​ក្រសួង​ទេសចរណ៍ បានបង្ហាញ​ការព្យាករណ៍​ថា នៅ​ឆ្នាំ​២០១៨ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ ៦,២ លាន​នាក់ និង​នៅ​ឆ្នាំ​២០២០ ប្រមាណ​ជាង ៧​លាន​នាក់ ហើយ​ដល់​ឆ្នាំ​២០៣០ នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ១៥​លាន​នាក់ និង​ទេសចរ​ជាតិ​ប្រមាណ​១៣​លាន​នាក់​។ ដើម្បី​ឆ្លើយតប​នឹង កំណើន​ភ្ញៀវ​ទេសចរ​នេះ កម្ពុជា​ត្រូវការ​សណ្ឋាគារ​ប្រមាណ​ជាង ១០​ម៉ឺន​បន្ទប់ (​សណ្ឋាគារ​ប្រណិត លំដាប់​ផ្កាយ ៤ និង​ផ្កាយ​៥ ប្រមាណ​៦០​ភាគរយ ស្មើ​ប្រមាណ​៦​ម៉ឺន​បន្ទប់​) នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​សម្រាប់​ខេត្ត​ព្រះសីហនុ ត្រូវការ​បន្ទប់​សណ្ឋាគា​រ​ជាង ៣​ម៉ឺន​បន្ទប់​បន្ថែមទៀត (​សណ្ឋាគារ​ប្រណិត​ជាង​២​ម៉ឺន​បន្ទប់​) ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ២​លាន​នាក់ និង​ទេសចរ​ជាតិ​ប្រមាណ ៣​លាន​នាក់​នៅ​ឆ្នាំ​២០៣០​។​

Loading...

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ទៅកាន់​អ្នក​វិនិយោគិន​ចិន និង​អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទូរទស្សន៍ ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ​មួយ ក្រោម​ការវិនិយោគ​របស់​ចិន នា​ល្ងាច​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ខេត្ត​ព្រះសីហនុ ។​

​លោក​រដ្ឋមន្ត្រី បង្ហាញ​ការគាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ និង​អំពាវនាវ​ឲ្យមាន​ការវិនិយោគ​បន្ថែមទៀ​ត ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត និង​ទទួលខុសត្រូវ​ខ្ពស់ គោរព​តាម​បទដ្នាន​បរិស្ថាន និង​គោលការណ៍​ការណែនាំ របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង តំបន់​ឆ្នេរសមុទ្រ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ទេសចរ និង​និរន្តរភាព​ទេសចរណ៍​នាពេល​បច្ចុប្បន្ន និង​ពេលអនាគត​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ការវិនិយោគ​សណ្ឋាគារ​ប្រណិត​លំដាប់​អន្តរជាតិ​មួយ ដោយ​ត្រូវ​មាន​ការគិតគូរ​យ៉ាង​ម៉ត់ចត់ ដល់​កិច្ច​ការ​ពារ​​បរិស្ថាន និង​គម្រោង​ល្អៗ​ដ៏ទៃទៀត ដែល​អាច​ជួយ​ដល់​ការផ្សព្វផ្សាយ​កម្ពុជា ទៅ​កាន់​ទីផ្សារ​ពិភពលោក ៕