ភ្នំពេញ —គូ​ប្រជែង​នយោបាយដ៏​ធំ​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែនគឺ​លោក​ ​កឹម សុខាត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះសម្រេច​បន្ត​ឃុំ​ខ្លួន​ចំនួន​៦​ខែ​ទៀត​ដើម្បី​សាកសួរ​ក្រោម​បទ​ចោទ​ ​«ក្បត់ជាតិ»​ ​បន្ទាប់​ពីត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ។​

​លោក គី ឫទ្ធី​ ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​បើក​សវនាការនៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ នា​ខេត្ត​ត្បូង​ឃ្មុំ ​ដើម្បី​បន្ត​ឃុំ​ខ្លួន​លោកកឹម សុខា​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ខណៈ​ដែល​ការ​ឃុំ​ខ្លួន​រយៈពេល​១​ឆ្នាំ​ជិត​ដល់​ពេល​កំណត់។ មាន​ការ​រាយ​ការណ៍​ថា​អំឡុង​សវនាការ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​នា​ព្រឹក​នេះ ​សមត្ថ​កិច្ច​បាន​បិទ​ផ្លូវ​ជា​ច្រើន​កន្លែង​ ​និង​ឆែក​ឆេរ​យ៉ាងតឹងរ៉ឹង​ ​ក្រោយ​ទទួល​បាន​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែនឲ្យ​តាម​ឃ្លាំមើល​អ្នក​ដែលមាន​បំណង​ទៅ​គាំទ្រ​លោកកឹម សុខា​ ​នៅ​ខាង​មុខ​ពន្ធនាគារ។​

រូបឯកសារ៖ អ្នកសារព័ត៌មានចោមរោមសួរលោក ផែង ហេង សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា មេបក្សជំទាស់ នៅខាងក្រៅអគារតុលាការកំពូល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។ (ទី អូលីស្សា/VOA)

លោក ផែង ហេង​ ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​៤​រូប​ ដែល​បាន​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា ​ប្រាប់​ ​VOA​ ​នារសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​បន្ទាប់ពីសវនាការ​ក្នុង​ពន្ធនាគារ​អស់រយៈ​ពេល​ជិត​៣​ម៉ោង​ ​ចៅ​ក្រម​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​លោកកឹម សុខាក្នុង​ពន្ធនាគារ​រយៈ​ពេល​៦​ខែ​ទៀត​ ​ដើម្បី​សាកសួរ។​ ​លោក​បន្ថែម​ថា​ ​មេធាវី​មាន​ការ​សោកស្តាយ​ចំពោះ​ការ​សម្រេច​នេះ​ ​ដោយ​ថា ​ការ​ស៊ើប​សួរ​អស់ជិត​មួយ​ឆ្នាំ​ទៅ​ហើយ​នោះ​ ​មាន​រយៈ​ពេល​វែង​ និង​ថា ​កូនក្តី​របស់​លោក​ត្រូវ​ស្ថិតនៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ​ជាច្រើន​មុខ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្នរយៈ​ពេល​អស់១២​ខែ​មក​ហើយ ​ហើយ​ចៅក្រម​បាន​សួរ ​ស៊ើប​អង្កេត​រឿង​ក្តី​នេះ​ទាំង​សាក្សី​ ​ទាំង​កូនក្តី​របស់​យើង​ខ្ញុំ ​ល្មម​នឹង​បញ្ចប់​ការឃុំ​ខ្លួន​បណ្តោះ​អាសន្នហើយ។ ​យើង​ក៏​បាន​លើក​ទឡ្ហីករណ៍ [ការអះអាង]​សំអាង​ហេតុ​ជូន​តុលាការ​ដែរ ​ដើម្បី​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ ​ប៉ុន្តែ​ទីបំផុត​យើង​ទទួល​បាន​លទ្ធ​ផល​មិន​គួរ​ឲ្យ​គាប់​ចិត្ត។ ​យើង​សម្តែង​ការ​សោក​ស្តាយ»។​

លោក ផែង ហេងបន្ថែម​ថា​ ​ក្រុម​មេធាវី​នឹង​ចូល​ជួប​លោកកឹម សុខា​ ​នា​ពេល​ខាង​មុខ​ដើម្បី​ពិភាក្សា​ថា​ ​នឹង​ត្រូវ​ធ្វើ​បែប​ណា​បន្ត​ទៀត។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោកអ៊ី រិន្ទ​ ​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​និង​លោកសៀង សុខ​ ​ព្រះ​រាជ​អាជ្ញារងក្នុង​សំណុំ​រឿង​របស់​លោក​កឹម សុខា​ បានទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។

