ពាក្យ​សន្យាទាំង​ឡាយ​ ​ដែលពិភពលោក​​ចុះ​ជា​កិច្ចព្រមព្រៀង​អាកាសធាតុក្រុង​ប៉ារីស ឆ្នាំ​២០១៥ មិន​អាច​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី​ ឱ្យ​ឡើង​ត្រឹមក្រោម​ ២​អង្សារ​ នៅ​ចុង​សតវត្សរ៍ បាន​ទេ ! នេះ​បើ​តាម​កា​រព្រមាន​របស់​លេខាសន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​​​អាកាសធាតុ លោកស្រីប៉ាទ្រីស្យ៉ា អេស្ពីណូហ្សា Patricia Espinosa។

នៅ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ អនុម័ត​កាលពី​ឆ្នាំ​២០១៥ ក្នុង​ឱកាស​សន្និសីទ​អន្តរជាតិ​COP២១ ពិភពលោក​បាន​កំណត់​កម្មវត្ថុ​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​នៃភពផែនដី​​នៅ​ឆ្នាំ​២១០០ ឱ្យ​ក្រោម​២​អង្សារ បើ​ប្រៀប​ទៅ​នឹង​កម្តៅ​អាកាសធាតុមុន​សម័យ​ឧស្សាហកម្ម​​។ បើ​តាម​ពាក្យ​ប្តេជ្ញា​ចិត្ត​ ពិភពលោក​ចង់​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង កំរិត​ការ​ឡើង​កម្តៅ​នៃ​ផែនដី ត្រឹម​១,៥អង្សារ។ ព្រោះ​ជា​កំរិត​ដ៏​ចាំ​បាច់ សម្រាប់​បណ្តា​ប្រទេសនិង​កោះ​​​ជា​ច្រើន​ ដើម្បី​គេច​រួច​ពី​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ផង និង​ការ​លិច​បាត់​ផង។

ប៉ុន្តែ​ជាមួយ​ពាក្យសន្យា​ដែលបានកំណត់​ក្នុង​ដំណាក់កាល​នេះ ពិភពលោកពិត​ជាមិន​អាច​សម្រេច​កម្មវត្ថុ​ដូច​បំណង​ឡើយ ! យើង​​កំពុង​ដើរ​ខុស​ផ្លូវ​ហើយ ! នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក​ស្រី Patricia Espinosa។

ថ្លែង​មុន​បើក​ជំនួប​ចរចា​ស្តី​អំពី​អាកាសធាតុ នៅ​ទីក្រុង​បាងកក ពី​ថ្ងៃទី ៤-៩​កញ្ញា លោកស្រីលេខា​សន្ធិសញ្ញា​គោល​របស់​អង្គការ​សហប្រជាជាតិ​ស្តី​អំពី​ការ​ផ្លាស់ប្តូរ​អាកាសធាតុ យល់​ថា ភាព​ក្តៅ​ហួត​ហែង​ខ្លាំង នៅ​អឺរ៉ុប នា​រដូវ​ក្តៅ​ឆ្នាំ​នេះ ឬ​គ្រោះភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី អាមេរិក …ជា​ឧទាហរណ៍​ជាក់​ស្តែង សម្រាប់​ពិភពលោក ក្នុង​ការ​ផ្តល់​សន្ទុះ​ថ្មី​ ដល់​ការ​ប្រយុទ្ធ​ប្រឆាំងរួម​​ នឹងប្តូរ​ផ្លាស់​អាកាសធាតុ។ ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ជះ​ឥទ្ធិពល​ប៉ះពាល់​ខ្លាំង ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​លោក ដែល​ទាមទារ​ឱ្យ​គ្រប់​គ្នា​ត្រូវ​បញ្ចេញ​សកម្មភាព​ជាបន្ទាន់​និ​ងដោយ​គ្មាន​បង្អង់។

សូម​បញ្ជាក់​ថា ជំនួប​ពិភាក្សា​នៅ​ទីក្រុង​បាងកក នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ត្រៀម​រៀប​ចំ​សន្និសីទ​អន្តរជាតិ​ស្តី​អំពី​អាកាសធាតុ​លើក​ទី ២៤ ឬ​COP២៤ នៅ​ប្រទេស​ប៉ូឡូញ នា​ខែ​ធ្នូ​ខាង​មុខ ជា​មួយ​នឹង​កម្មវត្ថុ​សម្រេច​ឱ្យ​បាន​​ការ​កំណត់​វិធាន​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀងអាកាសធាតុ​ក្រុង​​ប៉ារីស។ លោកស្រី​សង្ឃឹម​ថា​ជំនួប​ប្រជុំ​នៅ​ប្រទេស​ថៃ​នេះ នឹង​ភាព​ជឿន​លឿន​ខ្លាំង និង​សម្រេចគម្រោង​វិធាន​ដ៏​រឹង​ម៉ាំបាន៕ ប្រភព៖ RFI