យោធា​អ៊ុយក្រែន​ បាន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​រួម​ ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ ព្រមទាំង​បណ្តា​ប្រទេស​​ជា​សមាជិក​​អង្គការ​អូតង់​មួយ​ចំនួន​ផ្សេ​ងទៀត។ លំហាត់​សឹក​​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​អ៊ុយក្រែន​កំពុង​បន្ត​មាន​ភាព​តាន​តឹង​ខ្លាំង​​ជាមួយ​រុស្ស៊ី​ជិត​ខាងផង និង​ក្នុង​ខណៈ​ដែល​រុស្ស៊ី ក៏​នឹង​ត្រូវ​ចាប់​ផ្តើម​សមយុទ្ធ​ប្រចាំ​ឆ្នាំ​របស់​គេ​នៅ​សប្តាហ៍​ក្រោយ។

សមយុទ្ធ”Rapid Trident” ​ ​បាន​ចាប់​ផ្តើម​នៅថ្ងៃ​ចន្ទ​ទី ៣ កញ្ញា​ រហូត​ដល់​ថ្ងៃទី ១៥​កញ្ញា ប្រព្រឹត្ត​ទៅ​នៅ​ភាគ​ខាង​លិច​ប្រទេស​អ៊ុយក្រែន ដោយ​មាន​ទាហាន​​ចូល​រួម​ចំនួន ២២០០​នាក់ និងកង​​​យុទ្ធភណ្ឌ​៣៥០​គ្រឿង​ មក​ពី​ប្រទេស​ចំនួន​១៤ ក្នុង​១០​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់។

ក្រៅ​អំពី​អ៊ុយក្រែន ប្រទេស​ជា​អតីត​សហភាព​សូវៀត​បី​ដែល​បាន​ក្លាយ​ជា​សមាជិក​អូតង់​ អាស៊ែប៉ៃហ្សង់ ហ្សកហ្ស៊ី និង​ម៉ុលដាវី ក៏​បាន​ចូល​រួម​ធ្វើ​សមយុទ្ធ​នេះ​ដែរ។ ក្រុម​ប្រទេស​​ដែល​សហការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ថ្ងៃនេះ គឺ​ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​​អ៊ុយក្រែន ក្នុង​កិច្ចការពារ​សន្តិសុខ​ អធិបតេយ្យភាព និង​បូរណភាពដែន​ដី​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី​ Marie Yovanovitch ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​ក្រុង​គៀវ ក្នុង​ពិធី​បើក​សម្ពោធ​សមយុទ្ធ។

អ្វី​ជា​ការ​កត់​សម្គាល់ សមយុទ្ធ​សាមគ្គីភាព​នេះ បាន​រៀប​ចំ​ធ្វើ​ឡើង តែ​មួយ​សប្តាហ៍​មុន​​លំហាត់​សឹក​”Vostok-2018″ ដែលជា​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​របស់​យោធា​រុស្ស៊ី និង​ដែល​ម៉ូស្គូ​មាន​ទម្លាប់​ធ្វើ​តាំង​ពី​ឆ្នាំ ១៩៨០​មក។ លំហាត់​សឹករុស្ស៊ី រយៈ​ពេល​បួន​ថ្ងៃ ពី​ថ្ងៃទី ១១-១៥​កញ្ញា​ឆ្នាំនេះ​ មាន​ទាហាន​ចូល​រួម​ចំនួន​ប្រមាណ​៣សែន​នាក់ និង​បាន​ការ​ចូល​រួម​​ពី​សំណាក់​​កងពល​របស់​ចិន និង​ម៉ុងហ្គោលី​ផង។ ទីតាំង​សមយុទ្ធ​ស្ថិត​នៅ​តំបន់​ស៊ីបេរី និង​ភាគ​ខាង​តកើ​ត​បំផុត​របស់​រុស្ស៊ី។

តាំង​ពី​ឆ្នាំ​២០១៤ និង​​ក្រោយ​ការ​ផ្តាច់​យក​ក្រុង​គ្រីមេមក រុស្ស៊ី​និង​អ៊ុយក្រែន មិន​ដែល​មើល​មុខ​គ្នា​ចំ​ទេ ! ​ ភាគ​ខាងកើត​អ៊ុយក្រែន បាន​ធ្លាក់​ក្នុង​ជ​ម្លោះ​បង្ហូរ​ឈាម​រវាង​កង​កម្លាំង​​រដ្ឋាភិបាល​ក្រុង​គៀវ ​និងពួក​ឧទ្ទាម​ចង់​ផ្តាច់​ទឹក​ដី​គាំទ្រ​ដោយ​រុស្ស៊ី។ ជម្លោះ​បាន​បង្ក​ឱ្យ​ស្លាប់​ជីវិត​មនុស្ស​ជាង​១​ម៉ឺន​នាក់។

កិច្ចព្រមព្រៀង​​សន្តិភាព​ក្រុង​ ឆ្នាំ​២០១៥ បាន​កាត់​បន្ថយ​ជម្លោះ​ប្រដាប់​អាវុធ​បាន​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់ ប៉ុន្តែ​អំពើ​ហិង្សា​នៅ​តែ​បន្ត​​មាន​តាម​បណ្តោយ​សមរភូមិ​ជួរមុខ។ យោធា​អ៊ុយក្រែន​ទើប​​បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ក៏​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុងក្រោយ​នេះ​មាន​ទាហាន​​អ៊ុយក្រែន​ នៅភាគ​ខាង​កើត​ប្រទេស ៨​នាក់​បាន​រង​របួស​ទោះ​បី​មាន​បទឈប់​បាញ់​ថ្មី​ចូល​ជា​ធរមាន​កាលពី​សប្តាហ៍​មុន​ហើយ​ក៏​ដោយ៕ ប្រភព៖ RFI