ភ្នំពេញ —សាលា​ឧទ្ធរណ៍​បាន​កោះហៅ​ប្រធាន​ និង​តំណាង​សហជីព​ពីរ​រូបដើម្បី​បំភ្លឺ​សំណុំ​រឿង​ធ្វើកូដ​កម្ម​ប្រឆាំង​នឹង​រោងចក្រ​ផលិត​ស្រាបៀរ​អង្គរ​ ​ដែល​បាន​កើត​ឡើង​កាល​ពី​ពីរឆ្នាំមុន​នៅ​ខេត្ត​ព្រះ​សីហនុ។​ ​នេះបើ​យោង​តាម​ដីកាកោះ​របស់​សាលា​ឧទ្ធរណ៍​ ​ដែល​ត្រូវបានលោក ​ស ម៉ូរ៉ា ប្រធាន​សហជីព​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ច័ន្ទ។​

លោក​ ស ម៉ូរ៉ា​ ​ប្រធាន​សហជីព​កម្មករ​ចំណី​អាហារ​ ​និង​សេវា​កម្ម​កម្ពុជា​ ​និង​លោក​ ​ខែម ម៉ៅ​ ​តំណាង​សហជីព​នេះនៅ​ខេត្ត​ព្រះសីហនុ​ ​ត្រូវបាន​សាលាឧទ្ធរណ៍​កោះ​ហៅ​ឲ្យចូលខ្លួន​នៅថ្ងៃទី​៥ ​ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ក្នុងនាម​ជាចុង​ចម្លើយ​ ​ចំពោះ​រឿង​ក្តី​ទាមទារ​សំណង​ខូច​ខាត​ដោយ​កូដកម្ម​ ដែល​មាន​ដើម​ចោទ​ជាក្រុមហ៊ុន​សាបៀរ​កម្ពុជា។​ ​ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​អង្គរ។​

លោក​ ស ម៉ូរ៉ា​ បានប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​ការកោះ​ហៅ​លោក​នេះ​ទំនង​ជា​មានការ​ប្តឹង​ឧទ្ធរណ៍​ពី​ក្រុមហ៊ុន​ស្រាបៀរអង្គរ​ ​ដោយសារ​តែ​កាល​ពី​ពេល​កន្លង​មក​ ​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​បាន​កាត់​សេចក្តី​មិន​ឲ្យ​លោក​សងសំណង​ទៅ​ក្រុមហ៊ុន​នេះ​ទេ​ តែ​បាន​បង្គាប់​ដល់​តំណាង​សហជីព​របស់​លោក​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ឲ្យសង​សំណង​ទៅ​ក្រុមហ៊ុន​ចំនួន​៣០០​ដុល្លារ។​ ​លោក​ថា​ ដើម​ឡើយ​ ក្រុម​ហ៊ុន​ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន​៦ម៉ឺន​ដុល្លារ​ ​ក្នុង​ការ​ធ្វើកូដកម្ម​មួយ​ដែល​បាន​ធ្វើ​ឡើង​កាល​ពីឆ្នាំ​២០០៦។

លោក​មាន​ប្រសាសន៍​បញ្ជាក់​ថា៖

«ខាង​តុលាការ​ក្រុង​ព្រះ​សីហនុ​ហ្នឹង​ គេកាត់​សេចក្តី​ទម្លាក់ការ​ចោទ​ចំពោះ​ខ្ញុំ​ ប៉ុន្តែ​គេ​នៅ​រក្សាការ​ចោទ​ទៅដល់សហជីព​មូលដ្ឋាន​ ដោយ​ទាមទារ​ឲ្យ​សហជីព​មូលដ្ឋាន​ហ្នឹង​ ប្រធាន​សហជីព​មូលដ្ឋាន​នៅក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​ហ្នឹង​ សង​៣០០០​ដុល្លារទៅក្រុមហ៊ុន​អីចឹងទៅណា៎។​ ​ហើយ​អីចឹង​ថ្នាក់​ដឹកនាំ​សហជីព​មូលដ្ឋាន​ហ្នឹង​ក៏​ប្តឹង​ឧទ្ធរណ៍​ទៅលើ​ករណី​ហ្នឹង​ ហើយ​ប្រហែល​ជាក្រុមហ៊ុន​គេ​ប្តឹង​ឧទ្ធរណ៍​ដែរ​ បាន​ជា​មាន​ដីកា​អញ្ជើញ​ខ្ញុំ​ទៅ​តុលាការ​ដែរ»។

ប្រធាន​សហជីព​រូបនេះអះអាង​ថា​ លោក​នឹង​ចូល​ទៅ​បំភ្លឺ​តាមការ​កោះហៅ​របស់​តុលាការ​ តែ​លោក​បារម្ភ​ថា​ ​ជញ្ជីង​យុត្តិធម៌អាច​ផ្អៀង​ទៅ​ខាង​អ្នក​មាន​លុយ​ ពោល​គឺក្រុមហ៊ុន​ស្រាបៀរ​អង្គរ។​

