ទិវា​នៃ​ការសម្តែង​ការ​គោរពវិញ្ញាណក្ខន្ធ​លោក John McCain សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ចាប់​ផ្តើម​កាលពីថ្ងៃ​ពុធ​ម្សិល​មិញ​ ដោយ​ម្ឈូស​សព​លោក​គ្រប​ដោយ​ទង់ជាតិ​អាមេរិកាំង​បាន​តម្កល់​នៅ​ក្នុង​អាគារសភា​រដ្ឋ Arizona ក្នុង​ក្រុង​ Phoenix។

Loading...

លោកស្រី​ Cindy McCain ភរិយា​មេម៉ាយ​របស់លោក​បានស្ទាប​ម្ឈូសសព​លោក​ហើយបាន​លត់ជង្គង់​ដាក់ថ្ពាល់​លោកស្រី​ផ្អិប​នឹងទង់ជាតិ​ស.រ.អា.​នៅ​មុនពេល​សមាជិកឯទៀតៗ​នៃគ្រួសារ​និងក្រុម​អ្នកកាន់​មរណៈ​ទុក្ខដើរ​ជិត​ម្ឈូស​ដើម្បី​សម្តែង​ការ​គោរព​របស់ពួក​គេ​នៅអ្វី​ដែល​អាច​ជា​ថ្ងៃ​ខួបកំណើត​ឆ្នាំទី​៨២​នៃអ្នក​តាក់តែង​ច្បាប់​អាមេរិកាំង​និងជា​វីរបុរសអាមេរិកាំ​ងក្នុងពេលមាន​សង្គ្រាម​រូប​នេះ។ កូនប្រុស​លោក McCain​ បាន​ស្លៀកពាក់ឯកសណ្ឋាន​យោធា​ហើយ​នាង​ Meghan McCain កូន​ស្រីលោកបាន​យំខ្សឹកខ្សួល​នៅ​ក្នុង​ពីធី​សម្តែង​ការ​គោរពវិញ្ញាណក្ខន្ធនេះ។​

នៅ​ក្នុង​ការ​ថ្លែង​វិយោគកថាខ្លី​មួយ លោក Doug Ducey អភិបាល​រដ្ឋ Arizona បាន​ពណ៌នា​លោក McCain ថាជា​អ្នកនយោបាយ​ម្នាក់ក្នុង​បណ្តា​អ្នកនយោបាយ​មួយ​ចំនួនតូច​ដែល​អាចធ្វើឱ្យ​ពួកអ្នកតាក់តែង​ច្បាប់ឯទៀតៗទុក​ការ​ខ្វែងគំនិត​គ្នា​ដោយ​ឡែក​នៅ​ក្នុងអត្ថប្រយោជន៍​នៃការ​សម្របសម្រួលគ្នា។ ​លោក Ducey បាន​មានប្រសាសន៍​ថាជីវិត​នៅ​ក្នុង​រដ្ឋ Arizona ដែល​គ្មានលោក McCain ដូចជារដ្ឋនេះ​គ្មាន Grand Canyon ដែល​ជា​កន្លែង​ធម្មជាតិ​ល្បីល្បាញ​ក្នុង​ពិភព​លោក។​

នៅក្រោយ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃព្រហស្បតិ៍​នេះក្នុង​ក្រុង Phoenix គេនឹង​ដឹក​ម្ឈូស​សពលោក McCain តាមយន្តហោះមក​កាន់រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​នឹង​ត្រូវ​តម្កល់នៅក្នុង​អាគារ​សភា​ស.រ.អា.នៅ​ថ្ងៃ​សុក្រ​នៅ​ក្រោយ​មានពិធីមួយ​ទៀត​រំលឹក​ដល់ជីវិតនិងសេវា​រដ្ឋាភិបាល​របស់​លោក។

ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​លោកនឹង​មានធ្វើបន្ត​នៅ​ថ្ងៃសៅរ៍​នៅឯ​ព្រះវិហារ Cathedral ជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ហើយអ្នកឡើងនិយាយ​នៅ​ពេលនោះនឹង​មាន​រួម​បញ្ចូល​អស់លោក​អតីត​ប្រធានាធិបតី​ស.រ.អា. Barak Obama និង George W. Bush ផងដែរ។​

គេ​នឹង​បញ្ចុះសព​លោក McCain នៅថ្ងៃ​អាទិត្យនៅ​ឯបណ្ឌិត​សភា​កងទ័ពជើង​ទឹក​ស.រ.អា.ក្នុងក្រុង Annapolis រដ្ឋ Maryland ដែលជា​សាលាយោធា​លោក​ធ្លាប់​រៀននៅ​ទី​នោះ។​

លោក McCain បានទទួល​អនិច្ចកម្ម​កាលពី​ថ្ងៃ​សៅរ៍មុន​នៅ​ក្រោយការ​ប្រយុទ្ធ​យ៉ាង​យូរ​ប្រឆាំង​នឹង​ជំងឹមហារីក​ខួរក្បាល៕ ប្រភព៖ VOA