​ខេត្ត​ព្រះសីហនុ ​៖ អភិបាលក្រុង​ព្រះសីហនុ លោក អ៊ី សុខ​ឡេង បាន​ផ្ញើ​សារ​តាម​បណ្តាញ​សង្គម​ហ្វែ​ស​ប៊ុ​ក ផ្ទាល់​ខ្លួន​ថា កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ រដ្ឋបាល​ក្រុង រក​បាន​ឡាន​អាអ៊ិ​ច កង់​កៅស៊ូ ១​គ្រឿង សម្រាប់​ទុក​កម្ទេច​សំណង់​ឥដ្ឋ សំណង់​គ្រោង​ដែក សំណង់​ឈើ និង​ត​សំយាប ដែល​សាងសង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ និង​នៅលើ​អូរ​ហើយ​។​

Loading...

​លោក​បន្តថា ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៨ ត​ទៅ​ឡាន​អាអ៊ិ​ចកង់​កៅស៊ូនេះ នឹង​ប្រើ​ដើម្បី​កម្ទេច​សំណង់​ណា ដែល​សាងសង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ និង​លើ​អូរ បន្ទាប់​ពី​ក្រុមការងារ​ក្រុង និង​មន្ទីរ​ជំនាញ ចុះ​វាសវែង និង​ធ្វើ​កំណត់ហេតុ ចំនួន ២​ដង ណែនាំ​ឲ្យ​ម្ចាស់​រុះរើ​ដោយ​ខ្លួនឯង ប៉ុន្តែ​បែរជា​ម្ចាស់​មិន​ព្រម​រុះរើ​ដោយ​ខ្លួនឯង​។​

ផ្តើម​ពី​បញ្ហា​នេះ លោក​អភិបាលក្រុង បញ្ជាក់ថា ក្រុមការងារ នឹង​ប្រើ​វិធានការ​រដ្ឋបាល យក​ឡាន​អាអ៊ិ​ចនេះ កម្ទេច​សំណង់​នោះ ដោយ​មិន​យោគយល់ និង​ទទួលខុសត្រូវ​នូវ​ការខូចខាត និង​បាត់បង់​ទ្រព្យសម្បត្តិ​បងប្អូន​ម្ចាស់​សំណង់​ឡើយ​។​

​ត្រង់​ចំណុច​នេះ លោក អ៊ី សុខ​ឡេង ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កុំ​សាងសង់​សំណង់​សំណង់ រំលោភ​លើ​ចិញ្ចើម​ផ្លូវ និង​លើ​អូរ​តទៅទៀត និង​សូម​ចូលរួម​សហការ​ជាមួយ​ក្រុម​ការងារ​រដ្ឋបាល​ក្រុង និង​មន្ទីរ​ជំនាញ នឹង​រុះរើ វាយ​កម្ទេច​សំណង់ ដែល​សាង​សង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ និង​អូរ ដោយ​ខ្លួនឯង បើ​មិន​ដូច្នោះ​ទេ ក្រុមការងារ​នឹង​ប្រើ​ឡាន​អា​អ៊ិចនេះ​កម្ទេច​ហើយ​។​

​លោក អ៊ី សុខ​ឡេង ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា ឡាន​អាអ៊ិ​ចនេះ រដ្ឋបាល​ក្រុង បាន​ខ្ចី​បណ្តោះអាសន្ន​ពី​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ក្នុង​អន្តរកាល ដែល​រដ្ឋបាល​ក្រុង មិន​ទាន់​រក​ទិញ​បាន​ឡាន​អាអ៊ិ​ចកង់​កៅស៊ូ​ដោយ​ខ្លួនឯង​៕