នៅ​អាមេរិក អ្នក​ទទួល​ខុសត្រូវជាន់ខ្ពស់​ម្នាក់​ក្នុង​ក្រសួង​ការពារជាតិ​បាន​ព្រមាន​នា​ថ្ងៃ​ពុធ ទី២៩ សីហា​ថា គ្មាន​ការ​ធានា​ណា​មួយ​ដែល​ឥណ្ឌា​គេច​ផុត​ពី​ទ័ណ្ឌកម្ម​អាមេរិកាំង​ទេ ប្រសិន​បើ​ទីក្រុង​ញូដែលី​ហ៊ាន​ទិញ​គ្រឿងសព្វាវុធ​ថ្មី​ពី​ប្រទេស​រុស្ស៊ី​នោះ។ ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​រដ្ឋាបល​អាមេរិក​កំពុង​បារម្ភ​ពី​កិច្ចចរចា​ដែល​កំពុង​ធ្វើ​រវាង​ឥណ្ឌា និង​រុស្ស៊ី​សម្រាប់​ការ​ទិញ​ប្រព័ន្ធ​ការពារ​ប្រឆាំង​យន្តហោះ S-៤០០។

គឺ​ច្បាប់​អនុម័ត​ដោយ​សភា​អាមេរិក​ក្នុង​ឆ្នាំ ២០១៧ ដែល​ទីក្រុង​វ៉ាស៊ីនតោន​លើក​យក​ទៅ​សំអាង និង​ព្រមាន​ដាក់​ទ័ណ្ឌកម្ម​លើ​ឥណ្ឌា បើ​ឥណ្ឌា​ហ៊ាន​ទិញ​គ្រឿងសព្វាវុធ​ថ្មី​ពី​ប្រទេស​រុស្ស៊ី។ គួរ​រម្លឹក​ជូន​ថា ច្បាប់​ឆ្នាំ ២០១៧ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុមអ្នកសាធារណរដ្ឋ និង​ក្រុមអ្នកប្រជាធិបតេយ្យ​មាន​គោលដៅ​ផ្តន្ទាទោស​លើ​រុស្ស៊ី​ពី​បទ​គាំទ្រ​ចលនា​ទាមទារ​ផ្តាច់ទឹកដី​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ការ​លូកដៃ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦។ ច្បាប់​មួយ​នេះ​បាន​ចែង​ពី​ការ​ដាក់​ទ័ណ្ឌកម្ម​លើ​អង្គភាព ស្ថាប័ន ឬ​ប្រទេស​ណា​ដែល​ចុះ​កុងត្រា​អាវុធ​ជាមួយ​ក្រុមហ៊ុន រោងចក្រ​រុស្ស៊ី។

តែ​ទន្ទឹម​គ្នា​នេះ និង​ដោយ​មាន​ការ​ស្នើ​សុំ​របស់​ក្រសួង​ការពារជាតិ​អាមេរិក ច្បាប់​ដដែល​នេះ​ក៏​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​លើកលែង​ចំពោះ​ទណ្ឌកម្ម​ដើម្បីកុំ​ឱ្យ​ប្រទេស​ខ្លះ​ងាក​ទៅ​រក​រុស្ស៊ី​ទាំង​ស្រុង។ អ្វី​ដែល​ប្រមុខ​ការពារជាតិ​អាមេរិក​លោក Jim Mattis ចង់​បាន គឺ​ការ​អាច​ផ្តើម​លក់​គ្រឿងអាវុធអាមេរិច​ទៅ​ឲ្យ​ឥណ្ឌា​ដែល​ជា​ប្រទេស​នាំ​អាវុធ​ចូល​ច្រើន​ជាង​គេ​ក្នុង​លោក និង​ជា​ប្រទេស​គូប្រជែង​នឹង​កំណើន​ឥទ្ធិពល​ចិន​នៅ​ក្នុង​ក្នុង​តំបន់​អាស៊ី។ ចំណែក​លោក​អនុរដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក Randall Schriver បាន​បញ្ជាក់​ពី​ក្តីបារម្ភ​ដែល​ខ្លាច​ឥណ្ឌា​បន្ត​ព្យាយាម​ចង់​បំពាក់​ប្រព័ន្ធ​ការពារ​ប្រឆាំង​យន្តហោះ​ប្រភេទ S៤០០ របស់​រុស្ស៊ី។

ចំណាប់​អាម្មរណ៍​របស់​លោក Randall Schriver បាន​ធ្វើ​ឡើង មុន​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្រ្ត​នៅ​សប្តាហ៍​ក្រោយ​ក្នុង​ទីក្រុង​ញូដែលី​រវាង​ប្រមុខ​ការពារជាតិ ប្រមុខ​ការបរទេស​អាមេរិក​ជាមួយ​នឹង​សមភាគី​ឥណ្ឌា។ ក៏​ដូច​ជា​លោក Mattis ដែរ លោក Schriver ចង់​ឃើញ​អាមេរិក​ជា​ដៃគូ​ឥណ្ឌា​ខាង​ការ​ផ្គត់ផ្គង់​គ្រឿងសព្វាវុធ៕ ប្រភព៖ RFI