ខេត្ត​ព្រះវិហារ​ ៖ នា​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច​ពិភពលោក ត្រូវបាន​ប្រារព្វ​ធ្វើឡើង ក្រោម​កិច្ចសហប្រតិបត្តិកា​រណ៍​រៀបចំ​ដោយ ក្រសួង​អភិវឌ្ឍន៍ជនបទ ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ តំណាង​ជនជាតិដើម​ភាគតិច អង្គការ​សង្គម​ស៊ីវិល អង្គការសហប្រជាជាតិ និង​ម្ចាស់ជំនួយ​នៅក្នុង​ខេត្ត​ព្រះវិហារ និង​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ចំនួន​សរុប ១០១៨ នាក់​។​

ស្ថាប័ន​សង្គម​ស៊ីវិល​ជាពិសេស​ជនជាតិដើម​ភាគតិច ក្នុងប្រទេស​កម្ពុជា ចង់​ឃើញ​ការ​ប្រារព្វ​ទិវា​អន្តរជាតិ នៃ​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា ឈាន​ដល់​ការសម្រេច​ក្នុង​គោលបំណង​រួម​៖ ការទប់ស្កាត់​ការ​ចំណាកស្រុក និង​បំលាស់​ទី​របស់​ជនជាតិដើម​ភាគតិច ដោយ​ធ្វើ​ការពង្រឹង​ដល់​សហគមន៍​មូលដ្ឋាន​លើនិន​ជីវិត ដើម្បី​បន្សាំ​នឹង​បរិបទ សង្គម និង​ពន្លឿន​នៃ​ការចុះបញ្ជីដីស​មូហ​ភាព ដើម្បី​ធានា​សុ​វត្តិភាព​ដីធ្លី​របស់​ពួក​ជនជាតិដើម​ភាគតិច​។​

​ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច​ពិភពលោក ត្រូវបាន​ប្រារព្វ​ធ្វើឡើង នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​១៩៩៤​។ ក្នុងឆ្នាំនេះ​ជនជាតិដើម​ភាគតិច​ប្រមាណ​ជាង​៣០០​លាន​នាក់ ក្នុង​ប្រទេស​ជាង​៩០ ទូទាំង​ពិភពលោក​បាន​និង​កំពុង​អបអរសាទរ និង​ប្រារព្វ​ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច​ពិភពលោក លើក​ទី​២៤ ក្រោម​ប្រធានបទ ការធ្វើ​ចំណាកស្រុក និង​បំលាស់​ទី​របស់​ជន​ជាតិ​ដើម​ភាគតិច​។ ប្រធានបទ​ឆ្នាំនេះ​លើកឡើង​ពី​បញ្ហា ការធ្វើ​ចំណាកស្រុក​របស់​ជនជាតិ​ដើម​ភាគតិច ទៅ​កាន់​តំបន់​ផ្សេងៗ ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត និង​ជួប​កត្តា​ប្រឈម​មួយចំនួន​នៅក្នុង​តំបន់​របស់​ពួកគេ ដែល​ជម្រុញ​ឲ្យ​រាជ​រដ្ឋា​ភិបាល កំណត់​ជា​បញ្ហា​អាទិភាព ជួយ​អន្តរាគមន៍​ដល់​សហគមន៍​ជនជាតិដើម​ភាគតិច​ទាំងនោះ ដើម្បី​លើកកម្ពស់​ជីវភាព រស់នៅ​ឱ្យ​ប្រសើរឡើង និង​ប្រកបដោយ​ចីរភាព​។​

លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ថ្លែងថា ការរៀបចំ​ទិវា​នេះ សំដៅ​រួមចំណែក​លើកកម្ពស់​តម្លៃ សីលធម៌ វប្បធម៌ ប្រពៃណី​ដ៏​ល្អ​ផូរផង់ និង​រស់​រវើក និង​សិទ្ធិ​របស់​បងប្អូន​ជនជាតិដើម​ភាគ​ចិត​នៅ​កម្ពុជា ហើយក៏​ជា​សក្ខីភាព​មួយ​បង្ហាញ​ឲ្យ​ឃើញថា រាជរដ្ឋាភិបាល បាន​និង​កំពុង​បន្ត​យកចិត្តទុកដាក់​ដល់​ប​ង​ប្អូន​ជនជាតិដើម​ភាគតិច ដោយ​ផ្តល់​ឱកាស និង​សិទ្ធិ​សេរីភាព ក្នុង​ការបញ្ចេញ​មតិ​យោបល់ ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​។ ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចេញ​លិខិត​ទទួល​ស្គាល់​អត្តសញ្ញាណ​ស​ហគ​មន៍​ជនជាតិដើម​ភាគតិច ចំនួន​១៤១​សហគមន៍ នៅក្នុង​គោលដៅ​មួយចំនួន ក្នុង​ខេត្ត​ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ក្រចេះ ព្រះវិហារ កំពង់ស្ពឺ បាត់ដំបង កំពង់ធំ និង​ខេត្ត​ពោធិ៍សាត់​។ ក្រសួងមហាផ្ទៃ បាន​ចេញ​លិខិត​ទទួលស្គាល់​សហគមន៍​ជនជាតិដើម​ភាគតិច ជា​នីតិបុគ្គល​បាន​ចំនួន​១២៥​សហគមន៍ និង​សហគមន៍ ចំនួន​២៤ បាន​ទទួល​ប្លង់​កម្មសិទ្ធិ​ដី​សមូហភាព​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា នៅ​ចំពោះមុខ ក្រសួង​អភិវឌ្ឍន៍ជនបទ នឹង​បន្ត​ខិតខំ​ជំរុញ​ការងារ​អភិវឌ្ឍន៍​ជូន​បងប្អូន​ឲ្យបាន​សមស្រប​តាម​យុទ្ធសាស្ត្រ ចតុកោណ​របស់​រាជរដ្ឋាភិបាល គឺ​នឹង​ធ្វើឲ្យ​មាន​ការប្រែប្រួល និង​ភាព​រីកចម្រើន​យ៉ាង​ពិតប្រាកដ ទាំង​ជីវភាព​រស់នៅ ការថែរក្សា​អភិរក្ស​ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​តំបន់ ដែល​បងប្អូន​រស់នៅ និង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​ជនជាតិដើម​ភាគតិច ឲ្យបាន​ទូលំទូលាយ​តាម​បណ្តា​ខេត្ត​ដែល​មាន​បងប្អូន​ជនជាតិដើម​ភាគតិច​រស់នៅ​។​

​លោកស្រី ដាំ ចន្ឋី តំណាង​អង្គការ​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា បាន​ថ្លែងថា បើទោះបីជា​មាន​ការគាំទ្រ​ទាំង​ផ្នែក​ច្បាប់ គោល​នយោ​បាយ លិខិតគតិយុត្ត​នានា និង​អនុសាសន៍​របស់​សម្តេច​តេជោ ចំពោះ​ដំណោះស្រាយ នៃ​បញ្ហា​ដែល​ជនជាតិដើម​ភាគតិត​កំពុង​ជួប​ប្រទះ​​ក៏ដោយ ក៏​ការអនុវត្ត​នៅ​មាន​កំរិត​នៅឡើយ​។ ជាក់ស្តែង​សហគមន៍​ជនជាតិដើម​ភាគតិច​ភាគច្រើន នៅតែ​កំពុង​ប្រឈម និង​ជួប​ការលំបាក​ជាច្រើន លើ​សុវត្ថិភាព​ដីធ្លី ដី​សមូហភាព​វប្បធម៌ និង​ប្រពៃណី​ប្រព័ន្ធ សេដ្ឋកិច្ចសង្គម ធនធានធម្មជាតិ អត្តសញ្ញាណ​វប្បធម៌ និង​ប្រពៃណី ដោយសារ​ការអភិវឌ្ឍ​ដែលមាន ភាព​កង្វះខាត​មិន​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់ ពិគ្រោះ​យោបល់​ជាមុន និង​ព្រមព្រៀង​ដោយ​សេរី​។ លោកស្រី ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មេត្តា​ជួយ​ពន្លឿន​ដល់​ដំណើរការ​ចុះបញ្ជី ដី​សហគមន៍​ជនជាតិដើម​ភាគតិច ជា​សមូហភាព ដើម្បី​រក្សាបាន​នូវ​អត្តសញ្ញាណ វប្បធម៌ ប្រពៃណី ។​

