នៅ​អាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​គំរាម​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ សីហា​ពី​ការ​ដក​អាមេរិក​ចេញ​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្មពិភពលោក ឬ​ហៅកាត់​ជា​ភាសា​អង់គ្លេស WTO។ ការ​ព្រមាន​ចង់​បញ្ចប់​សមាជិភាព​របស់​អាមេរិក​នៅ​ក្នុង WTO ពី​លោក​ត្រាំ​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អាមេរិក​បាន និង​កំពុង​បន្ត​បើក​សមរភូមិ​សង្រ្គាម​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​លោក រួម​មាន​ចិន រុស្ស៊ី តួកគី ឬ​សហភាព​អឺរ៉ុប​ជា​ដើម។

តែ​ទន្ទឹម​នឹង​គំរាម​ចង់​ដក​ខ្លួន​ចេញ អាមេរិក​ក៏​ដូច​ជា​ប្រទេស​ផ្សេង​ក៏​កំពុង​អំពាវនាវ​រក​ជំនួយ​ពី WTO ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​រវាង​គ្នា​ដែរ។

នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​លោក​ត្រាំ​បាន​គំរាម​ចង់​បញ្ចប់​សមាជិកភាព​របស់​អាមេរិក​ពី​អង្គការពាណិជ្ជកម្មពិភពលោក ឬ​ហៅកាត់​ជា​ភាសា​អង់គ្លេស WTO នោះ។ តាំង​ពី​បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​មក លោក​ត្រាំ​ធ្លាប់​បាន​វាយប្រហារ រិះគន់ ទិតៀន​មិន​សំចៃ​មាត់​លើ WTO និង​ព្រមាន​ពី​ការ​ចង់​ដក​អាមេរិក​ចេញ​ពី WTO។ តែ​គឺ​រូប​លោក​ត្រាំ​ដដែល​នេះ​ឯង​ដែល​កាល​ពី​ថ្ងៃទី២៩ មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ បែរ​ជា​បាន​ចេញ​មុខ​បដិសេធ​ថា លោក​គ្មាន​បំណង​ដក​អាមេរិក​ចេញ​ពី WTO ទេ។ ឥឡូវ​នេះ លោក​ត្រាំ​បាន​ត្រឡប់​មក​គំរាម​ជា​ថ្មី​តាម​រយៈ​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ Bloomberg News។

នៅ​ក្នុង​បទសម្ភាសន៍ លោក​ត្រាំ​បាន​ចោទ​ស្ថាប័ន​ទទួល​បន្ទុក​ដោះស្រាយ​ជម្លោះ​របស់ WTO ពី​បទ​មាន​ភាព​លំអៀង​ដោយ​កាត់​ក្តី​ឲ្យ​អាមេរិក​ចាញ់ ច្រើន​ជាង​ឈ្នះ។ គួរ​រម្លឹក​ជូន​ថា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ប្រសូត្រ​ឡើង​ក្នុង​ថ្ងៃទី១ មករា ឆ្នាំ ១៩៩៥ និង​ដែល​អាមេរិក​ក៏​ជា​ប្រទេស​ស្ថាបនិក​មួយ​ដែរ។ ម្យ៉ាង​ទៀត​នៅ​ផ្ទៃក្នុង WTO ក៏​មាន​ស្ថាប័ន​ជា​ច្រើន ហើយ​គឺ​ស្ថាប័ន​ទទួល​បន្ទុក​ដោះស្រាយ​ជម្លោះ​ដែល​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​លោក​ត្រាំ​នៅ​ពេល​នេះ។ ចូរ​កុំ​ភ្លេច​ថា ស្ថាប័ន​ទទួល​បន្ទុក​ដោះស្រាយ​ជម្លោះ​ជា​អ្នក​ទទួល​បណ្តឹង និង​ជា​អ្នក​កាត់ក្តី​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក។

លោក​ដូណាល់ ត្រាំ​ចង់​ធ្វើ​កំណែទម្រង់​លើ​ស្ថាប័ន​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ

គេ​អាច​ប្រដូច​ស្ថាប័ន​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ទៅ​នឹង​ស្ថាប័ន​តុលាការ​មួយ ព្រោះ​ស្ថាប័ន​នេះ​មាន​ចៅក្រម​ទាំង​អស់​ចំនួន ៧រូប​សម្រាប់​សិក្សា​លើ​បណ្តឹង​របស់​ប្រទេស​សមាជិក​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម។ ដើម្បី​អាច​ពិនិត្យ​លើ​បណ្តឹង​មួយ​បាន គេ​ចាំ​បាច់​ត្រូវ​មាន​ចៅក្រម​យ៉ាង​តិច ៣នាក់ តែ​សព្វ​ថ្ងៃ​នេះ នៅ​សល់​ចៅក្រម​តែ ៣នាក់​ប៉ុណ្ណោះ ព្រោះ​ចៅក្រម ៤រូប​ដែល​បាន​ផុតអាណត្តិ​មិន​ត្រូវ​បាន​គេ​បន្ត​អាណត្តិ​ឲ្យ​ទេ។ មួយ​វិញ​ទៀត ចៅក្រម​ទាំង ៣នាក់​ដែល​នៅ​សល់ មាន​ម្នាក់ គឺ​លោក Shree Baboo Chekitan Servansing ត្រូវ​ផុតអាណត្តិ​នៅ​ដំណាច់​ខែ​កញ្ញា​ខាង​មុខ និង ២នាក់​ទៀត​នឹង​ត្រូវ​ផុតអាណត្តិ​នៅ​ដំណាច់​ឆ្នាំ ២០១៩។

