នៅ​ក្នុង​ជំនួប​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ថ្ងៃអង្គារ​ទី ២៨​សីហា ម្សិលមិញ ប្រទេស​ជា​ច្រើន រួម​មានសហរដ្ឋ​អាមេរិក​មួយ​ផង បាន​ទាមទារ​ឱ្យ​មាន​តុលាការ​អន្តរជាតិ​​សម្រាប់​កាត់​ទោស​មេដឹកនាំ​យោធាភូមា ពី​បទ​បង្ក្រាប​ហិង្សា​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា។ ប៉ុន្តែ​អង្គប្រជុំ​ហាក់​ដូច​ជា​នៅស្រពិច​ស្រពិល​​នៅ​ឡើយ​នឹង​ការ​ប្រើ​ពាក្យ​ចោទ​ប្រកាន់ ពី​បទ “ប្រល័យ​ពូជសាសន៍​” មិន​ដូច​អ្វី​ដែល​មាន​ចែង​ក្នុង​របាយការណ៍​អង្គការ​ប្រជាជាតិ​ចេញ​ផ្សាយ​​មុនពេល​​​ប្រជុំ​ និង​ដែល​ភូមា​បាន​ច្រាន​ចោល​នោះ​ឡើយ។

ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ​ត្រូវ​តែ​អូស​អ្នក​បាន​បង្ក​អំពើ​ហិង្សា​ “បោសសម្អាត​ជាតិ​ពិន្ធុ​រ៉ូហ៊ីងយ៉ា” ទៅ​កាត់​ទោស​នៅ​តុលាការ​​ ! នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រីNikki Haley ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​ក្រុមប្រឹក្សា​សន្តិសុខ ដែល​មិនបាន​​ប្រើ​សោះ​ពាក្យ​ថា “ប្រល័យ​ពូជសាសន៍ និង​ដោយ​គ្មាន​លម្អិតទេ​​អំពី​អនុសាសន៍​របស់​ក្រុម​អ្នក​សង្កេត​អង្គការ​សហប្រជាជាតិ​ទេ។

លោក​អគ្គលេខា​ធិការអង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរ ក៏​មិន​បានប្រើ​ពាក្យ​ “ប្រល័យ​ពូជសាសន៍” ឬ​តុលាការ​អន្តរជាតិ ឬ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ តែ​យល់​ថា​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដាក់​​ទោស​អ្នក​ទទួល​ត្រូវ ជា​ការងារ​ចាំ​បាច់ ដើម្បី​ផ្តល់​ទំនុក​ចិត្ត តម្លាភាព ឯករាជ្យ និង​ការ​គោរព​​​ច្បាប់​អន្តរជាតិ​ មុន​នឹង​ឈាន​ដល់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ប្រកប​ដោយ​សុវត្ថិភាព។

ចំណែក​សមាជិក​អចិន្ត្រៃយ៍​និង​មិន​អចិន្ត្រៃយ៍​​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ ផ្សេង​ទៀត ដូច​យ៉ាង​បារាំង អង់គ្លេស ហូឡង់ ស៊ុយអែត កូវ៉ែត ​បាន​ស្នើ​ត្រង់ៗឱ្យ​មាន​តុលាការ​អន្តរជាតិ និង​ការ​បង្កើត​យន្តការ​​មួយ​សម្រាប់​ប្រមូល​និង​រក្សា​ភស្តុតា​ង​នៃ​ការ​សម្លាប់​មនុស្ស​នៅភូមា។

ប៉ុន្តែ​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ ​ចិន​និង​រុស្ស៊ី ដែល​មាន​សិទ្ធិវេតូ និង​ដែល​ជា​អ្នក​គាំទ្រ​របប​ភូមា យល់​ផ្ទុយ​ពី​គេ ដោយ​ចង់​ឃើញត្រឹម​​មាន​ការ​ផ្តុំ​កម្លាំង​ទៅ​ការ​ចរចា​ជា​មួយ​អាជ្ញាធរ ដើម្បី​ដោះស្រាយ​វិបត្តិជាទូទៅ និង​វិបត្តិ​ទ្វេភាគី​រវាង​ភូមា និង​បង់ក្លាដែស។ ប៉េកាំង​និង​ម៉ូស្គូ ទាមទារ​ឱ្យ​ពន្លឿន​ដំណើរការធ្វើ​មាតុភូមិនិវត្តន៍ជនជាតិ​រ៉ូហ៊ីងយ៉ា​​ឱ្យ​បាន​កាន់​ឆាប់។ ​

សូម​បញ្ជាក់​ថា ក្រុមអ្នក​អង្កេត​អ.ស.ប. ​​ទើប​បាន​ចេញ​របាយការណ៍​កាលពី​ម្សិលម្ង៉ៃ ទាមទារ​ឱ្យ​​មាន​ការ​កាត់​ទោស​មេដឹកនាំ​យោធា​ភូមា​ជា​ច្រើន​រូប​ពី​បទ “​ប្រល័យ​ពូជសាសន៍” “ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ” និង​ “ឧក្រិដ្ឋកម្ម​សង្គ្រាម”​ លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ របាយការណ៍​ ​បាន​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ​ឬ​បង្កើត​តុលាការ​អន្តរជាតិ​ Ad Hoc កាត់​ទោស​មេដឹកនាំយោធាភូមា ដូច​ករណី​នៅ​រវ៉ាន់ដា ឬ​អតីត​យូហ្គោស្លាវី។

របាយការណ៍​នេះ​ត្រូវ​បាន​ភូមា​ច្រាន​ចោល​ទាំង​ស្រុង។ ​ឯកអង្គរដ្ឋ​ទូត​ភូមា​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ថែម​ទាំង​បន្ទោស​​ក្រុម​អ្នក​អង្កេត​ថា​លម្អៀង ដោយ​ប្រឹងចេញ​​​របាយការណ៍នេះ​​ឱ្យ​បាន​មុន​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​។ តាម​គម្រោង​ លទ្ធផល​នៃ​ការ​អង្កេត​ត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ១៨​កញ្ញា​ខាង​មុខ​ទេ៕ ប្រភព៖ RFI