​លោកស្រី បានបញ្ជាក់​ថា ” យើងខ្ញុំ​ជា​ជនជាតិដើម​ភាគតិច​សូម​ប្រកាស​ថា ពួក​យើង​មិន​ដែល​ជំទាស់​នឹង​ការអភិវឌ្ឍ​របស់​រាជ​រដ្ឋា​ភិបាល​ឡើយ ផ្ទុយទៅវិញ​ពួកយើង​ចង់បាន និង​ជំរុញ​ឲ្យមាន​អភិវឌ្ឍ ចំពោះ​ជនជាតិដើម​ភាគតិច ក៏ប៉ុន្តែ​ការអភិវឌ្ឍ​ដែល​ពួក​យើង​ចង់បាន​នោះ​គឺ ត្រូវ​ស្រប​ជាមួយ​ឆន្ទៈ​របស់​ពួកយើង ដែល​ស្របទៅនឹង​គោលការណ៍ ទទួលបាន​ព័ត៌មាន ពិគ្រោះ​យោបល់​ជាមុន និង​ព្រមព្រៀង​ដោយ​សេរី និង​ប្រកបដោយ​ការគោរព​សិទ្ធិ​ពិតប្រាកដ “​។​

​លោក​បណ្ឌឹត តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា ថ្លែង​ក្នុង​មតិ​ចំណាប់អារម្មណ៍​ថា​៖ អង្គការ​សង្គម​ស៊ីវិល និង​ជនជាតិដើម​ភាគតិច ស្នើ​ឲ្យមាន​ការយកចិត្ត​ទុកដាក់​បន្ថែម លើ​បញ្ហា​សំខាន់ៗ​មួយ ចំនួន​ដូចខាងក្រោម​៖ ជំរុញ និង​ពន្លឿន​ការចុះបញ្ចី​ដី​សមូហភាព ជនជាតិដើម​ភាគតិច ឲ្យបាន​កាន់តែច្រើន តាម​លទ្ធភាព​ដែ​លអាច​ធ្វើទៅបាន​។ ផ្តល់​ការ​ការ​បណ្តុះ​បណ្តាល អំពី​បំនិន​ជីវិត និង​ជម្រើស​មុខរបរ សមស្រប​សម្រាប់​ជនជាតិដើម​ភាគតិច ដើម្បី​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​ជាក់ស្តែង ក្នុង​ការ​ចាប់យក​ឱកាស និង​ទទួលបាន​ផលប្រយោ ជន៍ នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច នៅក្នុង​បរិបទ នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។

រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ គួ​លើក​ទឹកចិត្ត​បន្ថែម ចំពោះ​ការសិក្សា​ស្រាវជ្រាវ អំពី​ប្រវត្តិ​ប្រពៃណី នៃ​នគររូបនីយកម្ម​របស់​ជនជាតិដើម​ភាគតិច ដើម្បី​ជា​ធាតុ​ចូល​ដ៏​ល្អ ស្របតាម បរិបទ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព សម្រាប់​ចូលរួមចំណែក ចំពោះ​ផែនការអភិវឌ្ឍន៍​នគ​រ​រូបនីយកម្ម​ជនជាតិដើម​ភាគតិច ដែល​អាច​សន្សំ​បាន​នូវ​លំហ​ដីធ្លី ធនធានធម្មជាតិ អត្តសញ្ញាណ សង្គម​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​។ រាជរដ្ឋាភិបាល​គួរ​បន្ត​ពិនិត្យ និង​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់ ទាំង​ធនធាន​ថវិកា និង​បច្ចេកទេស ដល់​សហគមន៍​នេសាទ សហគមន៍​ព្រៃឈើ សហគមន៍​តំបន់ការពារធម្មជាតិ និង​ការគាំទ្រ​ផ្លូវច្បាប់ ដើម្បី​ឲ្យ​ពួកគាត់​មាន​សមត្ថភាព​គ្រប់គ្រង ដឹកនាំ សហគមន៍​របស់​ពួកគាត់ ទទួលបាន​ជោគជ័យ សម្រាប់​ការគ្រប់គ្រង​ធនធានធម្មជាតិ ដែល​ជា​ធនធាន​ស្នូល នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សហគមន៍ មូលដ្ឋាន ក៏ដូចជា បងប្អូន​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​។

