​ភ្នំពេញ​ ៖ វិស័យ​ព្រៃឈើ បាន​និង​កំពុង​ប្រឈម ជាមួយ​បញ្ហា​ធំៗ​ជាច្រើន ដូចជា ការថយចុះ​ទំហំ​ផ្ទៃ​ដី​ព្រៃឈើ ដែល​បណ្តាល​មក​ពី​កំណើន តម្រូវការ​ដី​កសិកម្ម ស្រប​ទៅនឹង​កំណើន​ប្រជាជន ការរីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច ការកាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់ ការ​កំណត់​ព្រំ​រវាង​តំបន់​ព្រៃឈើ និង​ព្រៃ​ផ្តល់​ផល នៅ​មិនទាន់​ច្បាស់លាស់ ប្រសិទ្ធភាព នៃ​ការអនុវត្ត​ច្បាប់ ស្តីពី​ព្រៃឈើ នៅមានកម្រិត ជាដើម​។​

​នៅ​សណ្ឋាគារ Raffles Hotel Le Royal រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី “​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង ព្រៃ​ផ្តល់​ផល​”​។

​សិក្ខាសាលា​នេះ​ត្រូវ​បាន​សហការ​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ព្រៃឈើ ជាមួយ​អង្គការ UNDP និង​មាន​ការ ចូលរួម​ពី​សំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាង​ឲ្យ​អង្គការ UNDP និង​ដៃគូ​អភិវឌ្ឍ​ជាច្រើនរូប​ទៀត​។

​ជារួម​អង្គសិក្ខាសាលា​នេះ​មាន​គោលបំណង​សំខាន់​គឺ​៖ ទី​១ តាមដាន​ពី​វឌ្ឍនភាព​នៃ​ការរៀបចំ​ឯកសារ ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ព្រៃ​ផ្តល់​ផល​ឆ្នាំ​២០១៨-២០៣២ ទី​២ ស្វែងរក​ធាតុ​ចូល​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំង​ចំណេះដឹង បទពិសោធន៍ និង​អនុសាសន៍​ល្អៗ​រួច​ដាក់​បញ្ចូល ទៅក្នុង​សេចក្តីព្រាង​នេះ ប្រយោជន៍​ដើម្បី​កែសម្រួល ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ទាំង​ជា​លក្ខណៈ​ច្បាប់ និង​បច្ចេក​ទេស​រួច​ដាក់​ជូន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដើម្បី​ពិនិត្យ​និង​អនុម័ត​។

នា​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន​លើ​យក​ចំណុច​សំខាន់ៗ នៃ​វិស័យ​ព្រៃឈើ​មក​បញ្ជាក់ ជូន​អង្គ​សិក្ខាសាលា​ជ្រាប ដោយ​សង្ខេប​ជា​បន្តបន្ទាប់​ថា​៖ ព្រៃឈើ​បាន​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការការពារ​ថែរក្សា​លំនឹង​បរិស្ថាន ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​។ យល់ឃើញ​ពី​អត្ថប្រយោជន៍ នៃ​ធនធាន​ព្រៃឈើ​ជាតិ ដែល​មិន​អាច​កាត់ថ្លៃ​បាន រាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់ បន្ត​ធ្វើ​សកម្មភាព​កំណែទម្រង់​ស៊ីជម្រៅ លើ​វិស័យ​ព្រៃឈើ តាមយៈ​ការ ដាក់ចេញ​នូវ​គោលនយោបាយ និង​បទបញ្ជា​ជា​បន្តបន្ទាប់​ក្នុង​គោលបំណង​សំខាន់​គឺ​៖ ទី​១.​ការគ្រប់គ្រង​ធនធាន​ព្រៃឈើ ប្រកប ដោយ​និរន្តរភាព តាមរយៈ​ការត្រួតពិនិត្យ​លើ​ការធ្វើ​អាជីវកម្ម​ព្រៃឈើ ការថែរក្សា​ព្រៃ​បម្រុង ទុក​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក និង​រក្សាបាន​នូវ​តំបន់ដីសើម ដែល​ជា​ដែន​ជម្រក​មច្ឆជាតិ ទី​២.​ការពារ​ធនធាន​ធម្មជាតិ ជីវចម្រុះ និង​ប្រភេទ​រុក្ខជាតិ និង​សត្វព្រៃ​ដែល​រកកល​ជិត​ផុត​ពូជ និង​ទី​៣.​អភិវឌ្ឍ​សហគមន៍​ព្រៃឈើ ប្រកបដោយ​តម្លាភាព និរន្តរភាព តាមរយៈ​ការអភិវឌ្ឍ​នៅនឹងកន្លែង ដោយ​ប្រជា​សហគមន៍​នៅ​មូលដ្ឋាន​ផ្ទាល់ សមស្រប​ទៅ​តាម​សក្តានុពល​នៅ​តាម​ភូមិសាស្ត្រ​នី​មួយៗ ជា​ពិសេស​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ធម្មជាតិ ដើម្បី​បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល កាត់បន្ថយ​ការពឹងផ្អែក​ទាំងស្រុង លើ​ផល​និង​អនុផល​ព្រៃឈើ ការកាប់​ទន្ទ្រាន​រាន​ដី​ព្រៃ​ធ្វើ​ចំការ រួច​ឈាន​ទៅ​ធ្វើ​ការកាត់បន្ថយ​ភាពក្រីក្រ និង​ចំណាកស្រុក​។

