​ខេត្ត​ព្រះសីហនុ ៖ បើ​និយាយ​ពី​បញ្ហា​សំរាម នៅក្នុង​ក្រុងព្រះសីហនុ បច្ចុប្បន្ន​នេះ​វិញ គឺ​បាន​ទទួលរង នូវ​ការរិះគន់​ជា​បន្តបន្ទាប់ ឬ​មិន​សំចៃមាត់​ពី​សំណាក់ ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជាពិសេស​ការរិះគន់​តា​ម​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook​។​

ការរិះគន់​ពី​បញ្ហា​សំរាម​ខាងលើនេះ បាន​កើតមាន បន្ទាប់ពី​ពួកគេ​បានឃើញ​កាកសំណល់​សំរាម ត្រូវបាន​គេ​គរ​ទុក​ចោល ឬ​កកស្ទះ នៅតាម​ចិញ្ចើមផ្លូវ​សាធារណៈ ក្នុង​ទីប្រជុំជន​ក្រុង​ទេសចរណ៍​មួយ​នេះ គ្មាន​សណ្តាប់ធ្នាប់ និង​ជះ​ក្លិនស្អុយ​ដូច​លាមក​។ ក្នុងនោះ​រាប់​បញ្ជូ​ល​ទាំង​សំរាម​វេច​ខ្ចប់​ត្រឹមត្រូវ បូក​រួម​ទាំង​សំរាម ត្រូវ​គេ​បោះចោល​អនាធិបតេយ្យ​តាម​ទីសាធារណៈ​ផងដែរ​។​

ឆ្លើយតប​ការរិះគន់​នេះ លោក ហេង ប៉េង​ហាក់ ប្រធាន​សាខា​ក្រុមហ៊ុន ប្រមូល​សំរាម (K.S.W.M) ប្រចាំ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ក្រុមហ៊ុន​លោក​ពិតជា​កំពុង​ជួបប្រទះ​បញ្ហាយឺតយ៉ាវ​លើ​ការងារ​ប្រមូល​សំរាម​ខ្លះៗ​ពិតមែន នា​រដូវវស្សា​ឆ្នាំ​នេះ​។ លោក​ថា ការ​យឺត​យ៉ាវ​នេះ បណ្តាល​មកពី​បញ្ហា​ផ្លូវ​រថយន្ត បើក​ចូល​ទៅ​កន្លែង​ចាក់សំរាម​មាន​ការលំបាក និង​មាន​ចម្ងាយ​ផ្លូវ​ឆ្ងាយ ចេញពី​ទីក្រុង​ព្រះសីហនុ រហូតដល់​ជាង ៣០​គីឡូម៉ែត្រ​។ ជាពិសេស លោក​ថា រាល់ថ្ងៃនេះ ផ្លូវ​ចូល​រថយន្ត​ដឹក​សំរាម​យក​ទៅ​ចាក់ចោល តែង​ជាប់ផុង​រថយន្ត​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ដោយសារ​ដី​រអិល​មាន​ភ្លៀង បែក​ភក់​ខ្លាំង ធ្វើឲ្យមាន​ការកកស្ទះ ស្របពេល ដែល រដូវ​ធ្លាក់ភ្លៀង​មិនទាន់​អាច​ធ្វើ​ផ្លូវ​ធ្វើ​ដំណើរ​ចេញចូល បាន​ល្អ​នៅឡើយ​ទេ​។​

លោក ប៉េង​ហាក់ បន្តថា កត្តា​មួយទៀត ដែល​នាំឲ្យ​មាន​ការប្រមូល​សំរាម​មាន​ការយឺតយ៉ាវ គឺ​ដោយសារតែ​បរិមាណ​សំរាម ក្នុង​ទីក្រុង​ព្រះសីហនុ​រាល់ថ្ងៃនេះ មាន​ការកើនឡើង​ខ្លាំង​មិន​នឹកស្មាន​ដល់​។​

លោក​បន្តថា បញ្ហា​សំរាម​នេះ បើ​គិត​ពី​ឆ្នាំ​២០១៧​កន្លងទៅ សំរាម​មាន​ត្រឹមតែ ១២០​តោន​តែប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ប៉ុន្តែ​បើ​គិត​មក​ដល់​ខែ​កក្កដា និង​ខែសីហា ឆ្នាំ​២០១៨​នេះ សំរាម​បាន​កើនឡើង រហូតដល់ ៦០០​ទៅ ៧០០​តោន ក្នុង​១​ថ្ងៃៗ​។​

លោក ប៉េង​ហាក់ ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា សម្រាប់​សម្ភារៈ ឬ​រថយន្ត សម្រាប់​បំរើ​ដល់​កា​ងារ​រ​ប្រមូល​សំរាម របស់​ក្រុមហ៊ុន​វិញ គឺ​បច្ចុប្បន្ន​មាន​រថយន្ត​ទាំង​តូច​ទាំង​ធំ កើនឡើង​ដល់ ២៤​គ្រឿង និង​គ្រឿងចក្រ សម្រាប់ កាយ​សំរាម​មាន ៥​គ្រឿង​។

​លោក​បន្តថា ពេល​នេះ​ក្រុមហ៊ុន របស់លោក បាន​កម្មង់​ទិញ​រថយន្ត​បន្ថែម​ជាច្រើន​គ្រឿង​ទៀត ជាពិសេស​ក្រុមហ៊ុន ក៏​បាន​ជ្រើសរើស​កម្លាំង​កម្មករ​ច្រើន​នាក់​ថែមទៀត ដើម្បី​បំពេញ​បន្ថែម​ចំណុច​ខ្វះខាត របស់​ក្រុមហ៊ុន​លើ​ការងារ​ប្រមូល​សំរាម ឲ្យបាន​ប្រសើរ​ឡើង​នៅ​ថ្ងៃ​ខាង​មុខ​។​

យ៉ាងណា​ក៏ដោយ​ចុះ លោក ប៉េង​ហាក់ រំពឹង​ជឿជាក់ថា បញ្ហា​សំរាម​កកស្ទះ​ក្នុង​ក្រុង​ព្រះសីហនុ នឹង​ត្រូវបាន​ដោះស្រាយ ក្រោយពេល​រាំងភ្លៀង ជា​ពិសេស​រាល់​ការជួយជ្រោមជ្រែង​សម្របសម្រួល លើ​បញ្ហា​ប​ច្ចេស​ទេស ពី​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុងព្រះសីហនុ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជា​បន្តបន្ទាប់​មក​នេះ​៕