គិតត្រឹម​ដើម​សប្ដាហ៍​ក្រោយ លោក​កឹម សុខានឹងត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​មួយ​ឆ្នាំ​គត់​ ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ចេញ​ពី​ក្នុង​ផ្ទះ​ទាំង​មាន​អភ័យ​ឯក​សិទ្ធិ​ ​នៅ​ពេល​សមត្ថកិច្ច​សម្រុក​ចូល​ទាំង​កណ្ដាល​រាត្រី ​នៅ​បី​ខែ​ ​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោកដណ្ដើម​បាន​ការ​គាំទ្រ​ប្រហាក់​ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្នាក់​មូល​ដ្ឋាន​ ​កាល​ពី​ឆ្នាំ​២០១៧។​

លោក​កឹម សុខាត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​យប់​កណ្តាល​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣​ ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​ដោយ​ចោទ​លោក​ថា​ បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន។​ ​លោក​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​ខេត្ត​ត្បូងឃ្មុំ ​ក្រោម​ការចោទ​ប្រកាន់​ពីបទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ តាម​មាត្រា៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ។​

ទាំង​លោកកឹម សុខា​ ​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ទាំង​សហ​រដ្ឋ​អាមេរិក ​សុទ្ធ​តែ​បាន​បដិសេធ​បទ​ចោទ​ទាំង​នោះ​ថា ​ជា​រឿង​មិន​ពិត។​ ​ជាមួយ​នឹង​ការ​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ​និង​ទណ្ឌកម្ម​បុគ្គល​ផង​ បណ្ដា​រដ្ឋាភិបាល​លោក​ខាង​លិច​ក៏​បាន​ថ្កោល​ទោស​សកម្មភាព​បង្ក្រាប​នេះ​ផង​ដែរ​ ដោយ​ពួក​គេ​ និង​អ្នក​ឃ្លាំ​មើល​ផ្សេង​ទៀត​ថា​ ​ចាត់​ទុក​ថា​ ​វាជា​វិធី​ផាត់​ចេញ​នូវ​គូ​ប្រជែង​ផ្នែក​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ឈាន​ចូល​មក​ដល់។​

កន្លង​មក​ ​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា​បាន​ប្តឹង​ទៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ដើម្បី​សុំ​ធ្វើ​មោឃ​ភាព​ការ​ចាប់​ឃុំ​ខ្លួន​លោក​កឹម សុខា​ ​ដោយ​អះអាង​ថា​ ​ការ​ចាប់អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ទាំង​កណ្តាល​យប់ ​និង​មាន​អភ័យ​ឯក​សិទ្ធិ​សភា​បែប​នេះ​គឺ​ជា​អំពើ​ខុស​ច្បាប់​កំពូល​របស់​កម្ពុជា។ ​មេធាវី​ទាំង​នោះ​ក៏​បាន​ប្តឹង​សុំ​ឲ្យ​លោក​កឹម សុខា​បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ​លើស​ឈាម ​ទឹក​នោម​ផ្អែម ​និង​វះ​កាត់ជំងឺ​ឆ្អឹង​ត្បៀត​សរសៃ​ទៅ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ជំនាញ ​ប៉ុន្តែ​បណ្តឹងរបស់​មេធាវី​ទាំង​នោះ​ត្រូវ​បរាជ័យ​ជាច្រើន​ដង។​

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ ​បាន​ប្រកាស​យ៉ាង​ដាច់​អហង្ការជាច្រើន​ដង​ថា ​លោក​កឹម សុខា​នឹង​មិន​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ទេ។​

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ខណៈ​មាន​ការ​រំពឹង​ថា​ ​លោក​កឹម សុខា​អាច​នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នា​ថ្ងៃទី​៣០​ខែ​នេះ​ បន្ទាប់​ពី​អ្នកជាប់​ឃុំ​ដែល​ត្រូវ​បានគេ​ហៅ​ថា​ជា«ចំណាប់​ខ្មាំង​នយោបាយ»​ជា​ច្រើន​រូប​ ត្រូវ​បាន​ដោះ​លែង ​និង​លើកលែង​ទោស​ជា​បន្តបន្ទាប់។​

