរទេស​កម្ពុជាបាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ក្រោយ​ការ​បោះ​ឆ្នោត​ ធ្វើការ​វាយ​បក ​ដើម្បី​ការពារ​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ថ្ងៃទី​២៩ ​ខែកក្កដា ​ដោយ​បាន​ហៅបណ្ដា​សេចក្ដីថ្លែង​ការណ៍​របស់​ប្រទេស​លោក​ខាង​លិច​ថា​ ជា​«ការវាយ​តម្លៃ​មាន​ចរឹត​នយោបាយ»។​

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ដែល​មាន​កម្រាស់​បី​ទំព័រ​ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ៖

«ឥរិយាបថ​បែប​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្មារតី​មិត្តភាព ​និង​កិច្ច​សហ​ប្រតិបត្តិការ​ ដែល​ត្រូវ​បាន​ពង្រឹង​តាំង​ពី​យូរ​មក​ហើយ ​និង​បង្កើត​ឱ្យ​មាន​ការ​សង្ស័យ​ចំពោះ​ភាព​ស្មោះ​ត្រង់​ពិត​ប្រាកដ ​ដែល​ចង់​ឃើញ​ប្រទេស​កម្ពុជា​ រីក​ចម្រើន​ទៅ​មុខ​ទៀត​ នៅ​ក្នុង​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឥត​ងាក​ក្រោយ ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​រីករាយ​ជាមួយ​នឹងសន្តិភាព​យូរ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​សម័យ​ទំនើប»​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​ដ៏​ឋិត​ថេរ»។

បណ្ដា​ប្រទេស​មួយ​ចំនួន​ក៏​បាន​ផ្ញើ​សារ​អប​អរ​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​ រួម​មាន​ប្រទេស​ចិន ​ឡាវ ​វៀតណាម ​ហ្វីលីពីន ​សិង្ហបុរី ​ឥណ្ឌា ​ថៃ ​រុស្ស៊ី ជាដើម។​

តែ​ការ​គាំទ្រ​ដោយឡែក​របស់​ប្រទេស​ចិន​នា​ពេលនេះ​កាន់​តែ​មាន​ភាព​សំខាន់​លើស​ពេល​ណាៗ​ទាំង​អស់ ​សម្រាប់​ឥស្សរ​ជន​ដឹកនាំ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោកប៉ូ សុវីនដា ​អ្នកវិភាគកិច្ចការទំនាក់​ទំនងអន្តរជាតិ។​

អ្នក​វិភាគ​រូប​នេះ​បាន​ប្រាប់​ VOA ​តាម​សារ​អេឡិច​ត្រូនិក ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«មិន​មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​នោះ​ទេ ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ​ប្រទេស​កម្ពុជា​នឹង​រៀប​ចំ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ​បើ​ទោះ​បី​ជា​មាន​ការ​ថ្កោល​ទោស​ដែល​ជា​មូល​មតិ​វិចារណ​កម្ម​ដោយ​បស្ចិម​លោក ​និង​សហ​រដ្ឋ​អាមេរិក​យ៉ាង​ណា​ក្ដី»។​

លោកប៉ូ ​សុវីនដា​បាន​ថ្លែង​បន្ត​យ៉ាង​ដូច្នេះ​ថា៖

«ប្រទេស​ចិន​នឹង​បន្ត​ឈរ​នៅ​ខាង​ប្រទេស​កម្ពុជា ​ល្គឹក​ណា​ប្រទេស​កម្ពុជា​ដែល​ស្ថិត​ក្រោម​របប​ដឹក​នាំ​បច្ចុប្បន្ន​នឹង​បន្ត​គាំ​ទ្រ​ទីតាំង​ជំហរ​ឈរ​ជើង​ផ្នែក​នយោបាយ ​និងយុទ្ធសាស្ត្រ​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី»។​

