នៅ​កម្ពុជា​មិន​ទាន់​មាន​សុវត្ថិភាព​ការងារ​ល្អ​ សម្រាប់​កម្មករ​កម្មការិនី​រោង​ចក្រ ដោយ​សារ​តែ​ប្រព័ន្ធ​ច្បាប់​មួយ​ចំនួន​មិន​ទាន់​គ្រប់គ្រាន់ បូករួម​នឹង​ការ​ប្រើប្រាស់​កិច្ច​សន្យាការ​ងារ ដែល​មាន​រយៈ​ពេល​ខ្លី។ នេះ​បើ​តាម​លោក​ អាត់​ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (ស៊ីខៅឌូ)។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ក្នុង​ឱកាស​សិក្ខា​សាលា​ស្តីពី “សុវត្ថិភាព​ការងារ និង​ការ​កសាង​ទំនាក់​ទំនង​វិជ្ជាជីវៈ” លោក អាត់ ធន់ បាន​បញ្ជាក់​ថា សុវត្ថិភាព​ការងារ មាន​ន័យ​ថា​កម្មករ​ត្រូវ​ទទួល​​បាន​ការ​​ការពារ និង​មាន​ការ​ងារ​ធ្វើ​ល្អ ធ្វើ​រហូត​អស់​មួយ​ជីវិត តែ​កម្ពុជា​មិន​ទាន់​មាន​នោះ​ទេ។ លោក​បន្ត​ថា ការងារ​របស់​កម្មករ​កម្ពុជា​មាន​រយៈ​ពេល​ខ្លី ហើយ​ថៅ​កែ​មាន​ការ​រើសអើង​មក​លើ​កម្មករ និង​ប្រើប្រាស់​កិច្ច​សន្យា​ការងារ ដែល​មាន​រយៈពេល​ខ្លី​។​

លោក​បន្ថែម​ថា ប្រទេស​ណា​ក៏​ថៅ​កែ​មិន​ចូល​ចិត្ត​ការ​ទទួល​ខុស​ត្រូវ​លើ​កម្មករ ឬ​ធានា​បង់​សេវា​សន្តិសុខ​សង្គម​ដល់​កម្មករ​ក្នុង​រយៈពេល​វែង​ដែរ​។ លោក​បន្ត​ថា​ មាន​តែ​ច្បាប់​រដ្ឋ​ទេ ដែល​តម្រូវ​ឲ្យ​និយោជក​មាន​ការ​ទទួល​ខុស​ត្រូវ និង​ប្រើប្រាស់​កិច្ច​សន្យា​ការងារ ដែល​មាន​រយៈ​ពេល​វែង ប៉ុន្តែ​បើ​ច្បាប់​មាន​ហើយ អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត និង​អនុញ្ញាត​ឲ្យ​និយោជក​ប្រើ​ប្រាស់​កិច្ច​សន្យាការងារ​ដែល​មាន​រយៈ​ពេលខ្លី នោះ​កម្មករ​នឹង​គ្មាន​ការងារ​ធ្វើ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នា​ថ្ងៃទី៣០ ខែ​សីហា នេះ​ថា នៅ​ក្នុង​ច្បាប់​ការងារ​របស់​កម្ពុជា​មិន​មាន​ពាក្យ​ថា​កិច្ច​សន្យា​ការងារ​រយៈ​ពេល​ខ្លី ឬ​រយៈពេល​វែង​នោះ​ទេ មាន​តែ​ពាក្យ​កិច្ច​សន្យា ដែល​មាន​ថេរៈវេលា​កំណត់ និង​មិន​កំណត់​ប៉ុណ្ណោះ​។ លោក​បន្ថែម​ថា ការ​ប្រើប្រាស់​កិច្ច​សន្យា​មាន​ថេរៈវេលា​កំណត់ ឬ​មិន​កំណត់ ត្រូវ​បានកំណត់​ដោយ​ច្បាប់ ហើយ​ភាគី​និយោជក និង​និយោជិត​អាច​ប្រើប្រាស់​កិច្ច​សន្យា​ទាំង​ពីរ​នេះ ទៅ​តាម​ការ​ស្ម័គ្រ​ចិត្ត​របស់​ភាគី​ទាំង​ពីរ។

ជា​ការ​កត់​សម្គាល់​ការ​លើក​ឡើង​របស់ សហ​ជីព ពី​ស្ថានភាព​ការងារ​របស់​កម្មករ គឺ​ស្រប​ពេល ដែល​ការ​នាំ​ចេញ​ទំនិញ​កាត់​ដេរ​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​មាន​ការកើន​ឡើង​ក្នុង​រយៈ​ពេល​៦ខែ ដើម​ឆ្នាំ​២០១៨នេះ។​ ការ​នាំ​ចេញ​ផលិត​ផល​កាត់ដេរ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​បរទេស មាន​តម្លៃ​ជិត​៤ ពាន់ ​លាន​ដុល្លារ ក្នុង​រយៈ​ពេល​៦​ខែ ដើម​ឆ្នាំ​២០១៨​នេះ កើន​ឡើង​៩.៣% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ បើ​តាម​ក្រសួង​ពាណិជ្ជកម្ម កំណើន​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប មាន​ការ​កើន​ឡើង​ដល់ ១០.៦៦% ដែល​មាន​តម្លៃ​សរុប​ជាង​១.៦​ ពាន់​លាន​ដុល្លារ។ ចំណែក​ទីផ្សារ​អាមេរិក មាន​កំណើន ១០.៧៣% និង​មាន​តម្លៃ​៨៥៨ លាន​ដុល្លារ៕​ ប្រភព៖ RFI