តៃប៉ិ —ក្រសួង​ការ​បរទេស​វៀតណាម​នៅ​ក្នុង​ទីក្រុង ហាណូយ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន Monsanto ​និង​ក្រុមហ៊ុន​អាមេរិក​ដទៃទៀត​សង​ជំងឺចិត្ត​ដល់​ជនរងគ្រោះ​ដោយសារ​សារធាតុ​គីមី Agent Orange។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​បណ្តាញ​សារព័ត៌មាន​វៀតណាម VnExpress International។

Loading...

វៀតណាម​បាន​ធ្វើ​ការ​ទាមទារ​យ៉ាង​ដូច្នេះ បន្ទាប់​ពី​ចៅក្រម​សហរដ្ឋអាមេរិក​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Monsanto ផ្តល់​សំណង​ដល់​អ្នក​ជំងឺ​មហារីក​ជនជាតិ​អាមេរិកាំង​ម្នាក់ ដែល​អះអាង​ថា លោក​រង​ផល​ប៉ះពាល់​ពី​ថ្នាំ​បាញ់​ស្មៅ​មួយ​ប្រភេទ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​នេះ​ដែរ។

ការ​ទាមទារ​ថ្មី​បំផុត​របស់​វៀតណាម​ ដែល​ធ្វើ​ឡើង​ដោយសារ​តែ​ការ​សម្រេច​របស់​ចៅក្រម​អាមេរិក​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ប្រជាពលរដ្ឋ​វៀតណាម​បាន​ចាញ់​ពាក្យ​បណ្តឹង​មួយ​កាល​ពី​ឆ្នាំ​២០០៥ នៅ​តុលាការ​សហព័ន្ធ​មួយ​ក្នុង​ទីក្រុង​ ញូវយ៉ក។ ​
លោក Trung Nguyen នាយក​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​និង​មនុស្សជាតិ​ក្នុង​ទីក្រុង ហូជីមិញ បាន​ថ្លែង​ថា

រដ្ឋាភិបាល​វៀតណាម​ចង់​បញ្ចៀស​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ ដែល​នឹង​ក្លាយ​ជា​រឿង​ក្តី​ធំ​រវាង​ប្រទេស​មួយ​នឹង​ប្រទេស​ មិន​មែន​ត្រឹមតែ​ជា​ការ​ប្ដឹងផ្ដល់​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន​មួយ​នោះ​ទេ ហើយ​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​នយោបាយ​ដែល​កំពុង​តែ​មាន​ស្ថិរភាព​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ទៀត​ផង។

លោក Murray Hiebert នាយករង​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន បាន​មាន​ប្រសាសន៍​ថា «ប្រទេស​វៀតណាម​យល់​ថា ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន Monsanto គឺ​ជា​នីតិវិធី​ផ្លូវ​ច្បាប់​ដែល​ធ្លាប់​ធ្វើ​ពី​មុន​មក ដែល​លុប​ចោល​ការ​អះអាង​កាល​ពី​មុន​ថា ថ្នាំ​កម្ចាត់​ស្មៅ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Monsanto មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ។ កិច្ច​ខិតខំ​ប្រឹងប្រែង​កាល​ពី​មុន​ក្នុង​ការ​ទាញ​ទំនាក់ទំនង​ថា ការ​ប្រើប្រាស់​សារធាតុ​គីមី dioxin ធ្វើ​ឲ្យ​ទារក​កើត​មក​មិន​គ្រប់​លក្ខណៈ​ បាន​បរាជ័យ​នៅ​ក្នុង​តុលាការ​អាមេរិក»។ ​

យន្តហោះ​ចម្បាំង​អាមេរិក​បាន​ប្រើប្រាស់​សារធាតុ​គីមី Agent Orange កម្ចាត់​ព្រៃ​ក្នុង​ប្រទេស​វៀតណាម​ដើម្បី​ចូល​ទៅ​វាយប្រហារ​ទាហាន​របស់​សត្រូវ​ពី​ឆ្នាំ​១៩៦១​ដល់​ឆ្នាំ​១៩៧១។ លោក Charles Bailey អ្នក​និពន្ធ​សៀវភៅ «ពី​សត្រូវ​ទៅ​ជា​ដៃ​គូ–វៀតណាម អាមេរិក និង​សារធាតុ​គីមី Agent Orange‍» បាន​ថ្លែង​ថា កាកសំណល់​សារធាតុ dioxin ត្រូវ​បាន​គេ​ជឿ​ថា គឺ​ជា​«កត្តា​ហានិភ័យ‍»​ដល់​សុខភាព។ លោក​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​វៀតណាម​ប្រហែល​៨សែន​នាក់​ឥឡូវ​នេះ ទទួល​បាន​ជំនួយ​សម្រាប់​ការ​ព្យាបាល​ជំងឺ​និង​ពិការភាព ដែល​បង្ក​ឡើង​ដោយ​សារធាតុ​គីមី​នេះ។

