ការ​ប្រកួត​កីឡា Asian Games លើក​ទី ១៨ នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​មាន​ការ​រៀបចំ​ពិធី​ផ្ដោត​លើ​ភាព​ចម្រុះ​ជាតិ​សាសន៍​របស់​ប្រទេស​ឥណ្ឌូណេស៊ី និង​ទំនាក់ទំនង​ដែល​ភ្ជាប់​កីឡាករ​ចំនួន ១ ម៉ឺន ១ ពាន់​នាក់​មក​ពី​ប្រទេស​ចំនួន ៤៥ ដែល​ចូលរួម​ប្រកួត​នៅ​ក្នុង​កីឡា​នេះ។

នៅ​ថ្ងៃ​នោះ ប្រធានាធិបតី​ឥណ្ឌូណេស៊ីលោក Joko Widodo ក៏​បាន​ប្រកាស​ពី​គម្រោង​ដេញ​ថ្លៃ​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ ២០៣២ ផង​ដែរ។

ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​គឺ​ជា​ប្រទេស​ដែល​ទទួល​បាន​មេដាយ​ច្រើន​ជាង​គេ​បំផុត។ ចំណែក​ឯ​ប្រទេស​ឥណ្ឌូណេស៊ីវិញ ជាប់​ចំណាត់​ថ្នាក់​ទី ៤ នៃ​ការ​ទទួល​បាន​មេដាយ​ច្រើន​សម្រាប់​ការ​ប្រកួត​កីឡា​នេះ។

ប្រទេស​ចិន​ទទួល​បាន​មេដាយ​ចំនួន ២៨៩ ដែល​ក្នុង​នោះ​មាន​មេដាយ​មាស​ចំនួន ១៣២។ រី​ឯ​ប្រទេស​ជប៉ុន​វិញ ទទួល​បាន​មេដាយ​ចំនួន ២០៥ ដែល​ក្នុង​នោះ​មាន​មេដាយ​មាស​ចំនួន ៧៥។ ចំណែក​ឯ​កូរ៉េ​ខាង​ត្បូង​វិញ ទទួល​បាន​មេដាយ​ចំនួន ១៧៧ ដែល​ក្នុង​នោះ​មាន​មេដាយ​មាស​ចំនួន ៤៩។ ចំពោះ​ប្រទេស​ឥណ្ឌូណេស៊ីវិញ គឺ​ទទួល​បាន​មេដាយ​ចំនួន​សរុប​ចំនួន ៩៨ ដែល​ក្នុង​នោះ​មាន​មេដាយ​មាស​ចំនួន ៣១ ផង​ដែរ។

តារា​ប្រចាំ​កីឡា Asian Games លើក​នេះ គឺ​កីឡាការនី​ហែល​ទឹក​ជនជាតិ​ជប៉ុន​នាង Rikako Ikee ដែល​កន្លង​មក​ឈ្នះ​បាន​មេដាយ​សរុប​ចំនួន ៨ ដែល​ក្នុង​នោះ​មាន​មេដាយ​មាស​ចំនួន ៦ ផង​ដែរ។

ការ​ប្រកួត​កីឡា Asian Games បន្ទាប់ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Hangzhou ប្រទេស​ចិន នៅ​ឆ្នាំ ២០២២ ខាង​មុខ​នេះ៕ ប្រភព៖ VOA