ក្រសួងការពារ​ជាតិ​អាមេរិក ចង់​លុប​ចោល​ទៅ​វិញ ជំនួយ​៣០០​លាន​ដុល្លារ ដែលអាមេរិក​ធ្លាប់បាន​​​សន្យាជួយ​ប៉ាគីស្ថាន​ ពី​មុន។ មូលហេតុ​មក​ពី​ប៉ាគីស្ថាន មិន​បាន​បញ្ចេញ​សកម្មភាព​​ជាក់លាក់ ស្រប​តាមយុទ្ធសាស្ត្រ​អាមេរិក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​របស់ពួក​អ៊ីស្លាម​ជ្រុលនិយម​ នៅក្នុង​តំបន់។

Loading...

ដោយ​ហេតុ​តែ​ប៉ាគីស្ថាន​ គ្មាន​បញ្ចេញ​សកម្មភាព​ច្បាស់លាស់ បន្ថែម​ពី​លើ​យុទ្ធសាស្ត្រ​អាមេរិក​សម្រាប់​អាស៊ី​ខាង​ត្បូង ទឹក​ប្រាក់​ជំនួយ ៣០០​លាន​ដុល្លារ​ បូក​ថែម​ទាំង​មូលនិធិ​មិនមែន​សម្រាប់​ប៉ាគីស្ថានផង នឹង​ត្រូវ​បង្វែរ​យក​ទៅ​ប្រើ​នៅ​ក្នុង​កម្មវិធី​ផ្សេង​ដែល​បន្ទាន់​ជាង​ កាលពី​ខែ​មិថុនា​និង​កក្កដា​​២០១៨​​វិញ។

អាមេរិកផ្តល់​​ជំនួយ​ឱ្យ​ប៉ាគីស្ថាន ដើម្បី​ឱ្យ​​​អាជ្ញាធរ​ប៉ាគីស្ថាន​​​​​ប្រយុទ្ធកម្ចាត់​​ក្រុម​ប្រដាប់​អាវុធ​អ៊ីស្លាម​ជ្រុលនិយម​​នៅ​តាម​តំបន់​ជាប់​ព្រំប្រទល់​ជាមួយ​អាហ្វហ្កានីស្ថាន ប៉ុន្តែ​ក្រុង​អ៊ីស្លាមាបាតបែរ​ជា​បណ្តែតបណ្តោយ​ ​មិន​ដឹងមិន​ឮ ឬ​ថែម​ទាំង​បាន​សហការ​ជាមួយ​ពួក​អ៊ីស្លាម​ជ្រុល​និយម និងពួក​តាលីបង់។ នេះ​បើ​តាម​សារចោទ​ប្រកាន់​​របស់​ក្រសួង​ការពារជាតិ​អាមេរិក​​ផ្ញើមក​កាន់​ភ្នាក់ងារសារព័ត៌មាន​បារាំង។

កាលពី​ដើម​ឆ្នាំ​ អាមេរិក​បាន​ព្យួរ​​​ជំនួយ​សន្តិសុខរាប់​រយ​លាន​ដុល្លារ​ ពី​ប៉ាគីស្ថាន​រួចម្តង​​ហើយ និង​​​បាន​ព្រមាន​​​បង្កក​ជំនួយ​រហូត​​២ពាន់​ដុល្លារ​​ទៀត​ផង។ សេចក្តី​សម្រេច​នេះ ធ្វើ​ឡើង​ក្រោយ​សារទ្វីត​របស់​លោក ត្រាំ ថាអាមេរិក​ចំណាយ​ថវិកា​អត់​ប្រយោជន៍​ជួយ​ប៉ាគីស្ថាន​អស់​៣៣ពាន់​លាន​ដុល្លារ​ ក្នុង​រយៈ​១៥​ឆ្នាំ​ ដោយ​​គ្មាន​បាន​អ្វី​ត្រលប់​មក​វិញ​ទេ ក្រៅ​ពី​ការ​ភូតភរ​ ការ​ម៉ាក់ងាយ​មេដឹកនាំអាមេរិក​ថា​ល្ងីល្ងើទេ។ ប៉ាគីស្ថាន​ផ្តល់​ជម្រក​ឱ្យ​ពួក​ភេរវជន​ ដែល​អាមេរិក​បណ្តេញ​ពី​អាហ្វហ្កានីស្ថាន !”

តាមការ​ពិត​ ប៉ាគីស្ថាន​បាន​បើក​យុទ្ធនាការ​យ៉ាង​សន្ធាប់​ប្រឆាំង​នឹង​ក្រុមប្រដាប់​អាវុធ​អ៊ីស្លាម​ជ្រុលនិយម​មួយ​ចំនួន​ ដែល​គំរាម​កំហែង​សន្តិសុខ​ជាតិ ប៉ុន្តែ​មិន​គ្រប់​គ្រាន់​សម្រាប់​ក្រសែ​ភ្នែក​អាមេរិក​ឡើយ។ កាលពី​ខែ​មីនា អ្នក​ទទួល​ខុស​ត្រូវអាមេរិក​ម្នាក់​បាន​ព្រលយ​ថា ប៉ាគីស្ថាន​ធ្វើ​សកម្មភាពតិច​តួច​បំផុត​​ ដើម្បី​កុំ​ឱ្យ​មិន​ធ្វើ​​​តាម​សំណើ​អាមេរិក​តែ​ប៉ុណ្ណោះ គឺ​មិន​បាន​ប្រើ​អស់​កម្លាំង​និង​សមត្ថភាព​របស់​ពួក​គេ​ឡើយ។​ មាន​ពួក​​អ៊ីស្លាម​ជ្រុលនិយមជា​ច្រើន​ក្រុមផ្សេង ដែល​ប៉ង​វាយប្រហារ​រដ្ឋាភិបាល​ និង​​​វាយប្រហារលើ​​ទាហាន​អាមេរិកនៅ​​អាហ្វហ្កានីស្ថាន ឱ្យ​ស្លាប់​អស់​ជា​ច្រើន​នាក់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាមេរិក​ត្រូវ​តែ​បន្ត​ដាក់​គំនាប ដើម្បី​ឱ្យ​ប៉ាគីស្ថាន​វាយដៅ​លើ​គ្រប់​ក្រុម​ភេរវនិយម​​ដោយ​គ្មាន​ការ​អើសអើង​៕ ប្រភព៖ RFI