​ប៉ូលីស​អេ​ស្ប៉ា​ញ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​បាន​រឹបអូស​កូកាអ៊ីន​ទម្ងន់ ៦៧ គីឡូក្រាម (​មានតម្លៃ​ប្រហែល ៣០២០៨៥ ដុល្លារ​) ត្រូវបាន​គេ​លាក់​បង្កប់​នៅក្នុង​ផ្លែ​ម្នាស់​ក្លែងក្លាយ ស្ថិតនៅ​ផ្សា​រលក់​ផ្លែឈើ និង​បន្លែ​មួយកន្លែង​នៅ​ទីក្រុង Madrid ។​

​ប៉ូលីស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ផ្លែឈើ​បង្ក​គ្រឿងញៀន​ជាច្រើន ត្រូវបាន​រកឃើញ​នៅ​ផ្សារ Mercamadrid ដ៏​ធំ​មួយ ស្ថិតក្នុង​ចំណោម​ការដឹក​ជញ្ជូន​ផ្លែ​ម្នាស់​ដែល​បាន​មកដល់​កំពុងផែ Setubal ប្រទេស​ព័រ​ទុយ​ហ្គា​ល់ តាម​កប៉ាល់​ចេញពី Costa Rica ហើយ​បន្ទាប់មក ត្រូវបាន​ដឹកជញ្ជូន​ទៅ​ទីក្រុង​អេ​ស្ប៉ា​ញ ។​

​សេចក្តីថ្លែងការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ផ្លែ​ម្នាស់​នីមួយៗ​ត្រូវបាន​ច្នៃប្រឌិត​ឡើង​យ៉ាង​ល្អ​ឥត​ខ្នោះ ដើម្បី​ញាត់​បញ្ចូល​ប្រអប់​ស៊ីឡាំង​មួយ​ផ្ទុក​ទៅដោយ​កូកាអ៊ីន​ពី ៨០០ ទៅ ១,០០០ ក្រាម ដែល​ត្រូវបាន​ស្រោប​ជាមួយ​ក្រមួន​ប៉ា​រ៉ា​ហ្វ៊ី​ន​ពណ៌​លឿង ដើម្បី​បិទបាំង​ក្លិន​នៃ​ផលិតផល​គីមី​ខុសច្បាប់​ទាំងនេះ និង​គេច​ផុតពី​ការរកឃើញ​របស់​សម​ត្ថ​កិច្ច ។​

​ប៉ូលីស​បាន​ចាប់ខ្លួន​មនុស្ស ៧ នាក់ ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​ចំនួន​៣ នៅក្នុង Madrid និង ៤ នៅក្នុង Barcelona ដែល​ត្រូវបាន​សង្ស័យថា​មាន​តួនាទី​នៅក្នុង​ប្រតិបត្តិ​ការរត់ពន្ធ​កូកាអ៊ីន ៕  (ប្រភព៖ newsbreak.ng)​