គោរព​ស្នើសុំ​ឲ្យ​ក្រសួង​អភិវឌ្ឍន៍ជនប​ទ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​លើ “​ការដឹកនាំ ឬ​ពង្រឹង​ដំណើរការ​ប្រតិបត្តិការ​ប្រព្រឹត្តិ​ទៅ នៃ​គណៈកម្ម​ការធិការអ​ន្ត​រ​ក្រសួង​ជា​ទៀងទាត់​” ដើម្បី​ជំរុញ​ឲ្យមាន​ការអនុវ​ត្ត “​គោលនយោបាយ​ជាតិ​សម្រាប់​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច​” ឲ្យបាន​ពេញលេញ ដែល​គ្របដណ្តប់​លើ​វិស័យ​សំខាន់ៗ​ទាំង​១០ ជា​ពិសេស​ក៏​ជំរុញ​ឲ្យមាន​ការចូល​រួម យ៉ាង​ពេញលេញ​ពី​ជនជាតិដើម​ភាគតិច នៅក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច និង​កិច្ចការ​វប្បធម៌ របស់​ជនជាតិដើម​ភាគតិច ដើម្បី​ចូលរួម​ចំណែក​ការអភិវឌ្ឍ ដោយ​ចីរភាព​នៅ​កម្ពុជា​។ ជាងនេះទៅទៀត ដើម្បី​បញ្ឈប់​ការរើសអើង គ្រប់​ទម្រង់​មកលើ​ជនជាតិដើម​ភាគតិច នៅក្នុង​វិស័យ​ការងារ អប់រំ​សិក្សាធិការ សុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច សិល្បៈ​វប្បធម៌ និង​ព័ត៌មានវិទ្យា​ជាដើម​។ នេះ​ជា​ការបង្ហាញ​ជំហរ​យ៉ាង​មុតមាំ នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ការជំរុញ​ជាស្រេច​នៅក្នុង​ការអនុវត្ត “​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្ត​ភាព​- Sustainable Development Goal” ចាប់ពី​ឆ្នាំ​២០១៨ ដល់​២០៣០​ផងដែរ​។ ពិត​ណាស់​ការធានា​ការចូលរួម​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធិភាព​នៃ​ជនជាតិដើម​ភាគតិច​កម្ពុជា​នៅ​គ្រប់​កំរិត និង​ដំណើរការ​អភិវឌ្ឍ​នានា គឺ​ជា​ស្នូល​នៃ​សញ្ញាណ​ជោគជ័យ នៅក្នុង​ការសម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា​។​

​ដើម្បី​លើក​កិត្យានុភាព​ជាតិ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង របស់​រដ្ឋាភិបាល​កន្ល​ង​មក រាជរដ្ឋាភិបាល​គួរ​ពិចារណា នៅ​ក្នុង​ការដាក់​ចូល ឬ​ចាត់​ចូល “​ទិវា​ជនជាតិដើម​ភាគតិច ជា​ថ្ងៃ​បុណ្យ​ជាតិ​” ដើម្បី​លើកកម្ពស់​សិទ្ធិ​ពេញលេញ របស់​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា ដែល​បាន​ធានា​ដោយ​ច្បាប់​ជាតិ និង​គោលនយោបាយ​ជាតិ​នានា ជាពិសេស​ស្រប​តាម​ការប្តេជ្ញាចិត្ត នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​កម្រិត​តំបន់ និង​អន្តរជាតិ ដែល​បាន​ចុះ​ហត្ថលេខី នៅក្នុង​សេចក្តីប្រកាស អង្ក​ការ​សហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម​ភាគតិច កាលពី​ឆ្នាំ​២០០៧​កន្លងទៅ និង​ជា​ប្រទេស​អាស៊ី​តែមួយគត់ ដែល​មាន​គោលនយោបាយ និង​ច្បាប់​នានា​ល្អប្រសើរ ធានា​ដល់​ការរស់នៅ និង​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច​៕ ​