ជា​រួម គឺ​អាមេរិក​ជា​អ្នក​ដែល​បាន​បិទខ្ទប់​ការ​បន្ត​អាណត្តិ​របស់​ចៅក្រម​ដូច​ករណី​ចៅក្រម Servansing ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​សម្រេច​មិន​បន្ត​អាណត្តិ​ឲ្យ​កាល​ពី​ថ្ងៃ​ពី​ដើម​សប្តាហ៍​នេះ។ បើ​អាមេរិក​បន្ត​បិទខ្ទប់​មិន​បន្ត​អាណត្តិ​លោក Servansing នោះ​ដំណើរការ​របស់​ស្ថាប័ន​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​នឹង​ត្រូវ​ជាប់គាំង។ មែនទែន​ទៅ ការ​ស្តីបន្ទោស រករឿង​លើ​ស្ថាប័ន​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​នៅ WTO ពី​សំណាក់​ភាគី​អាមេរិក​មិនមែន​ទើប​កើត​មាន​នៅ​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​ទេ តែ​បាន​កើត​មាន​តាំង​ពី​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា​មក​ម្ល៉េះ គ្រាន់​តែ​ថា​ក្នុង​ជំនាន់​លោក​ត្រាំ រឿងរ៉ាវ​ច្រំដែល​មួយ​នេះ​ហាក់​កាន់​តែ​រីកធំ និង​ខ្លាំង​ជាង​មុន។

ក្រោម​ភ្នែក ច្រមុះ​របស់​អាមេរិក ស្ថាប័ន​មួយ​នេះ​មិន​បាន​គោរព​តាម​នីតិវិធី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​របស់ WTO និង​ពិសេស​ទៀត​នោះ មាន​ភាព​លំអៀង​ដោយ​កាត់ក្តី​ឲ្យ​អាមេរិក​ចាញ់ ច្រើន​ជាង​ឈ្នះ។

តើ​គួរ ឬ​មិន​គួរ​ធ្វើ​កំណែទម្រង់​លើ​អង្គការ​ពាណិជ្ជកម្មពិភពលោក?

បើ​ពិនិត្យ​មើល​ស្ថានការណ៍​ពិភពលោក​សព្វ​ថ្ងៃ កំណែទម្រង់​លើ​អង្គការ​ពាណិជ្ជកម្មពិភពលោក​ជា​រឿង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន ប្រសិន​បើ​គ្រប់​គ្នា​ចង់​ឲ្យ​ពិភពលោក​មាន​សណ្តាប់ធ្នាប់​ឡើង​វិញ​នៅ​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម។ ប្រសូត្រ​ឡើង​តាំង​ពី​ថ្ងៃទី១ មករា ឆ្នាំ ១៩៩៥ អង្គការ​ពាណិជ្ជកម្មពិភពលោក ឬ WTO មាន​សមាជិក​ពេញសិទ្ធិ​ចំនួន ១៦៤ប្រទេស និង​មាន​ក្រុម​អ្នកសង្កេតការណ៍​ដែល​អាច​ជា​អង្គការ ឬ​ស្ថាប័ន​អន្តរជាតិ​ដូច​យ៉ាង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ឬ​ជា​ប្រទេស​ដែល​កំពុង​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក។

តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា វត្តមាន WTO ជិត ២៥ឆ្នាំ​កន្លង​ទៅ​នេះ ផលប្រយោជន៍​សេដ្ឋកិច្ច​ដែល​សមាជិក​ពេញ​សិទ្ធិ​ទាំង ១៦៤ប្រទេស​ទទួល​បាន គឺ​មិន​ស្មើភាព​គ្នា​ទេ។ បន្ទាប់​មក ច្បាប់​របស់​អង្គការ​មួយ​នេះ​ក៏​ត្រូវ​បាន​ប្រទេស​សមាជិក​ភាគ​ច្រើន​រំលោភបំពាន​ដែរ។ ពិត​ណាស់​ថា ទោះ​បី​ជា​ប្រទេស​សមាជិក​ភាគ​ច្រើន​កំពុង​បន្ត​រត់រក WTO ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ក៏​ដោយ ក៏​ទន្ទឹម​គ្នា​នេះ ពួក​គេ​ក៏​បន្ត​ធ្វើ​អ្វី​ស្រេច​នឹង​ក្បាល​ចិត្ត​ដែរ ពិសេស​ការ​អនុវត្ត​នយោបាយ​ការពារនិយម ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ​អាត្មានិយម។ អាមេរិក​ដោយ​អាមេរិក​ទៅ ចិន​ដោយ​ចិន​ទៅ និង​ជប៉ុន​ដោយ​ជប៉ុន​ទៅ។

ករណី​ដែល​អាមេរិក​បាន​ប្រកាស​សង្រ្គាមពាណិជ្ជកម្ម​ទល់​នឹង​​ប្រទេស​ជា​ច្រើន​តាម​រយៈ​ការ​ដំឡើង​ពន្ធ​លើ​ផលិតផល​នាំ​ចូល​រវាង​គ្នា​ទៅ​វិញ ទៅ​មក​ក៏​ត្រូវ​បាន​គ្រប់​គ្នា​មើល​ឃើញ​ថា ជា​ការ​រំលោភ​ច្បាប់ WTO ដែរ។ គេ​សង្កេត​ឃើញ​ជា​រួម​ថា​សព្វថ្ងៃ អ្នក​ណា​ខ្លាំង អ្នក​នោះ​ឈ្នះ។ ដូច្នេះ កំណែទម្រង់​លើ​អង្គការ​ពាណិជ្ជកម្មពិភពលោក​ជា​រឿង​ចាំ​បាច់ ហើយ​គំនិត​មួយ​នេះ​ត្រូវ​បាន​យល់ស្រប​ដោយ​សមាជិក​ភាគច្រើន រួម​ទាំង​អាមេរិក​ផង​ដែរ៕ ប្រភព៖ RFI