ប្រទេស​ចិន​បាន​ក្លាយ​ជា​ម្ចាស់​ជំនួយ ​និង​ជា​ប្រភព​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ធំ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ​នា​ពេល​១០ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ចរឹត​នៃ​ការ​ផ្ដល់​ជំនួយ​របស់​ប្រទេស​ចិន​បាន​ផ្គូផ្គង​ជា​គូ​នឹង​ការ​ចង់​បាន​របស់​រដ្ឋ​អំណាច​កម្ពុជា​ ​ដែល​ត្រូវ​ការ​សាច់​ប្រាក់​ចាក់​បញ្ចូល​ទៅ​វិនិយោគ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ទូទាំង​ប្រទេស ​ដែល​ជួយ​ទ្រទ្រង់ក្បាល​ម៉ាស៊ីន​កំណើន​សេដ្ឋកិច្ច​ ដែល​ជា​កត្តា​មួយ​ជួយ​រក្សា​ស្ថិរ​ភាព​នយោបាយ​របស់​អ្នក​ដឹកនាំ​កម្ពុជា។

អ្នកវិភាគកិច្ចការទំនាក់ទំនងអន្តរជាតិ ​លោកប៉ូ ​សូវីនដាបាន​បន្ត​សរសេរ​ប្រាប់​ VOA​ ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«មាន​វិធី​មួយ​ដែល​ប្រទេស​ចិន​អាច​ជួយ​ផ្ដល់​ជា​វិភាគ​ទាន​ដល់​ការ​ពង្រឹង​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជានៅ​ក្នុង​ដំណាក់​កាល​ក្រោយ​ការ​បោះ​ឆ្នោតគឺ​តាម​រយៈ​ការ​ផ្ដល់​ជំនួយ​ជា​ហិរញ្ញប្ប​ទាន»។​

ជា​ការ​ទទួល​ត្រឡប់​វិញ ​ប្រទេស​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​កម្ពុជា ​លើ​ប្រធាន​បទ​រសើប​កម្រិត​តំបន់ ​និង​កម្រិត​សកល​នានា។​

ដូចជា​ប្រទេស​កម្ពុជា​មានជំហរ​រួម​មួយ​ជាមួយ​ប្រទេស​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ​ដោយ​បដិសេធ​រាល់​ការ​ព្យាយាមធ្វើ​អន្តរជាតូបនីយកម្ម​នៃ​ជម្លោះ​ដែន​ទឹក​រវាង​ចិន ​និង​រដ្ឋ​ជា​សមាជិក​អាស៊ាន​បួន​ផ្សេង​ទៀត។ ​ក្នុង​កាលៈ​ទេសៈ​ជា​ច្រើន នា​ពេល​កន្លង​មក កម្ពុជា​ត្រូវ​បាន​គេ​ចោទ​ថា ​ព្យាយាម​រារាំង​អាស៊ាន​មិន​ឱ្យ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ណា​មួយ ដែល​មាន​ភាសា​ធ្ងន់ៗ​ សង្កត់​លើ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ទាក់ទងប្រធាន​បទសមុទ្រ​ចិន​ខាង​ត្បូង។​

រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ក៏​ស្ថិត​ក្នុង​ចំណោម​បណ្ដា​រដ្ឋ​ដែល​បាន​សម្ដែង​ការ​គាំទ្រ​ដ៏​ក្លៀវក្លា​ដល់មហិច្ឆតា​គំរោង«គំនិត​ផ្ដួច​ផ្ដើម​ផ្លូវ​ក្រវ៉ាត់»​របស់​លោក​ប្រធាន​រដ្ឋ​ចិន​ ស៊ី ​ជីនពីង ​ដែល​ប្រាថ្នា​រុញ​បញ្ចូល​ទឹក​ប្រាក់​ដ៏​មហាសាល​ដល់​បណ្ដា​ប្រទេស​ក្នុង​តំបន់​ក្នុង​ការ​កសាង ​និង​លើក​កម្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​ការ​ត​ភ្ជាប់ ​ធានា​បង្កើន​កំណើន​សេដ្ឋកិច្ច ​និង​ពាណិជ្ជ​កម្ម។​

ទណ្ឌកម្ម​ពី​បស្ចិម​លោក​

យ៉ាង​ណា​ក្ដី​ ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​កម្ពុជា ​និង​លោកខាង​លិច​បាន​ដាក់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​កម្ពុជា​ចូលទៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​ ដែល​គេ​ស្គាល់​ថា​«អនុគ្រោះ​ពន្ធលើ​អ្វីៗ​ក៏​បាន​វៀរ​លែង​តែ​អាវុធ» ​ឱ្យ​ស្ថិត​ក្នុង​ចំណុចរបត់​មួយ​មិនច្បាស់​លាស់​ប្រកប​ដោយ​ហានិភ័យ។