រូបឯកសារ៖ លោក​ ស៊ឹង សែនករុណា​ មន្ត្រីស៊ើបអង្កេត​ជាន់​ខ្ពស់​ផ្នែកសិទ្ធិមនុស្ស​ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ កាលពីថ្ងៃ​ទី​ ៨​ ខែ សីហា​ ឆ្នាំ​ ២០១៧​ និយាយ​ជាមួយ​អ្នកកាសែត​អំពី​ក្តីក្តាំ​អ្នកស្រី​ ទេព វន្នី​នៅ​មុខ​សាលា​ឧទ្ធរណ៍។ (ហ៊ុល រស្មី/VOA)

លោក​ ស៊ឹង សែនករុណា​ ​មន្រ្តី​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ​ការ​បន្ត​ឃុំ​ខ្លួន​លោក​កឹម សុខាជាបន្ត​បន្ទាប់​ដើម្បី​ស៊ើបសួរ ដោយ​មិន​អនុញ្ញាត​ឲ្យ​លោក​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​គឺ​ជាការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ ​លោក​បន្ថែម​ថា ​តាម​ច្បាប់ ​ជម្រើស​ដំបូង​ដែល​ត្រូវ​អនុវត្ត​សម្រាប់​ជន​សង្ស័យ​គឺត្រូវ​អនុញ្ញាត​ឲ្យ​ជននោះ​ស្ថិត​នៅ​ក្រៅ​ឃុំ​ដើម្បី​ស៊ើប​អង្កេត ​មិនមែន​ឃុំ​ខ្លួន​អស់​រយៈពេល​យ៉ាងយូរ​នោះ​ទេ។

លោក​បញ្ជាក់​ថា៖​

«បើការ​ឃុំ​ខ្លួន​ទាំង​ឡាយ​ណា​ដែល​ចេះ​តែឃុំ​ខ្លួន​ទៅ​តាម​អំពើ​ចិត្ត​ ​ទោះបី​ដឹង​ថា​ បុគ្គល​រូប​នោះគាត់​អាច​បំពេញ​តាមកាតព្វកិច្ច ​និង​អនុវត្ត​ទៅតាម​ច្បាប់​ដែល​មានចែង​ ​ហើយ​ដែលសម្រប​សម្រួល​ខ្លួន ​ឬក៏​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​បន្ត​នីតិវិធី​ក្នុង​ការ​អនុវត្តច្បាប់​ហ្នឹង ​អាហ្នឹង​វា​ជា​រឿង​មួយ​ដែលរំលោភ​ទៅលើ​សិទ្ធិ​ធ្ងន់ធ្ងរ​របស់​មនុសុ្ស​ណាស់​បាទ ​ពីព្រោះ​ថា​ ​យើង​ដឹង​ហើយ​ ​គោល​ការណ៍​ឃុំ​ខ្លួននេះមិនមែន​ជា​លក្ខខណ្ឌ​តម្រូវ​ចាំបាច់​ចេះ​តែឃុំ​ខ្លួន​មនុស្ស​នោះ​ទេ»។​

ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​លោក​កឹម សុខា​ ​គេ​ឃើញ​ស្ថាប័ន​អន្តរជាតិ​ធំៗ​ជា​ច្រើន​បាន​ប្រតិកម្ម​ និង​រិះគន់​រដ្ឋា​ភិបាល​កម្ពុជា​ជា​បន្ត​បន្ទាប់។​ ​កាលពី​ដើម​ខែ​ឧសភា​ ​ក្រុម​ការ​ងារ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ដោះ​ស្រាយ​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ ​និង​អង្គការ​សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ ​បាន​ហៅ​ការ​ចាប់​ឃុំ​ខ្លួន​លោកកឹម សុខា​ថា​ ​ជា​ទង្វើ​ដែល​គួរ​ឲ្យ​អាម៉ាស់​ ​និង​អ​មនុស្សធម៌​ ​ព្រម​ទាំង​បាន​ទាម​ទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក​ជាបន្ទាន់។​

ចំណែក​ស្ថាប័ន​ ​និង​អង្គការ​អន្តរជាតិ​ធំៗ​ជា​ច្រើន​ទៀត​ ​រួម​មាន​សហគមន៍​អឺរ៉ុប​ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​(Human Rights Watch)​ ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ​ព្រម​ទាំង​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ទៀតក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ដោះលែង​លោកកឹម សុខាជា​បន្ទាន់​ ​ដោយ​ឥត​លក្ខខណ្ឌ​ផង​ដែរ។​

ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជាអះអាង​ថា​ ការ​ចាប់​លោក​កឹម សុខា​ឃុំ​ក្នុង​ពន្ធនាគារគឺ​ធ្វើ​ឡើង​ទៅ​តាមច្បាប់​ ​ស្របតាម​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា៕ ប្រភព៖ VOA