​ភ្នំពេញ​ ៖ លោក គឹម សុខ អ្នកវិភាគ​នយោបាយ​សង្គម និង​កូនស្រី បាន​រត់​ភៀសខ្លួន​ដល់​ប្រទេស​ថៃ​ដោយ​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​៣០ ខែសីហា​កន្លងទៅ​។ ការ​រត់​បាត់​ខ្លួន​គេច​ពី​ប្រទេស​កម្ពុជា ដោយសារតែ​លោក​គឹម សុខ ដែល​ទើបតែ​ចេញពី​ពន្ធនាគារ​ព្រៃ​ស គ្មាន​លុយ​សង​សំណង​ទៅ​សម្តេច​តេជោ ហ៊ុន សែន ហើយ​ត្រូវបាន​សម្តេច​តេជោ ទារ​លុយ​សំណង​ជំងឺ​ចិត្ត​។ ការ​ភៀសខ្លួន​របស់លោក​គឹម សុខ ធ្វើឡើង​ក្រោយ​ពេល​សម្តេច​តេជោ ហ៊ុន សែន បាន​គំរាម​ចាប់ខ្លួន ឡើងវិញ ប្រសិនបើ​អ្នកវិភាគ​រូប​នេះ​មិន​សង​សំណង​ចំនួន​៨០០​លាន​រៀល​។​

Loading...

​លោក គឹម សុខ ត្រូវបាន​តុលាការ ដោះ​លែងឲ្យ​មាន​សេរីភាព កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ក្រោយពី​លោក​ជាប់​ពន្ធនាគារ​អស់​រយៈ ពេល​១៨​ខែ គ្រប់​អាជ្ញា​យុ​កាល នៃ​បណ្តឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចោទថា​ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី​។ ប៉ុន្តែ​លោក គឹម សុខ នៅ​ជាប់​ក្នុង​សំណុំរឿង​មួយទៀត​ពី​ការ​ចោទថា រាជរដ្ឋាភិបាល​ថា បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស តែ​រក​ឃាតក​មិនឃើញ​។​

​សម្តេច​តេជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៩​ខែ​សីហា ក្នុង​ពិធី​ជួបជុំ​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ បាន​ថ្លែងថា លោក គឹម សុខ នៅ​មិន​ទាន់​បង់​ប្រាក់​សំណង​ចំនួន​៨០០​លាន​រៀល មកឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេ ក្រោយពេល​ចេញពី​ពន្ធនាគារ​។​

ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ព្រមាន​ថា​នឹង​ប្ដឹង​អ្នកវិភាគ​សង្គម លោក គឹម សុខ ដាក់​ពន្ធនាគារ​វិញ ប្រសិនបើ​មិន​សង​ប្រាក់​សំណង ៨០០​លាន​រៀល ស្មើ​នឹង​ប្រមាណ​២០​ម៉ឺន​ដុល្លារ​មកឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​នោះ​។​

​បន្ទាប់​ពី​រត់គេចខ្លួន​បាត់ លោក លាង សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក គឹម សុខ ចូលខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ និងញុង​ញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​

បើ​យោង​តាម​ដី​បង្គាប់​ឲ្យចូល​ខ្លួន​របស់​តុលាការ នៅ​ថ្ងៃ​ត្រង់​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា បង្គាប់​មក​ឈ្មោះ គឹម សុខ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ កើត​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​១៩៨០ ជនជាតិខ្មែរ មាន​អាសយដ្ឋាន​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល សង្កាត់​វត្ត​ភ្នំពេញ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​អាសយដ្ឋាន​ចុងក្រោយ​) ឲ្យចូល​ខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទប់ ឈ ជាន់​ទី​៤ ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨៖៣០​នាទី​ព្រឹក ដើម្បី​៖ មក​សាកសួរ​យក​ចម្លើយ​ពី​ដំណើររឿង បរិហាកេរ្ដិ៍​ជា​សាធារណៈ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​

​លោក​ឧត្តមសេនីយ៍ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​សង្គម​នៅ​កម្ពុជា ដែល​ទើប​ត្រូវ​ដោះលែង​ចេញពី​ពន្ធនាគារ បាន​រត់គេចខ្លួន​ទៅ​ដល់​ប្រទេស​ថៃ​បាត់​ហើយ តាម​ច្រករបៀង ហើយ​នៅពេលនេះ សមត្ថកិច្ច​កម្ពុជា កំពុង​សហការ​ជាមួយ​ជាមួយ​សមត្ថកិច្ច​របស់​ថៃ ដើម្បី​តាម​ស្វែងរក​លោក គឹម សុខ​។​

​លោក គឹម សុខ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧​កន្លងទៅ ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញ​ទ្ធី សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ប្រាក់​ចំនួន ៨​លាន​រៀល រួម​នឹង​ប្រាក់​សងជំងឺចិត្ត​ដល់​ដើមបណ្តឹង ៨០០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យមាន​បទឧក្រិដ្ឋ​ជាអាទិ៍​៕ ​