​ភ្នំពេញ​ ៖ លោក​ឧត្តមសេនីយ៍​ប្រធាននា​យក​ដ្ឋា​ន​គ្រប់គ្រង​សន្ដិ​សុខ​ឯកជន បាន​ថ្លែងថា តួនាទី​សន្ដិសុខ​ឯកជន មាន​សារសំខាន់​ណាស់ ក្នុង​ការបង្ការ ទប់ស្កាត់ បទល្មើស​គ្រប់​ប្រភេទ រួម​ទាំង​បទល្មើស​គ្រឿងញៀន និង​ការពារ​សុវត្ថិភាព ដែល​ខ្លួន​កំពុង​ឈរជើង​​ប៉ុន្ដែ​ត្រូវ​តែ​មាន​សមត្ថភាព​ពេញលេញ ក្នុង​កិច្ចការ​បង្ការ ទប់ស្កាត់​បទល្មើស​នេះ ប៉ុន្ដែ​ភារកិច្ច​ ​និង​ដែន​សមត្ថកិច្ច​របស់​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ត្រូវ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ជាដាច់ខាត ដោយ​មិន​ត្រូវ​ធ្វើ​លើស​នោះឡើយ​។​

​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន លើក​ទី​៦ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងថា គ្រប់​បណ្ដា​ធនាគារ និង​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ ឯកជន​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​រៀបចំ​ប្រព័ន្ធ​សន្ដិសុខ​​សុវត្ថិភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​។ គ្រប់​បណ្ដា​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​​ត្រូវ​រៀបចំ​ប្រព័ន្ធ​រោទិ៍​ជា​ដំណឹង​អាសន្ន ដើម្បី​រាយការណ៍​ទៅ ក្រុមហ៊ុន​សន្ដិសុខ​ដែល​ទទួល​សេវា​ការពារ​ ​ឬ​ដើម្បី​ផ្ដល់ដំណឹង​បន្ទាន់​ភ្លាមៗ ទៅកាន់​កម្លាំង​សមត្ថកិច្ច​ជំនាញ ងាយស្រួល​ចេញ​អន្ដរាគមន៍​ ​នៅពេល​មាន​ហេតុការណ៍​អ្វី​កើតឡើង​។​

​បើ​តាម​ការបញ្ជាក់​រប​ស់​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​ណា​ ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ពី​ក្រសួង​មហាផ្ទៃ ហើយ​នៅ​បន្ដ​ធ្វើ​សកម្មភាព​ជ្រើសរើស ប្រមូលផ្ដុំ​កម្លាំង​ដោយ​ខុសច្បាប់​ទៀត​នោះ​ ​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នឹង​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​។ ដោយឡែក​សម្រាប់​សហគ្រាស​គ្រឹះស្ថាន​ ​ដែល​ជ្រើសរើស​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ដែល​មិន​ទាន់​មានច្បាប់​អនុញ្ញាត ត្រូវតែ​រួសរាន់​ក្នុង​ការសុំ​ច្បាប់​អនុញ្ញាត​ពី​ ​សាលា​រាជធានី​-​ខេត្ត​សាមី​ឲ្យបាន​ឆាប់​បំផុត ពី​ក្រសួង​មហាផ្ទៃ​៕