ទំហំ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ​កាល​ពី​ឆ្នាំ​២០១៧ ​មាន​បរិមាណ​៥,៧​ពាន់​លាន​ដុល្លារ​អាមេរិក ​ក្នុង​កម្មវិធី​«អនុគ្រោះ​ពន្ធលើ​អ្វីៗ​ក៏​បាន​វៀរ​លែង​តែ​អាវុធ»។​

ក្នុង​ខែ​មិថុនា ​ឆ្នាំ​២០១៨​នេះ​ ​ក្រសួង​ការ​បរទេស​ខ្មែរបាន​ចាត់​បញ្ជូន​ក្រុម​មន្ត្រី​ចូល​រួម​«បេសក​កម្ម​ពិសេស»​មួយទៅ​កាន់​ទីក្រុង​ព្រុច​សែល ​ប្រទេស​បែល​ហ្សិក ​ដឹក​នាំ​ដោយ​លោក​បណ្ឌិតសុក ​ស៊ីផាណា ​ទៅ​ជួប​អ្នក​តាក់​តែង​គោល​នយោបាយ និង​មន្ត្រី​សម្រេច​ចិត្ត​គ្រាក់ៗ​នៅ​សហភាព​អឺរ៉ុប ​ដើម្បី​«បញ្ចុះ​បញ្ចូល​និង​ទប់ស្កាត់​វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ»​ចេញ​ពី​ប្រទេស​កម្ពុជា ​ដោយ​ព្យាយាម​ពន្យល់​ថា​ ការ​ចាត់​វិធាន​ការ​លើ​ក្រុម​ជំទាស់ ​គ្រាន់​តែ​ជា​បញ្ហា​ផ្លូវ​ច្បាប់ ​និង​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ព្រះ​រាជា​ណាចក្រ​មួយ​នេះ​តែ​ប៉ុណ្ណោះ។​

សហភាព​អឺរ៉ុបក៏​បាន​បញ្ជូន​ក្រុម​ស្វែង​រក​ការណ៍​ពិត​មួយ​មក​បំពេញ​ទស្សនកិច្ច​ប្រមូល​ទិន្នន័យ​នៅ​ប្រទេសកម្ពុជា​ កាល​ពី​ខែកក្កដា ​ដោយ​បាន​ធ្វើការ​វាយ​តម្លៃ​លើ​ចំណុច​ជាច្រើន​ រាប់​ចាប់​តាំង​ពី​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ការ​អនុវត្ត​លក្ខខណ្ឌ បែប​បទនៃសិទ្ធិ​ការងារ​ក្នុង​វិស័យ​កាត់ដេរ ​ដើម្បី​យក​ទៅ​សម្រេច​ចិត្ត​លើ​លក្ខណៈ​សម្បត្តិ​របស់​ប្រទេស​កម្ពុជា​ថា ​នៅ​អាច​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​បន្ត​ទៀត​ឬទេ។

ការ​មក​ដល់​នៃ​ក្រុម​ស្វែង​រក​ការណ៍​ពិត​របស់​សហភាព​អឺរ៉ុប​ធ្វើ​ឡើង​ក្នុង​ខែ​តែ​មួយ​ជា​មួយ​នឹង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា ​និង​ស្របពេល​ស្ថាប័ន​នីតិបញ្ញត្តិ​នៅ​សហ​រដ្ឋ​អាមេរិក​កំពុង​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់ ​ក្រោម​កិច្ច​សហការ​ពី​សំណាក់​សភា​ទាំង​ពីរ ​និង​សេតវិមាន ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន ​សែន មន្ត្រី​ជំនិត​របស់​លោក ​រួម​ទាំង​សមាជិក​ក្រុមគ្រួសារ​របស់​លោក​ផង​ដែរ ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា ​ ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស។​

លោកសេក ​សុផល ​អ្នក​ស្រាវ​ជ្រាវ​នៅមជ្ឈមណ្ឌល ​Ritsumeikan ​ដើម្បី​ការ​សិក្សា​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ប្រទេសជប៉ុន ​បាន​លើក​ឡើង​ថា​ ប្រទេស​ចិន​ជា​មហា​អំណាច​ថ្មី​ថ្មោងនៅ​ក្នុង​តំបន់ ​និង​សកល​លោក ​ដែលមាន​តួនាទី​សក្តិ​សមនឹង​ផ្ដល់​ការ​ធានា​ផ្នែក​សន្តិសុខ​ដល់​បណ្ដា​រដ្ឋ​តូចៗ​ដូច​ជា​កម្ពុជា ​នៅ​ក្នុង​ពេល​អាសន្ន​ដែល​មាន​ការ​ដាក់​សម្ពាធ​កម្រិត​អន្តរ​ជាតិ ​ឱ្យ​ធ្វើការ​ផ្ដល់​នូវ​លំហរ​ធំឡើងសម្រាប់​លទ្ធិ​ប្រជា​ធិបតេយ្យ។​