ទោះជា​យ៉ាងណា វិស័យ​ព្រៃឈើ​បាន​និង​កំពុង​ប្រឈម ជាមួយ​បញ្ហា​ធំៗ​ជាច្រើន ដូចជា ការថយចុះ​ទំហំ​ផ្ទៃ​ដី​ព្រៃឈើ ដែល​បណ្តាល​មក​ពី​កំណើន​តម្រូវការ​ដី​កសិកម្ម ស្រប​ទៅនឹង​កំណើន​ប្រជាជន ការរីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម​ខ្នាតតូច​និង​មធ្យម ការកាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់ ការ​កំណត់​ព្រំ​រវាង​តំបន់​ព្រៃឈើ និង​ព្រៃ​ផ្តល់​ផល​នៅ​មិនទាន់​ច្បាស់លាស់ ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ ស្តីពី​ព្រៃឈើ​នៅមានកម្រិត និង​គម្លាត​ធំ​រវាង​ការផ្គត់ផ្គង់ និង​ការប្រើប្រាស់​ឈើផលិត​ផល​ឈើ និង​អនុផល​ព្រៃឈើ​ជា​ដើម​។​ល​។

ផ្តើមចេញ​ពី​បញ្ហា​ទាំងអស់នេះ រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជា​សេនាធិការ បាន​ដាក់ចេញ​នូវ​កម្មវិធី​កែទម្រង់​វិស័យ​ព្រៃឈើ ដែល​ក្នុងនោះ​មាន​ផែនការ​សកម្មភាព​សំខាន់ៗ​ជាច្រើន រួម​មាន​ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ព្រៃឈើ ការបង្កើត​និង​ពង្រឹង​សហគមន៍​ព្រៃឈើ ការអនុវត្ត​វិធានការ​យ៉ាង​ម៉ឺង​មាត់​ក្នុង​ការគ្រប់គ្រង​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ការពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង​ព្រៃ​បម្រុង​ទុក ការបង្កើត​តំបន់​ព្រៃ​សម្រាប់​អភិរក្ស​ធនធាន​ពន្ធុ​រុក្ខជាតិ និង​សត្វព្រៃ ព្រមទាំង​បោះបង្គោល​ព្រំ​ប្រទល់​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍ ការ​បណ្តុះ​កូនឈើ​នៅ​តាម​ស្ថានីយ​ផ្សព្វផ្សាយ ការដាំ​កូនឈើ​នៅ​តំបន់​ស្ដារ​ព្រៃឈើ​ឡើងវិញ និង​ទីតាំង​ផ្សេងៗ ពិសេស​ការរៀបចំ​ពិធី “​រុក្ខ​ទិវា​” ជា​រៀងរាល់ឆ្នាំ ដើម្បី​បំផុស​ចលនា​មហាជន​ទាំងអស់ ឱ្យ​ចូលរួម​ដាំ​ដើមឈើ ថែរក្សា ការពារ​ធនធាន​ព្រៃឈើ និង​ជីវចម្រុះ​ដែល​ជា​មរតក​ដ៏​មាន​តម្លៃ​សម្រាប់​មនុស្សជាតិ​ទាំងមូល​។ ពិត​ណាស់​សមិទ្ធផល​ដែល​សម្រេច​បាន គឺជា​ភាព​ជោគជ័យ​នៃ​ការអនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

