ក្រ​សួង​​មហា​ផ្ទៃ​​កាល​ពី​ថ្ងៃទី​២៧​​សីហា​ បាន​​ដាក់​សំណើ​​មួយ​​ទៅ​​កាន់​​ប្រមុខ​​រដ្ឋា​ភិបាល​ ដើម្បី​​សុំ​គោល​​ការណ៍​​​រៀប​​ចំ​​បង្កើត​​ខេត្ត​​ចំនួន​​២​​ទៀត​​នៅ​ប្រទេស​​កម្ពុជា​។​ បើ​តាម​​ក្រសួង​​មហា​​ផ្ទៃ​​ការ​​ស្នើ​សុំ​​បង្កើត​​ខេត្ត​ថ្មី​​បន្ថែម​​ទៀត​នេះ​ ដោយ​​​ផ្អែក​​លើ​​ស្ថាន​ភាព​​ភូមិ​សាស្ត្រ​​ និង​​ប្រជា​សាស្រ្ត ​ដើម្បី​​ជួយ​លើក​​កម្ពស់​​ប្រសិទ្ធ​ភាព​​នៃ​ការ​​គ្រប់​គ្រង​​រដ្ឋបាល​​ ការ​​រក្សា​សន្តិសុខ​ ការ​​អភិវឌ្ឍ​មូលដ្ឋាន​​និង សេវា​​សាធារណៈ​ជូន​​ប្រជា​ពលរដ្ឋ​។

ក្នុង​​លិខិត​​របស់​​ក្រសួង​​មហា​ផ្ទៃចុះ​ថ្ងៃ​២៧​សីហា​ លោក​ ស​ ខេង​ ជា​រដ្ឋមន្រ្តី ​បាន​គូស​បញ្ជាក់​ថា ការ​​សិក្សា​​​ពិនិត្យ​​លទ្ធភាព​​បង្កើត​​ខេត្ត​​ថ្មី​​ចំនួន​២ទៀត​នោះ ​គឺ​ខេត្ត​ថ្មី​​ទី១ ​ត្រូវ​​បំបែក​​ចេញ​​ពី​​កណ្តាល ​និង​​ខេត្ត​ថ្មី​​ទី​២ ​ត្រូវ​​បង្កើត​​ឡើង​​នៅ​ចន្លោះ​​ខេត្ត​​រតនៈគិរី​ និង​​ខេត្ត​​មណ្ឌលគិរី​ រវាង​​ស្រុក​​កោះ​ញែក​ និង​​ស្រុក​​លំផាត់​។ ​មួយ​​ថ្ងៃ​ក្រោយ​​មក​ គឺ​មាន​ឃើញ​​ហត្ថ​លេខា​​របស់​នាយក​រដ្ឋមន្រ្តី​យល់​ព្រម​ នៅ​​ថ្ងៃ​ទី​​២៨​​ខែ​សីហា។

លោក​​រដ្ឋ​មន្រ្តី​មហាផ្ទៃ ​បាន​អះអាង​ថា​ការ​សុំ​​បង្កើត​​ខេត្ត​ថ្មី​​ចំនួន​២​បន្ថែម​​ទៀត​នេះ ដោ​យ​​​ផ្អែក​លើ​​ស្ថានភាព​​ភូមិសាស្ត្រ​ ​និង​​ប្រជាសាស្រ្ត ដើម្បី​​ជួយ​​លើក​​កម្ពស់​​ប្រសិទ្ធភាព​​នៃ​ការ​​គ្រប់​​គ្រង​រដ្ឋបាល​​ ការ​​រក្សា​សន្តិសុខ​ ការ​​អភិវឌ្ឍ​​មូលដ្ឋាន​​និង​ សេវា​​សាធារណៈ​ជូន​​ប្រជា​ពលរដ្ឋ​។

​លោក​ ប្រាក់​ សំអឿន​ អគ្គនាយក​​រដ្ឋបាល​​ ក្រសួង​​មហាផ្ទៃ ​បញ្ជាក់​ប្រាប់​​វិទ្យុ​​បារាំង​​អន្តរ​ជាតិ​​RFIថា​ ប្រសិន​ជា​អាច ​ការ​​បង្កើត​​ខេត្ត​​ថ្មី​ចំនួន​២​ទៀតនេះ​ នឹង​​ត្រូវ​ធ្វើឡើង​​ឲ្យ​​បាន​នៅដើម​​ឆ្នាំ​​២០១៩​ដើម្បី​​ទុក​​ពេល​​វេលា​​សម្រាប់​​រដ្ឋាភិបាល​​កំណត់​​ចំនួន​​អាសនៈ​​ក្រុម​​ប្រឹក្សា​ ​រាជធានី ខេត្ត ក្រុង ស្រុក​ ខណ្ឌ ​ដែល​​ត្រូវ​​បោះ​​ឆ្នោត​​អាណត្តិទី៣​ ​នៅក្នុង​​ខែ​​ឧសភា​​ឆ្នាំ​២០១៩​ ខាងមុខ​។

​សម្រាប់ ​លោក​បណ្ឌិត ​មាស ​នី​​ ជា​អ្នក​សិក្សា​​ស្រាវជ្រាវ​​ពី​ការ​អភិវឌ្ឍ​​សង្គម​ យល់ថា ​ការ​បង្កើត​​ខេត្ត​​ថ្មី​​បន្ថែម​ គឺជា​ការ​​បង្កើន​​បន្ទុក​​នៃ​ការ​​ចំណាយ​​ថវិកា​ជាតិ ​ប៉ុន្តែ​​លោក​​មើល​​មិន​ឃើញ​​ពី​ការ​​បង្កើន​​ប្រសិទ្ធភាព​នៃការ​​ផ្តល់​​សេវាសា​ធារណៈ​បាន​ល្អជាង​មុន​នោះទេ​។ ​បើ​តាម​​ លោក មាស​ នី​ ការ​​បង្កើត​​ខេត្តថ្មី​​បន្ថែម​ទៀត ​គឺជា​ការ​​បង្កើន​​ចំនួន​មន្រ្តី​រដ្ឋបាល​កាន់​​តែ​​ច្រើន​​ ដែល​​ផ្ទុយ​ពី​​យុទ្ធសាស្ត្រ​របស់​​រដ្ឋាភិបាល​​ ដែល​ថា​កាត់​បន្ថយ​​ក្បាល​​ម៉ាស៊ីន​​ដឹក​នាំ​​រដ្ឋាភិបាល​​នៅ​ថ្នាក់​​ជាតិ​។

​សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​​មាន​ខេត្ត ​និង​រាជធានី​សរុប​​ចំនួន​​២៥​ ហើយ​ចាប់​តាំង​ពី​ក្រោយ​របប​ខ្មែរ​ក្រហម​មក កម្ពុជា​មាន​ប្រវត្តិ​បំបែក​ខេត្ត​នេះ​ចំនួន​៣​ដង​រួច​មក​ហើយ ​គឺ​ការ​បំបែក​ខេត្ត​បន្ទាយមានជ័យ ចេញ​ពី​ខេត្ត​បាត់ដំបង ការ​បំបែក​ខេត្ត​កែប ចេញ​ពី​ខេត្ត​កំពត និង​ការ​បំបែក​​ខេត្ត​​ត្បូង​ឃ្មុំ​​ចេញ​ពី​ខេត្ត​កំពង់ចាម​​ កាលពី​ដើម​ឆ្នាំ​២០១៤៕ ប្រភព៖ RFI