«ចង់ ​មិន​ចង់​ ជាទូទៅ​ ករណី​ជាច្រើនតែង​តែ​អ្នក​មាន​លុយ​ មាន​អំណាចហ្នឹង​ មាន​ឥទ្ធិពល​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌​ ក្នុង​ស្រុក​យើង។ អីចឹងវា​ ចង់ មិន​ចង់​ យើង​ក៏​មាន​សេចក្តី​បារម្ភ​អីចឹង​ដែរ»។​

កាលពី​ខែ​សីហា​ ឆ្នាំ​២០១៦​ កម្មករ​រោងចក្រ​ផលិត​ស្រាបៀរ​អង្គរ​ប្រមាណ​ជាង​៤០០​នាក់បាន​ធ្វើ​កូដកម្ម​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ការងារ​ដល់​អ្នក​គ្រប់​គ្រង​ឃ្លាំង​ស្តុក​ស្រាបៀរ​ម្នាក់​គឺ​លោក​ លឹម រ័ត្ន ​ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ការងារដោយ​ក្រុម​ហ៊ុន​ចោទ​អ្នក​គ្រប់គ្រង​នេះ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។​ ការ​តវ៉ា​របស់​កម្មករ​ក៏​មាន​បំណង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​សិទ្ធិ​របស់​សហជីព​ដែរ។​

លោក ខែម ម៉ៅ​ ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ ចំណីអាហារ​ និង​សេវាកម្ម​កម្ពុជា​ប្រចាំ​រោងចក្រ​ផលិត​ស្រាបៀរ​អង្គរ​ស្ថិត​ក្នុង​ខណ្ឌមិត្តភាព​ ក្រុង​ព្រះសីហនុ​ បា​ន​ថ្លែង​កាលពី​ពេល​នោះ​ថា​ កម្មករ​បាន​ផ្ទុះ​កំហឹង​ប្រឆាំង​ការ​ដក​លោក លឹម រ័ត្ន​ ដែល​ត្រូវ​បាន​ចោទ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ​ក្រុម​កម្មករ​បាន​និយាយ​ថា​ ពួក​គេ​មិន​អាច​ទទួល​យក​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​ ហើយ​ថា​ លោក​ លឹម រ័ត្ន ​ត្រូវ​តែ​ទទួល​ការងារ​របស់​លោក​ក្នុង​មុខ​នាទី​ដដែល​វិញ។​

លោក​បញ្ជាក់​ទៀត​ថា​ កម្មករ​ក៏​ទាម​ទារ​ឲ្យ​ដក​លោក​ ​Wai K. Vong​ ​អគ្គនាយក​ក្រុមហ៊ុន​ដែល​ត្រូវ​កម្មករ​អះអាង​ថា​ មាន​ចិត្ត​ចង្អៀត​ចង្អល់​ជាមួយ​កម្មករ​នោះ។​

VOA ​មិនទាន់​អាច​សុំ​ការអធិប្បាយ​ពី​លោក ទូច ថារិទ្ធ​ ​អ្នកនាំពាក្យ​សាលា​ឧទ្ធរណ៍​ ​និង​លោក ខែម ម៉ៅ បាន​ទេ​ នៅ​ថ្ងៃ​ច័ន្ទនេះ។​ ​VOA​ ​ក៏មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​បាន​ដែរ។​

ក្រុមហ៊ុន​សាបៀរ​កម្ពុជា​ ឬគេ​ស្គាល់​ម្យ៉ាង​ទៀត​ថា​ ​ក្រុមហ៊ុន​ស្រាបៀរ​ខេមប្រ៊ូវ​ ​ត្រូវ​គេ​រាយ​ការណ៍​កាល​ពី​ពេល​កន្លង​មក​ថា ជា​អ្នក​មាន​ចំណែក​ភាគហ៊ុន​ក្នុងការ​កសាង​ទំនប់​វារី​អគ្គិសនីដនសាហុង​ដ៏​ចម្រូង​ចម្រាស​នៅ​ក្នុង​ប្រទេស​ឡាវ។​ ​ទំនប់​វារីអគ្គិសនី​នេះ​មាន​កម្រិត​២៦០​មេហ្គាវ៉ាត់​ ​ហើយ​ត្រូវ​គេ​រាយ​ការណ៍​ថា ​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​៦​លាន​នាក់​ ដែល​រស់នៅ​ជុំវិញ​អាង​ទន្លេ​មេគង្គ ​និង​ទន្លេសាប៕ ប្រភព៖ VOA