ក្រៅពី​ការងារ​បច្ចេកទេស ក្រសួង​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត និង​ផែនការ​ជាតិ​នានា​ដែល​គាំទ្រ​ដល់​ការគ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​ចីរភាព​មាន​ជាអាទិ៍​៖ -​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​(២០១៤-២០១៨) -​គោលដៅ​អភិវឌ្ឍន៍​វិស័យ​​ព្រៃឈើ​ប្រកបដោយ​ចីរភាព (២០១៧-២០៣០) -​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​(២០១៤-២០១៨) -​យុទ្ធសាស្ត្រ​រេ​ដ​បូក​ជាតិ​(២០១៧-២០២៦) -​ការពិនិត្យ​ឡើងវិញ​នូវ​កម្មវិធី​ព្រៃឈើ​ជាតិ​(២០០៩-២០២៩) រួម​ទាំង​កម្មវិធី​សកម្មភាព​ជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការធ្លាក់ចុះ គុណភាព​ដី ឆ្នាំ​២០១៨-២០២៧ ផងដែរ​។

ដោយឡែក សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ព្រៃ​ផ្តល់​ផល ដែល​យើង​កំពុង​រៀបចំ​ធ្វើ​នាពេលនេះ គឺ​ក្នុង​គោលបំណង​បង្កើន និង​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​ព្រៃ​ផ្តល់​ផល ឲ្យមាន​និរន្តរភាព​នាពេលអ​នាគត ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ បង្កើន​កម្រិត​ជីវភាព​របស់​ប្រជា​សហគមន៍ រក្សា​កំណើនសេដ្ឋកិច្ច និង​អេកូឡូស៊ី​របស់ព្រៃ​ផ្តល់​ផល ពង្រីក​ជំនួញ​ផលិតផល​ព្រៃឈើ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ ទាំង​ថ្នាក់​ជាតិ​និង​អន្តរជាតិ ពង្រឹង​អភិបាលកិច្ច​ព្រៃឈើ អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស ជំរុញ​ឲ្យ​មាន​ការចូល​រួម​ពី​សហគមន៍ គាំទ្រ​ការគ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព ពង្រឹង​កិច្ច​សហការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍ អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ ។

ឆ្លៀត​យក​ឱកាស​ដ៏​មាន​តម្លៃ​នេះ​លោក​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​ឲ្យ​សមាជិក សមាជិកា​នៃ​អង្គសិក្ខាសាលា​ទាំងមូល​យក​អស់​ប្រាជ្ញា​ស្មារតី ចំណេះដឹង​និង​បទពិសោធន៍​ល្អៗ ដើម្បី​ធ្វើការ​ពិនិត្យ​ឲ្យបាន​ល្អិតល្អន់ និង​ស៊ីជម្រៅ​លើ​ធាតុ​ចូល​សំខាន់ៗ ដែល​បាន​លើកឡើង​ក្នុង​សេចក្តីព្រាង លើក​ទី​៥ ស្តីពី​ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ព្រៃ​ផ្តល់​ផល​នេះ និង​ជា​ពិសេស​ចំណុច​សំខាន់ៗ ដែល​ត្រូវ​ពិនិត្យ​ពិចារណា និង​ផ្តល់​យោបល់​ឲ្យបាន​ទូលំទូលាយ​ស៊ីជម្រៅ​ជាងគេ​នោះ​គឺ​៖ ទី​១-​ភាព​ស្របគ្នា​ទៅនឹង គោលនយោបាយ​ព្រៃឈើ​ជាតិ​និង​បទ​ប្បញ្ញត្តិ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទី​២-​ការលើកឡើង​នូវ​គោលដៅ​យុទ្ធសាស្ត្រ និង​សកម្មភាព​រួម​ទាំង​គម្រោង​ហិរញ្ញប្បទាន ក្នុង​ការដោះស្រាយ​ឧបសគ្គ ដែល​កើតឡើង​ក្នុង​ការគ្រប់គ្រង​ព្រៃ​ផ្តល់​ផល ទី​៣-​សមត្ថភាព​និង​ធនធាន​របស់​ស្ថាប័ន ក្នុង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ឲ្យបាន​សមស្រប​តាម​នីតិវិធី និង​ទី​៤-​បញ្ហា​ប្រឈម​នានា ដែល​អាច​ជា​ឧបសគ្គ ក្នុង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នេះ​៕ ​