ប្រតិកម្ម​អន្តរជាតិ បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់ តាំង​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន គឺ​ភ្លាមៗ​ ក្រោយ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ចេញ​សាលក្រម​សម្រេច​ផ្តន្ទាទោស ​លោក​ James Ricketson​ អ្នក​ផលិត​ភាពយន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី​​ឱ្យ​ជាប់​ទោស៦ឆ្នាំ ក្រោម​បទ​ចោទ«ចារកម្ម​ និង​លួច​ប្រមូល​ព័ត៌មាន​ពី​កម្ពុជា​បញ្ជូន​ទៅ​ឱ្យ​បរទេស​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការការពារ​ជាតិ​»។ នៅ​ថ្ងៃ​នេះ​ទៀត បណ្ឌិត្យ​សភា​វិជ្ជាជីវៈ​សារព័ត៌មានអូស្ត្រាលី បាន​ចេញ​មុខ​ រិះគន់​ចំពោះ​ការ​សម្រេច​ផ្តន្ទាទោស​របស់​តុលាការ​​ក្រុង​ភ្នំពេញ លើ​ផលិតករភាព​យន្ត​អូស្ត្រាលី​​រូប​នេះ​ ដោយ​ចាត់​ទុក​ថា​ជា​ការ​វាយ​ប្រហារ​បន្ថែម​​ទៅ​​លើ​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​។ ​

Loading...

ទន្ទឹម​នឹង​ការ​សម្តែង​ការ​ខក​ចិត្ត បណ្ឌិត្យ​សភា​វិជ្ជាជីវៈ​សារព័ត៌មាន​អូស្ត្រាលី​ បាន​រិះគន់​ចំពោះ​សាល​ក្រម ​សម្រេច​ ផ្តន្ទាទោស ​លោក​ James Ricketson​ អ្នក​ផលិត​ភាពយន្ត​ឯកសារ ​ជនជាតិ​អូស្ត្រាលី​​ឱ្យ​ជាប់​ទោស៦ឆ្នាំ ក្រោមបទ​​ «ចារកម្ម​និង​លួចប្រមូល​ព័ត៌​មាន​ពី​កម្ពុជា​បញ្ជូន​ទៅ​ឱ្យ​បរទេស​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ» តាម​មាត្រា​៣៣៩ និង៤៤៦​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សមាគម​អប់រំ និង​ស្រាវជ្រាវ​វិជ្ជាជីវៈ​សារព័ត៌មាន​នៃ​ប្រទេសអូ​ស្ត្រាលី តាមរយៈ​សេចក្តី​ថ្លែង​ការណ៍ ចុះ​នៅ​ថ្ងៃ​ទី​០៣ ខែកញ្ញា នេះ បាន​វាយ​តម្លៃ​ថា ការ​ផ្តន្ទាទោស​នេះ នឹង​រឹត​តែ​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដែល​មាន​ចំណាត់​ថ្នាក់​អន់​ស្រាប់ កាន់​តែ​ធ្លាក់​ចុះ​បន្ថែម​ទៀត​។ ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​កម្ពុជា​ នៅ​ឆ្នាំ​២០១៨ ស្ថិត​នៅ​លេខ​រៀង​ទី​ ១៤២ ក្នុង​ចំណោម​ប្រទេស​ ១៨០ លើ​ពិភព​លោក​។

នៅ​ក្នុង​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​ដដែល ក៏​បាន​ថ្កោល​ទោស​ចំពោះ​ការ​ផ្តន្ទាទោស​លើ​លោក James Ricketson។ ជា​ការផ្តន្ទាទោស ​ដែល​សមាគម​អប់រំ​ និងស្រាវជ្រាវ​វិជ្ជាជីវៈ​សារព័ត៌មាន​នៃ​ប្រទេស​អូស្ត្រាលី ថា​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ​ និង​ជា​ការ​រំលោភ​បំពាន​ថែម​ទៀត​លើ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​។

ជា​ការ​កត់​សម្គាល់ សេចក្តី​ថ្លែងការណ៍​របស់​សមាគមអប់រំ​ និងស្រាវជ្រាវ​វិជ្ជាជីវៈ​សារព័ត៌មាន​នៃ​ប្រទេស​​អូស្ត្រាលី​ ធ្លាក់​មក​ពេល​នេះ គឺ​បន្ទាប់​ពី អង្គការ​អ្នកកាសែត​គ្មានព្រំដែន Reporter without Border និង​ក្លឹប​អ្នក​កាសែត​បរទេស​នៅ​កម្ពុជា (Overseas Press Club of Cambodia) ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ ដោយ​បាន​ហៅ​ការ​ផ្តន្ទាទោស​លើ​លោក James Ricketson នេះ​ថា ​មិន​អាច​ទទួល​យក​បាន និង​ថា តុលាការ​កម្ពុជា​មិន​បាន​បង្ហាញ​ភស្ដុតាង​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​របស់​ខ្លួន​នោះ​ទេ ដូច​ជា​នៅ​មាន​សំណួរ​ថា តើ​លោក​ James Ricketson ធ្វើ​ចារកម្មឱ្យ​ប្រទេស​មួយ​ណា​ជា​ដើម​។

ក្រុម​អ្នក​សារព័ត៌មាន​អន្តរជាតិ​ទាំង​ពីរ ក៏​អំពាវនាវ​ឱ្យ​ដោះលែង​អ្នក​ផលិតភាពយន្ត​ឯកសារ​រូប​នេះ ដោយ​ឥតលក្ខខណ្ឌ និង​ព្រមាន​ថា​កម្ពុជា​នឹង​បាក់​មុខ​មាត់​នៅ​លើ​ឆាក​អន្ដរជាតិ បើ​មិន​ដោះ​លែង​លោក James Ricketson ឱ្យ​មាន​សេរីភាព​វិញ​។

សូម​រំឮក​ជូន​ថា លោក James Ricketson វ័យ​៦៩ឆ្នាំ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​ជន​ជាតិ​អូស្ត្រាលី​​​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​៦​ ឆ្នាំ​ បន្ទាប់​ពីលោក ត្រូវ​បាន​ឃាត់​ខ្លួន កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន ដោយបាន​បង្ហោះ​ដ្រូន​(Drone)ពី​លើ​អាកាស​ ដើម្បី​ថត​សកម្មភាពឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៕ ប្រភព៖ RFI