​ខេត្ត​ព្រះសីហនុ ​៖ ប្រជាពលរដ្ឋ​ប្រមាណ ៤២​គ្រួសារ ដែល​កំពុង​អាស្រ័យ​ផល​ជាក់ស្តែង នៅលើ​ដី​គម្រប​ព្រៃឈើ (​បទបញ្ជា​០២) ឆ្នាំ​២០០២ មាន​ទីតាំង​នៅ​ភូមិ​គគី ឃុំ​បិទ​ត្រាំ​ង ស្រុក​ព្រៃនប់ រំពឹងថា នឹង​ទទួលបាន​យុត្តិធម៌ ខណៈពេល​ស្ថាប័ន​កំពូលៗ កំពុងដំណើរការ​នីតិវិធី ទោះបី​ពេលនេះ​មាន​មនុស្ស​មួយ​ក្រុម​តូច បាន​យក​ប័ណ្ណ​សំគាល់​សិទ្ឋិ​អចលនៈទ្រព្យ ចេញ​នៅ​ឆ្នាំ​១៩៩៦ នៅ​ចំណុច​ភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង មក​គ្របដណ្តប់​នៅលើ​ដី​របស់​ពួកគាត់ ស្ថិតក្នុង​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង​បែបណា​ក្តី​។​

Loading...

ជុំវិញ​បញ្ហា​ខាងលើនេះ ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ៤២​គ្រួសារ បានបង្ហាញ​អារម្មណ៍ ប្រកប​ដោយ​ភាព​ជឿជាក់ថា យុត្តិធម៌​ពិតជា​មាន បើទោះបីជា​បច្ចុប្បន្ននេះ ត្រូវបាន​ឈ្មោះ នូវ ឌឿ​ន អតីត​ជា​មន្ត្រី​សាលាខេត្ត បាន​នឹង​កំពុង​លេង​ល្បែង​បំភ័ន្ត​ភ្នែក ជាមួយ​ថ្នាក់​ស្ថាប័ន​ពាក់ព័ន្ឋ​មួយចំនួន ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ក្រសួង ដោយ​បាន​យក​ប័ណ្ណ​សំគាល់​សិទ្ឋិ កាន់កាប់​អចលនៈទ្រព្យ ដែល​ចេញ​នៅ​ឆ្នាំ​១៩៩៦​ ​ចំនួន ០២​ប័ណ្ណ នៅ​ចំណុច​ភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង របស់​ក្រុមគ្រួសារ​មន្ត្រីជាន់ខ្ពស់ មក​គំរាមកំហែង និង​ហ៊ុមព័ទ្ឋ​នឹង​គ្របដណ្តប់​លើ​ដីរបស់​ពួកគាត់​ស្ថិតក្នុង​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ទៅវិញ​។ ប្រជាពលរដ្ឋ​បាន​អះអាង​ទៀតថា កាល​ពី​ដី​ពុំទាន់​មាន​ហាងឆេង ឬ​មាន​តម្លៃ​ខ្ពស់ និង​ពុំ​ទាន់​មាន​ផ្លូវ​ល្អ គឺ​ពួកគាត់​ពុំដែល​បាន​ឃើញ ភាគី​ណា​ផ្សេង​ចេញមក​អះអាងថា ជា​ដី​ក​ម្មសិ​ទ្ឋ​របស់​ខ្លួន​ម្តងណា​ឡើយ ប៉ុន្តែ​ស្រាប់តែ​មក​ដល់​ចុងឆ្នាំ​២០១៧ ឈាន​ចូល​ឆ្នាំ​២០១៨ នេះ ស្រាប់តែ​ដី​មួយចំនួន​នៅ​ចំណុច ក្នុងភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ (​អតីត​ដី​គម្រប់​បៃតង​ឆ្នាំ​២០០២ ហើយ​ត្រូវបាន​រាជរដ្ឋាភិបាលនិរាក​រចោល​នូវ​រាល់​ប័ណ្ណ​សំគាល់​សិទ្ធិ​អចលនៈទ្រព្យ​ទាំងឡាយ​ណា​ចេញ​មុន​ឆ្នាំ​២០០២) ត្រូវបាន​អ្នកមានអំណាច​មួយ​ក្រុម ដោយ​មាន​ឈ្មោះ នូវ ឌឿ​ន ដែលជា​អ្នក​តំណាង មក​អះអាង​ថា ទីតាំង​ដី​ខាងលើនេះ គឺជា​កម្ម​សិទ្ធិ របស់ ឈ្មោះ លោកស្រី អា​នី និង​ឈ្មោះ លោក ប៉ុន​រិទ្ធ ហើយ​បាន​ព្យាយាម​មក​វាតទី​យក​ដី របស់​ពួកគាត់ ដែល​កំពុង​កាន់កាប់​នុង អាស្រ័យ​ផល​ជាក់ស្តែង ស្ថិតនៅ​តំបន់​ពយ​ម៉ាចូ​វ ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​អ្នក​ទាំង​ពីរ សំអាង​ទៅលើ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​៖ ព​ន​០០២១១៥ (C1-0434) និង​លេខ​៖ ព​ន​០០២១១៧(C1-0436) ចុះ​ថ្ងៃ​ទី ១៧ ខែ​ឧសភា ឆ្នាំ​១៩៩៦​។​