ភស្តុតាង​ថ្មី​សម្រាប់​វៀតណាម

លោក Carl Thayer សាស្ត្រាចារ្យ​កិត្តិយស​នៃ​សាកលវិទ្យាល័យ New South Wales ក្នុង​ប្រទេស អូស្ត្រាលី ដែល​ផ្តោត​ការ​សិក្សា​លើ​តំបន់​អាស៊ីអាគ្នេយ៍ បាន​និយាយ​ថា ប្រទេស​វៀតណាម​ធ្លាប់​ជួប​ការ​លំបាកក្នុង​ការ​ស្វែងរក​ភស្តុតាង​ផ្នែក​វិទ្យាសាស្ត្រ ​ដើម្បី​បង្ហាញ​ពី​ប៉ះពាល់​ទៅ​លើ​សុខភាព​ដែល​បង្ក​ឡើង​ដោយ​សារធាតុគីមី Agent Orange។ ដើម​បណ្តឹង​បាន​ចាញ់​ក្តី​កាល​ពី​ឆ្នាំ​២០០៥ ដោយសារ​តែ​ពួកគេ​មិន​មាន​ភស្តុតាង​បង្ហាញ​ពី​ការ​បំពាន​ទៅ​លើ​ការ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​អាវុធ​គីមី​ក្នុង​អំឡុងពេល​

សង្គ្រាម ឬ​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​សារធាតុ​គីមី​ទៅ​លើ​សុខភាព​បាន​។
លោក Thayer និយាយ​ថា វៀតណាម​ប្រហែល​ជា​អាច​ប្រមូល​ភស្តុតាង​គ្រប់គ្រាន់​បាន ប្រសិន​បើ​ថ្នាំ​កម្ចាត់​ស្មៅ Roundup របស់​ក្រុមហ៊ុន Monsanto ដែល​ចៅក្រម​អាមេរិក​ទើប​តែ​ចេញ​សាលក្រម​កាល​ពី​ខែ​ សីហា និង​សារធាតុគីមី Agent Orange ផ្ទុក​សារធាតុ​ពុល​ដូចគ្នា​នោះ។

លោក​ថ្លែង​ថា សារធាតុគីមី Agent Orange នៅ​សេសសល់​ឥទ្ធិពល​នៅ​ឡើយ​ ក្នុង​តំបន់​ជម្លោះ​ដែល​មាន​ផ្ទុក​សារធាតុ​នេះ​ក្នុង​អំឡុងពេល​សង្គ្រាម​វៀតណាម ដែល​បាន​បញ្ចប់​កាល​ពី​ឆ្នាំ​១៩៧៥។

លោក Thayer បាន​មាន​ប្រសាសន៍​ថា «វា​មិន​មាន​ឥទ្ធិពល​ដូច​កាល​ពី​មុន​ទេ ប៉ុន្តែ​វា​នៅ​តែ​សម្លាប់​ជីវិត​មនុស្ស​ឬ​ធ្វើ​ឲ្យ​ទារក​កើត​មក​មិន​គ្រប់​លក្ខណៈ។ បញ្ហា​នៅ​ក្នុង​ប្រទេស​វៀតណាម​គឺ​ក្រុមគ្រួសារ​ដែល​មាន​កូន មាន​អារម្មណ៍​ថា ពួកគេ​មិន​ត្រូវ​បាន​គេ​ផ្តល់​សំណង​ដោយ​យុត្តិធម៌​នោះ​ទេ»។

ក្រុមហ៊ុន Monsanto ក្រុមហ៊ុន Dow Chemical និង​ក្រុមហ៊ុន​អាមេរិក​ដទៃទៀត​ដែល​ផលិត​សារធាតុគីមី​កម្ចាត់​ស្មៅ​នេះ សុទ្ធ​តែ​ធ្លាប់​ត្រូវ​បាន​គេ​ប្ដឹង​ពី​មុន​មក។

ក្រុមហ៊ុន Monsanto មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ​ក្នុង​សប្តាហ៍​នេះ។ ​

តុលាការ​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ចុះ​កិច្ចសន្យា​ដែល​ផលិត​សារធាតុគីមី Agent Orange ឲ្យ​រដ្ឋាភិបាល​អាមេរិក​ក្នុង​អំឡុងពេល​សង្គ្រាម«មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ខូចខាត​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​សារធាតុគីមី​នេះ​ទេ‍»។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន Monsanto។ សេចក្តីរាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​មាន​គម្រោង​នឹង​ប្ដឹង​ឧទ្ធរណ៍​ទៅ​លើ​ពាក្យ​បណ្តឹង​កាល​ពី​ថ្ងៃ​ទី​ ១០ ​ខែ​ សីហា​កន្លង​ទៅ​នេះ។

អ្នកស្រី Nguyen Phuong Tra អ្នកនាំពាក្យ​រង​នៃ​ក្រសួង​ការបរទេស​វៀតណាម ត្រូវ​បាន​គេ​ស្រង់​សម្តី​កាល​ពី​ថ្ងៃ​ ព្រហស្បតិ៍ ថា «យើង​ជឿ​ថា ក្រុមហ៊ុន Monsanto គួរ​តែ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ផ្តល់​សំណង​ដល់​ប្រជាពលរដ្ឋ​វៀតណាម​ដែល​រងគ្រោះ​ដោយសារ​សារធាតុគីមី Agent Orange ចំពោះ​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​សារធាតុគីមី​របស់​ក្រុមហ៊ុន​នេះ‍»។

