ពួក​អ្នក​ប្រាជ្ញ​បាន​និយាយ​ថា​ រោង​ចក្រ​នុយក្លេអ៊ែរ​អណ្តែត​ទឹក​របស់​ប្រទេស​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូងនឹង​ជួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពង្រឹង​ការ​ទាមទារ​របស់​ខ្លួន​ក្នុង​ជម្លោះ​ច្រើន​ទសវត្សរ៍​មក​ហើយ ក៏​ប៉ុន្តែ​នឹង​នាំ​ឱ្យ​មាន​ការ​ប្រថុយ​ប្រថាន​ខាង​បរិស្ថាន។

Loading...

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​បាន​និយាយ​ប្រាប់​សភា​ស.រ.អា.​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​អំពី​សកម្មភាព​យោធា​ចិន​ថា​ ប្រទេស​ចិន​គ្រោង​នឹង​ប្រើ​ប្រាស់​ថាមពល​នុយក្លេអ៊ែរ​សម្រាប់​ផ្តល់អគ្គិសនី​ដល់​កោះ​ខ្លះ​ក្នុង​បណ្តា​ពួក​កោះ​តូចៗ​ដែល​ចិន​បាន​ទាម​ទារ​ថា​ជា​របស់​ផង​ខ្លួន។

សេចក្តី​រាយការណ៍​នេះ​បាន​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ជាក់​កាល​ពី​ឆ្នាំ​ទៅ​មិញ​ថា ខ្លួន​គ្រោង​នឹង​ស្ថាបនា​«ស្ថានីយ៍​ថាមពល​នុយក្លេអ៊ែរ​បណ្តែត​ទឹក»​ដែល​នឹង​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ​នៅ​មុន​ឆ្នាំ​ ២០២០។

ពួក​អ្នក​វិភាគ​និយាយ​ថា ​ការ​អភិវឌ្ឍន៍​នេះ​នឹង​បង្កើន​ការ​ពង្រឹង​ការ​ទាមទារ​ទឹក​ដី​របស់​ប្រទេស​ចិន​នៅ​ក្រោយ​មាន​ការ​ចាក់​ដី​បង្កើត​ជា​កោះ​ប្រមាណ​មួយ​ទសវត្សរ៍​មក​ហើយ​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ផ្ទៃ​សមុទ្រ​មាន​ទំហំ​ ៣លាន ៥សែន​គ.ម.​ក្រឡា​ និង​មាន​ការ​បញ្ជូន​កង​ឯកភាព​យោធា​ទៅ​កាន់​កោះ​សិប្ប​និមិត្ត​ទាំង​នេះ​ផង​ដែរ។

ប្រទេស​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះ​តៃវ៉ាន់​ និង​ប្រទេស​វៀតណាម​ ដែល​ជា​គូ​ប្រជែង​ក្នុង​ការ​ដណ្តើម​ទឹក​ដី​ជា​មួយ​ប្រទេស​ចិន​គ្មាន​មធ្យបាយ​ស្រដៀង​គ្នា​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​អគ្គិសនី​ប្រើ​ប្រាស់​ក្នុង​កោះ​ដែល​ខ្លួន​បាន​កាន់​កាប់​ទេ៕ ប្រភព៖ VOA