​ខេត្ត​ព្រះសីហនុ​ ៖ នៅ​ល្ងាច​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១៨​នេះ នៅលើ​ទំព័​រហ្វែ​សប៊ុក (Facebook) របស់ លោក អ៊ី​សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បានបង្ហាញ​ថា រាល់ថ្ងៃនេះ រដ្ឋបាល​ក្រុង បាន​សហការ​ជាមួយ​មន្ទីរ​ជំនាញ​ចុះ​វាស់វែង ទប់ស្កាត់​ការសាងសង់​ថ្មីៗ រំលោភ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ ដី​អូរ និង​ធ្វើ​កំណត់ហេតុ​ណែនាំ ឲ្យ​ម្ចាស់​សំណង់​ឲ្យ​រុះរើ និង​វាយ​កម្ទេច​ដោយ​ខ្លួនឯង​។​

Loading...

​លោក​អភិបាលក្រុង​បន្តថា ក្នុងករណី​ចុះ​ធ្វើ​កំណត់ហេតុ​ណែនាំ មិន​ក្រោម ២​ដង ម្ចាស់​ទីតាំង​ទាំងនោះ នៅតែ​មិន​ព្រម​រុះរើ និង​វាយ​កម្ទេច​ដោយ​ខ្លួនឯង រដ្ឋបាល​ក្រុង នឹង​សហការ​ជាមួយ​មន្ទីរ​ជំនាញ ចុះ​ទៅ​រុះរើ និង​វាយ​កម្ទេចចោល ដូច​មាន​នៅក្នុង​រូបភាព​ខាងក្រោម​នេះ​។​

​លោក អ៊ី សុខ​ឡេង ឲ្យដឹង​ដូច្នេះ រួច​សង្កត់ធ្ងន់ថា រដ្ឋបាល​ក្រុង​ព្រះសីហនុ នឹង​បន្ត​សហការ​ជាមួយ​មន្ទីរ​ជំនាញ ចុះ​វាស់វែង ទប់ស្កាត់ រុះរើ និង​វាយ​កម្ទេចចោល​ដូច​ភ្លៀងរលឹម ចំពោះ​សំណង់​ធ្វើ​ពី​ឥដ្ឋ គ្រោង​ដែក និង​ឈើ ដែល​សាងសង់​រំ​លោ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ និង​អូរ​..​។​

​លោក អ៊ី សុខ​ឡេង បន្តថា កន្លង​មក​ការប្រើ​កំលាំង​មនុស្ស ( ប្រជា​ការពារ ) ដើម្បី​រុះរើ និង​វាយ​កម្ទេច​សំណង់​ពិតជា​លំបាក ដូច្នេះ ដើម្បី​អនុវត្ត​ការងារ​នេះ បាន​លឿន និង​មាន​ប្រសិទ្ធភាព រដ្ឋបាល​ក្រុង​ព្រះសីហនុ នឹង​ទិញ​ឡាន​អាអ៊ិ​ចកង់​កៅស៊ូ ១​គ្រឿង ទុក​សម្រាប់​បម្រើ​ឲ្យ​ការកម្ទេច សំណង់​ណា ដែល​សាងសង់​រំលោភ​លើ​ដី​ចិញ្ចើមផ្លូវ ដី​អូរ និង​ដី​សាធារណៈ​៕ ដោយ​៖ ដែន សីមា​