សហរដ្ឋ​អាមេរិក​កំពុង​ជំរុញ​ឲ្យ​ប្រទេស​ឥណ្ឌា​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​សន្តិសុខ​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក ​Mike Pompeo​ ភ្លាមៗ​នៅ​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទីមួយ​របស់​លោក​ទៅ​កាន់​ទីក្រុង​ញូវដែលី ​ក្នុង​នាម​ជា​អ្នក​ការទូត​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក។

លោក ​Pompeo ​និង​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ប្រទេស​លោក ​Jim Mattis​ នឹង​ធ្វើ​ការ​ពិភាក្សាថ្នាក់​កំពូល​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​ឥណ្ឌា​លោក​ស្រី ​Sushma Swaraj​ និង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​លោកស្រី Nirmala Sitharaman​ នៅ​ថ្ងៃ​ទី៦​ ខែ​កញ្ញា​ ដែល​ត្រូវ​បាន​ស្គាល់​ថា ​ជា​កិច្ចសន្ទនារ​សហរដ្ឋអាមេរិក-ឥណ្ឌា ២+២ ។

មន្រ្តី​ជាន់ខ្ពស់​ម្នាក់​មក​ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា «កិច្ច​សន្ទនារ​២+២​នេះ​គឺ​ជា​ជំនួប​សំខាន់​មួយ​ដើម្បី​បង្កើន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ឥណ្ឌា​ផ្នែក​ការទូត​និង​សន្តិសុខ​ដែល​ជា​ការងារ​អាទិភាព។ កិច្ច​សន្ទនារ​នេះ​បង្ហាញ​ពី​ដៃគូ​យុទ្ធសាស្រ្ត​ដ៏​រឹង​មាំ​និង​ស៊ី​ជម្រៅ​រវាង​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​ពីរ​នេះ»។
សំណើ​ឲ្យ​ប្រទេស​ឥណ្ឌា​បញ្ឈប់​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេសអ៊ីរ៉ង់​ និង​សំណើ​កាត់​បន្ថយការ​ពឹង​អាស្រ័យ​លើ​សព្វាវុធ​របស់​រុស្ស៊ី​នឹង​ត្រូវ​ដាក់​បញ្ជូល​ទៅក្នុង​របៀប​វារៈ​នៃ​កិច្ច​ពិភាក្សា​នេះ​ផង​ដែរ។

សហរដ្ឋ​អាមេរិក​កំពុង​ជំរុញ​ដល់​ប្រទេស​ទាំង​អស់​ឲ្យ​ឈប់​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ព្យាយាម​រាំង​ខ្ទប់​ហរិញ្ញវត្ថុ​របស់​រដ្ឋា​ភិបាល​ក្រុង​តេហេរ៉ង់​ ពី​ការ​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​នានា។ ឥណ្ឌា​គឺ​ជា​ប្រទេស​ដែល​ទិញ​ប្រេង​ឆៅ​យ៉ាង​ច្រើន​ពី​អ៊ីរ៉ង់។ មន្រ្តី​ជាន់​ខ្ពស់​រូប​នោះ​បាន​ប្រាប់ VOA​ កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា៖ «យើង​នៅ​រក្សា​គោល​បំណង​របស់​យើង​ដដែល​គឺ​ត្រូវ​បញ្ឈប់​នាំ​ចូល​ប្រេង​ពី​អ៊ីរ៉ង់​ឲ្យ​បាន​ឆាប់​បំផុត​ គឺ​ត្រឹម​ថ្ងៃ​ទី៤​ ខែវិចិ្ឆកា​ ខាង​មុខ​នេះ»។

លោក​បាន​ថ្លែង​បន្ថែម​ទៀត​ថា​ ក្រុង​វ៉ាស៊ីនតោន​ត្រៀម​ខ្លួន​ធ្វើ​ការ​ជាមួយ​ប្រទេស​នានា​ដែល​សម្រេច​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​អ៊ីរ៉ង់។

ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ​ប្រទេស​ឥណ្ឌា​ផ្តល់​ការ​គាំទ្រ​ដល់​សហរដ្ឋ​អាមេរិក​លើ​ការ​ទប់​ទល់​នឹង​អាកប្បកិរិយា​គឃ្លើន​របស់​អ៊ីរ៉ង់៕ ប្រភព៖ VOA