ជំនួយ​អាមេរិក​និង​ទំនាក់ទំនង​នយោបាយ​បច្ចុប្បន្ន

លោក Charles Bailey ថ្លែង​ថា រដ្ឋាភិបាល​អាមេរិក​បាន​ផ្តល់​ប្រាក់​ចំនួន​២៣០​លាន​ដុល្លារ​ដល់​ប្រទេស​វៀតណាម ដើម្បី​កម្ចាត់​សារធាតុគីមី dioxin ចេញ​ពី​ដី នៅ​អាកាសយានដ្ឋាន ដាណាង ក្នុង​ប្រទេស​វៀតណាម និង​ជួយ​ប្រជាពលរដ្ឋ​វៀតណាម​វ័យក្មេង​រាប់​ម៉ឺន​នាក់​ដែល​«ពិការ​ធ្ងន់ធ្ងរ​ ដោយសារ​តែ​ការ​បាញ់​សារធាតុគីមី​ខ្លាំងក្លា​នៅ​ក្នុង​តំបន់​នោះ‍»។

លោក​និយាយ​ថា អាកាសយានដ្ឋាន​នោះ​និង​កន្លែង​មួយ​ទៀត​ត្រូវ​បាន​សម្អាត ហើយ​ការ​សម្អាត​សារធាតុគីមី​នៅ​កន្លែង​ទី​បី​នឹង​ត្រូវ​ការ​រយៈពេល​១០​ឆ្នាំ និង​ត្រូវការ​ប្រាក់​ចំនួន​៥០០លាន​ដុល្លារ។ ​

លោក Charles Bailey បាន​ថ្លែង​ទៀត​ថា «ប្រទេស​វៀតណាម​បាន​ស្វះស្វែង​រក​ជំនួយ​ជាច្រើន​ឆ្នាំ​មក​ហើយ​ សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​សារធាតុគីមី Agent Orange ក្នុង​អំឡុង​ពេល​សង្គ្រាម​វៀតណាម ហើយ​វា​នៅ​តែ​ជា​បញ្ហា​ដដែល‍»។

ប៉ុន្តែ​អ្នក​ជំនាញ​និយាយ​ថា ជំនួយ​សម្អាត​សារធាតុគីមី​របស់​អាមេរិក​និង​ចំណង​ទាក់ទង​ដ៏​ល្អ​របស់​វៀតណាម​ជាមួយ​នឹង​អាមេរិក​ឥឡូវ​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ ហាណូយ ខ្លួនឯង​ពិបាក​ក្នុង​ការ​ជំរុញ​រដ្ឋាភិបាល​ក្រុង​ វ៉ាស៊ីនតោន។ ​

លោក Trung Nguyen និយាយ​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​មន្ត្រី​វៀតណាម​នៅ​តែ​សង្ឃឹម​ថា នឹង​ទាមទារ​«ភាព​យុត្តិធម៌»​ដល់​ប្រជាពលរដ្ឋ​វៀតណាម។

លោក​ Trung Nguyen បាន​ថ្លែង​បន្ថែម​ទៀត​ថា «ខ្ញុំ​គិត​ថា ការ​ទាមទារ​ឲ្យ​ផ្តល់​សំណង​គឺ​គ្រាន់​តែ​ជា​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ឯកជន​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​ប្រហែល​ជា​ចង់​រំឭក​ដល់​ប្រជាពលរដ្ឋ​វៀតណាម​ថា ពួកគេ​ទទួល​បាន​យុត្តិធម៌​ចំពោះ​ជ័យជម្នះ​លើ​រដ្ឋាភិបាល​អាមេរិក ក្នុងអំឡុងពេល​សង្គ្រាម។ ប្រសិន​បើ​ពួកគេ​ចង់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ នោះ​វា​ជា​រឿង​មួយ​ផ្សេង​ទៀត»។

សហរដ្ឋអាមេរិក​បាន​ដកទ័ព​ចេញ​ពី​វៀតណាម​នៅ​ឆ្នាំ​១៩៧៣ ហើយ​ក្រោយ​មក​ពួក​កុម្មុយនីស្ត​វៀតណាម​បាន​ត្រួតត្រា​លើ​វៀតណាម​ខាង​ត្បូង។ ជនជាតិ​អាមេរិកាំង​ប្រមាណ​៥៨០០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​វៀតណាម ភាគច្រើន​គឺ​ពី​ចន្លោះ​ឆ្នាំ​១៩៦៥​ដល់​ឆ្នាំ​១៩៧២ ហើយ​យុទ្ធជន​វៀតណាម​ជាង​៤សែន​នាក់ និង​ប្រជាពលរដ្ឋ​វៀតណាម​រាប់​សែន​នាក់​បាន​បាត់បង់​ជីវិត៕ ប្រភព៖ VOA