លោកសេក ​សុផលបាន​ប្រាប់​ VOA ​យ៉ាង​ដូច្នេះ​ថា៖​

«នៅ​ក្នុង​សេណារីយោ​អាក្រក់​បំផុត ​ឧទាហរណ៍​ថា​ សហគមន៍​អន្តរជាតិ ​គេ​នឹង​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី ​ហើយ​គេ​អាច​គំរាម​ដាក់​ទណ្ឌកម្ម​ អ្វី​ដូច​ដែល​គេ​ធ្លាប់​បាន​ចេញ​សេចក្ដី​ប្រកាស ​ការ​ព្រួយ​បារម្ភ​ហូរហែរ​មក​ហ្នឹង ​គឺ​នៅ​ពេល​ដែល​យើងអាច​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​មហា​អំណាច​មួយ ​ទាំង​សេដ្ឋកិច្ច ​ទាំង​យោធា។​ ​អីចឹងអាច​ឱ្យ​ប្រទេស​តូចមួយ ​ឬ​រដ្ឋាភិបាល​ណា​មួយ​នោះ​ហ្នឹង ​មាន​ដង្ហើម​ដក​តាម​រយៈ​ទំនាក់​ទំនង​រវាង​ប្រទេស​តូច​ហ្នឹងជាមួយ​នឹង​មហា​អំណាច។ ដូច​ជា​ខ្មែរ​យើង​មាន​ទំនាក់​ទំនង​ជាមួយ​ចិន។ ​អីចឹងអាច​ដក​ដង្ហើម​តាម​ទំនាក់​ទំនង​ហ្នឹង​បាន»។​

យ៉ាងណា​ក្ដី មាន​មតិ​ចោទ​សួរ​ថា ​តើ​ក្នុង​ការ​ផ្ដល់​ជំនួយរបស់​ចិន​អាច​ទ្រទ្រង់​បាន​ដល់​កម្រិតណាសម្រាប់​ប្រទេស​កម្ពុជា​ ​ បើសិន​ជា​មាន​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​សំណាក់​សហភាព​អឺរ៉ុប​ ​ក្នុង​គ្រា​អាសន្ន​បែប​នេះ។​

លោក​បណ្ឌិត ​Bradley ​Jansen ​Murg ​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ ​Seattle ​Pacific​ University ​បា​នលើក​ឡើង​ថា ​លោក​មិន​មាន​ជំនឿ​ជឿជាក់​នោះ​ទេ​ថា​ ចិន​អាច​នឹង​ចូល​មក​ជំនួស​ទីផ្សារ​អឺរ៉ុប​ ក្នុង​ពេល​មួយ​ប៉ព្រិច​ភ្នែក​ដើម្បី​ទទួល​ទំនិញ​ទាំង​ឡាយ​ទាំង​ពួង​របស់​កម្ពុជា ​ជា​ពិសេស​ផលិត​ផល​វាយន​ភណ្ឌ ​ដោយ​រួច​ពន្ធ​នោះ។

