​ខេត្ត​ព្រះសីហនុ​ ៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុងព្រះសីហនុ បាន​គាំទ្រ​ចំពោះ​វិធានការ​ក្តៅ របស់ លោកអ៊ី​សុខ​ឡេង ដែល​បាន​មាន​វិធានការ​ក្តៅ​ចំពោះ​ការដ្ឋាន​សំណង់​ខុសច្បាប់ និង​ដឹក​ដី​ជ្រុះ​អាចម៍ដី​ប្រឡាក់​ផ្លូវ​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​ចាត់​មន្ត្រី​ឲ្ត​ចុះទៅ ការដ្ឋាន​សំណង់​អត់​ច្បាប់​ចំនួន ២​កន្លែង និង​បាន​កាយ​អាចម៍ដី​គ្មាន​លក្ខណៈ​បច្ចេកទេស និង​ដឹក​ដី​ជ្រុះ​ប្រឡាក់​ផ្លូវថ្នល់ នាំ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ក្រុង​ទេសចរណ៍​។ មន្ត្រីរដ្ឋបាល​ក្រុង ឲ្យ​ដឹងថា ទីតាំង​ការ​រដ្ឋា​ន​ខាងលើ ស្ថិតនៅ​ភូមិ​៣ សង្កាត់​៣ និង​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​ទាក់ទិន​បញ្ហា​នេះ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន របស់លោក​នៅ​ថ្ងៃអាទិត្យ ទី​២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ថា ជា​វិធានការ​ជំហាន​ដំបូង រដ្ឋបាល​ក្រុង បាន​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន និង​មន្ទីរ​រ៉ែ បាន​ចុះ​បិទ​ការដ្ឋាន និង​ចាប់​ឡាន​ដឹក​ដី ១​គ្រឿង និង​ឡាន​អា​អ៊ិ​ច ១​គ្រឿង យកមក​រក្សាទុក​នៅ​សាលាក្រុង ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី​ច្បាប់​៕