ប្រជាពលរដ្ឋ​បន្តថា តាមរយៈ​ប័ណ្ណ​ខាងលើនេះ គឺ​មាន​បញ្ជាក់​ទីតាំង​ដី​យ៉ាងច្បាស់​ថា ជា​ដី​ស្ថិតនៅ​ភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ពលរដ្ឋ​បន្ត​ឲ្យដឹងទៀតថា ឈ្មោះ​ខាងលើ ក្រៅ​តែ​ពី​បាន​ព្យាយាម​ប្តឹង​ប្រជាជន​ក្នុង​រឿង​ព្រហ្មទណ្ឌ និង​រឿង​រដ្ឋរ​ប្បវេណី ដើម្បី​ជា​ការគំរាមកំហែង និង​បំភិតបំភ័យ​ប្រជាពលរដ្ឋឲ្យ​ព្រមប្រគល់​ដី​ទៅ​ឲ្យ​ខ្លួន​ដោយ​អយុត្តិធម៌ គឺ​លោក នូវ ឌឿ​ន បាន​ព្យាយាម​រក​គ្រប់​មធ្យោបាយ ដោយ​បាន​រាយការណ៍​ខុស​ការ​ពិត ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ខ្លួន ចូល​មក​កាន់កាប់​ដី​ខុស ទីតាំង​ភូមិសាស្ត្រ​ជាក់ស្តែង​។​

​ប៉ុន្តែ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ឃុំ​បិត​ត្រាំ គឺ​លិខិត​លេខ​១២៥២/១៧ ឃ​បត ចុះ​ថ្ងៃ​ទី ០៩ ខៃ​តុលា ឆ្នាំ​២០១៧ ស្តីពី​ការ​បញ្ជាក់​អំពី​ទីតាំង​ភូមិសាស្ត្រ​ព្រំប្រទល់​ភូមិ​គគីរ និង​ភូមិ​ចំណោទ​រាម ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ គឺ​ដី​ដែល​ប្រជាជន​កំពុង កាន់កាប់​ស្ថិតនៅក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត ព្រះសីហនុ និង​មាន​ចំងាយ ​រហូតដល់​ទៅ​ប្រហែល ៦​គីឡូម៉ែត្រ ទើប​ដល់​ព្រំប្រទល់​ភូមិ​ចំណោទ​រាម​។​

​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ បើទោះបីជា​មាន​ការបញ្ជាក់ របស់​អាជ្ញាធរ​មូលដ្ឋាន​លើ​នេះ ក៏ដោយ លោក នូវ ឌឿ​ន នៅតែ​មិន​ទទួល​ស្គាល់ ការបញ្ជាក់ របស់​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ដោយ​នៅ​តែ​ប្រកែក​ថា ភូមិ​ចំណោទ​រាម គឺ​ជា​ភូមិ​គគីរ តែមួយ​។ លោក នូវ ឌឿ​ន បាន​បញ្ជាក់​ថា ក្នុងនាម​លោក​ជា​អ្នកតំណាង​ម្ចាស់​កម្ម​សិទ្ឋិ លោក​ទាមទា​តែ​អ្វី ដែល​ជា​កម្ម​សិទ្ឋិ​ពិត ស្រប​ទៅតាម​ច្បាប់ ដែល​បាន​កំណត់ ទោះបីជា​ទីតាំង​ដី​នេះ ស្ថិត​ក្នុង​គម្រប​បៃតង​យ៉ាងណាក្តី តែ​វា​ស្ថិត​ក្នុង​កម្ម​សិទ្ឋិ ដ៏​ដែល​តាមរយៈ​លិខិត​ទិញ​លក់​ឆ្នាំ​២០០៨ ដោយ​សំអាង​តាម​ប័ណ្ណ​សំគាល់​សិទ្ឋិ​អចលនៈទ្រព្យ​ចេញ នៅ​ឆ្នាំ​១៩៩៦​ចំនួន ០២​ប័ណ្ណ​(​ព​ន​០០២១១៥ (C1-0434) និង​លេខ​៖ ព​ន​០០២១១៧(C1-0436) ចុះ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​១៩៩៦)​។ ចំណែកឯ​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ​នេះ ទើបតែ​ចូល​មក​ទន្ទ្រាន​កាន់កាប់​ចន្លោះ ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៦ តែប៉ុណ្ណោះ​៕​