អ្នក​ជំនាញ​រូប​នេះ​បាន​ប្រាប់​ VOA ​តាម​សារ​អេឡិច​ត្រូនិច ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«វា​មិន​អាច​កើត​ឡើង​បាន​នោះ​ទេ​…​ ការ​នាំ​ចេញ​ផលិត​ផល​វាយនភណ្ឌ​ពី​កម្ពុជា​ទៅ​ចិនមាន​កម្រិត​តិច​តួច​នៅ​ឡើយ​ ​ដែល​មាន​ចំណែក​តែ​បី​ភាគ​រយ​ប៉ុណ្ណោះក្នុង​ចំណោម​ការ​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​របស់​កម្ពុជា​ទៅ​កាន់​បរទេស។ ​ទីផ្សារ​[ចិន]​ និយាយ​ឱ្យ​សាមញ្ញ​ ហាក់​មិន​ទាន់​មាន​ការ​វិវឌ្ឍ​រឹង​ដៃ​រឹង​ជើង​នៅ​ឡើយ ​បើ​ទោះ​ជា​មាន​ការ​បង្កើត​ឡើង​នូវ​តំបន់​ពាណិជ្ជកម្មសេរី​អាស៊ាន-ចិន ​(ACFTA) ​យ៉ាង​ណា​ក្ដី ​ដែល​ក្នុង​នោះ​រនាំង​ពន្ធ​គយ​របស់​ចិន​ដើម្បី​ទទួល​ផលិត​ផល​សម្លៀក​បំពាក់​និង​ស្បែក​ជើង​របស់​កម្ពុជា ​ត្រូវ​បាន​ទម្លាក់​ទៅ​នៅ​ក្បែរ​សូន្យ​ភាគ​រយ​ទៅ​ហើយ»។​

លោក ​Bradley ​Jansen ​Murg ​បាន​បន្ត​ថា ​បើ​សិន​ជា​មាន​ទណ្ឌកម្ម​ដំឡើង​រនាំង​ពន្ធ​គយ​ដោយ​សហភាព​អឺរ៉ុបលើក​ទំនិញ​កម្ពុជា​មែន​នោះ​ ​ប្រទេស​ចិន​មិន​មាន​លទ្ធភាព​គោល​នយោបាយ ​និង​ទីផ្សារ​គ្រប់​គ្រាន់ ​ក្នុង​ការ​ជួយ​ទ្រទ្រង់​ឲ្យវិស័យ​កាត់ដេរ​កម្ពុជា ​ដែល​ភាគ​ច្រើន​ទទួល​ទុន​វិនិយោគ​ពី​ប្រទេស​ចិន​នោះ​ ​អាចដើរ​ទៅ​មុខ​បាន​ដូច​ធម្មតា​បាន​នោះទេ។​

ការ​បារម្ភ​បែប​នេះ​ក៏​មាន​ឡើង​នៅ​ក្នុង​ចង្កោម​អ្នក​ការ​ទូត​ចិន​ផង​ដែរ។​

ក្នុង​ការ​ធ្វើ​បទ​បាឋកថា​មួយ​នៅ​សាកល​វិទ្យាល័យ​កម្ពុជា ​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ​ លោក ​Xiong ​Bo ​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​លើក​ជា​មតិ​ថា ​សហភាព​អឺរ៉ុប​មិន​គួរ​យក​កត្តា​នយោបាយ​ផ្ទៃក្នុង​កម្ពុជាមក​ពិចារណា​ជា​សម្មតិកម្ម​ គន់​គូរ​គណនា​លក្ខណៈ​សម្បត្តិ​របស់​ប្រទេស​មួយ​នេះ ​នៅ​ក្នុង​ក្រប​ខណ្ឌ​អនុគ្រោះ​ពន្ធ​ឡើយ។​

លោក ​Xiong ​Bo ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​

«ដូច្នេះ ​បើ​យើង​និយាយ​អំពី​ចំណង​ទាក់​ទង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប ​និង​កម្ពុជា​វិញ ​ខ្ញុំ​គិត​ថា ​ចំណង​ទាក់​ទង​ទាំង​នេះ​គួរ​តែ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​យោង​តាម​ក្បួន​ច្បាប់​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​នានា ​ហើយ​មិន​គួរ​ទាល់​តែ​សោះ ទទួល​ការ​ផ្លាស់​ប្ដូរ​ប្រែ​ប្រួល​ដោយ​សារ​មូលហេតុ​នយោបាយ​នានា»។​

ប្រមុខ​ការ​ទូត​ចិន​ប្រចាំ​កម្ពុជា​រូប​នេះបាន​ថ្លែង​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ទៀត​ថា៖​

«បើ​ទោះ​ជា​សហភាព​អឺរ៉ុប​សម្រេច​យ៉ាងណា​ក៏ដោយចុះ ​ប្រជាជាតិ​ចិន​នឹង​ឈរ​ជើង​យ៉ាង​គត់មត់​ក្នុង​ការ​ពង្រីក ​និង​ចាក់​ឱ្យ​កាន់​តែ​ជ្រៅ​ជាង​មុន​ថែម​ទៀតនូវ​កិច្ច​សហ​ប្រតិបត្តិការ​របស់​យើង​ជាមួយ​ប្រទេស​កម្ពុជា ​លើ​គ្រប់​វិស័យ​ទាំង​អស់​ ជា​ពិសេស​នៅ​លើ​វិស័យ​ពាណិជ្ជ​កម្ម​ និង​សេដ្ឋកិច្ច»។​

ដំណោះស្រាយ​នយោបាយ?​

គណបក្ស​ប្រជាជន​កម្ពុជា​បានកាន់​ជំហរ​តឹង​រ៉ឹង​ថា​ ​ការ​ចាត់​វិធាន​ការ​នឹង​អ្នក​ប្រឆាំង​របប​ដឹកនាំ​របស់​ខ្លួន​ជា​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​អ្នក​ធ្វើ​ខុស​ប៉ុណ្ណោះ​ និង​ជា​ពិសេស​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ​តែ​ត្រូវ​បាន​វាយ​បក​ដោយ​អ្នក​រិះ​គន់​ថា សកម្មភាព​ទាំង​នេះ​ធ្វើ​ឡើង​ដោយ​សារ​តែ​ការ​កើន​ឡើង​នូវ​ប្រជា​ប្រិយ​ភាព​របស់​គណបក្ស​ជំទាស់ ​ដែល​អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បង្ក​ហានិភ័យគំរាមកំហែង​ដល់​មូលដ្ឋាន​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស។​

លោកហង្ស ​វិទូ ​អ្នក​អត្ថា​ធិប្បាយ​នយោបាយ ​បាន​លើក​ឡើង​ថា ​វា​ដល់​ពេល​ហើយ ​ដែល​ត្រូវ​ស្វះ​ស្វែង​រក​ការ​សម្រប​សម្រួល​ផ្សះផ្សា​ខាង​នយោបាយ ​ដោះដូរ​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ភាគី​ដៃគូ​បដិបក្ខ​នយោបាយ​ ដើម្បី​ធានា​យ៉ាងណា​ជួយ​បន្ធូរ​បន្ថយ​ការ​ប្រឈម​គ្នាជាមួយ​នឹង​បណ្ដា​រដ្ឋា​ភិបាល​បស្ចិម​លោក​ ប្រយោជន៍​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម។​

អ្នក​វិភាគ​រូប​នេះ​បាន​ប្រាប់​ VOA​ ថា៖​

«ដែល​ត្រូវ​ប្រឈម​ហ្នឹង ​គឺ​អាច​ប្រឈម​ទៅ​នឹង​ការ​មិន​ទទួល​ស្គាល់​ពី​អន្តរ​ជាតិ ​ហើយ​និង​ការ​ដាក់​សម្ពាធ​ទណ្ឌកម្ម​សេដ្ឋកិច្ច។ ​អាហ្នឹង​គឺ​ជាបញ្ហាពីរដែល​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​គណបក្ស​ដែល​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​ហ្នឹង​ ដែល​គាត់​ត្រូវ​ដោះ​ស្រាយ​តាម​ហេតុ​ផល​ កុំ​ប្រើ​អារម្មណ៍ ​ហើយ​កុំ​ព្យាយាម​បន្ទោស​អ្នក​ដទៃ»។​

យ៉ាង​ណា​ក្ដី ​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​មក​ មាន​ការ​ដោះ​លែង​អ្វី​ដែល​គេ​ហៅ​ថា​«អ្នក​ទោស​មន​សិកា»​ជា​ច្រើន​រូប​ រួមទាំង​លោក​ គឹម​ សុខ ​អ្នកវិភាគ​នយោបាយ​ អ្នកស្រី ​ទេព ​វន្នី ​និង​សហការី​ចំនួន​បី​រូប​ផ្សេង​ទៀត​នៃ​សហគមន៍​បឹងកក់ អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​គឺ​លោកអ៊ួន ​ឈិន ​និង​លោកយាង ​សុធារិន​ ព្រម​ទាំង​លោក​សួន​ ​សេរីរដ្ឋា អ្នកនយោ​បាយជំទាស់ ​លោក​អ៊ុំ សំអាន អតីត​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ ​លោកមាជ ​សុវណ្ណា ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០​រូប​ផ្សេងទៀត៕ ប្រភព៖ VOA