(​ភ្នំពេញ​)៖ ក្រុមហ៊ុន​ចិន យូ​ញៀន ឌី​វេឡុ​ប​មេន​គ្រុប ខូ អិល​ធី​ឌី ខេ​ម​បូឌា (UNION Development Group Co., Ltd. Cambodia) គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់ ១,២០០​លាន​ដុល្លារ ដើម្បី​បើក​ការដ្ឋាន​សាងសង់ «​ក្រុង​វិស្សមកាល​ទេសចរណ៍​» នៅ​ក្នុង​ដើមឆ្នាំ​២០១៩ ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​កម្ពុជា​។​

Loading...

​គម្រោង​នេះ ត្រូវបាន​បង្ហើប​នៅក្នុង​ជំនួប​ពិភាក្សា​រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក លី តាវ (Li Tao) ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន យូ​ញៀន ឌី​វេឡុ​ប​មេន​គ្រុប ខូ អិល​ធី​ឌី ខេ​ម​បូឌា ដែល​បាន​កំពុង​ធ្វើ​ការអភិវឌ្ឍ​គម្រោង​តារា​សាគរ (​តំបន់​ពិសោធន៍​អភិវឌ្ឍន៍​វិនិយោគ​ចម្រុះ​កម្ពុជា​-​ចិន​) នៅក្នុង​ស្រុក​គិរីសាគរ និង​ស្រុក​បទុម​សាគរ នៃ​ខេត្ត​កោះកុង កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​នៅក្នុង​ឱកាស​នោះ លោក លី តាវ បាន​ជម្រាបជូន លោក ប៉ាន សូរ​ស័ក្តិ ថា គម្រោង «​ក្រុង​វិស្សមកាល​ទេសចរណ៍​» នឹង​សាងសង់​លើ​ផ្ទៃដី​សរុប​ចំនួន ១,២០០​ហិតា ដែល​ប្រមូលផ្តុំ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ចម្រុះ​ដូចជា សណ្ឋាគារ​លំដាប់​ផ្កាយ ៥, ខុន​ដូ​ទំនើប​, បឹង​កា​ឡូ​, ការិយាល័យ​ធ្វើការ​, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សួន​កម្សាន្ត​ខ្នាត​អន្តរជាតិ​។​

​លោក លី តាវ សង្ឃឹមថា​គម្រោង​នេះ នឹង​ទទួលបាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក្រុមហ៊ុន​នឹង​ខិតខំ​ស្វែងរក​ដៃគូ​វិនិយោគ​ចូលរួម​ជាមួយ​គម្រោង​នេះ តាមរយៈ​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-​អាស៊ាន (CAEXPO) លើក​ទី​១៥ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ទី ១៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅក្នុង​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​។​

​ជា​ការឆ្លើយតប លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន យូ​ញៀន ឌី​វេឡុ​ប​មេន​គ្រុប ខូ អិល​ធី​ឌី ខេ​ម​បូឌា ដែល​បាន​ដាក់ទុន​វិនិយោគ​យ៉ាងច្រើន​នៅក្នុង​ខេត្ត​កោះកុង ដើម្បី​លើកកម្ពស់​វិស័យសេដ្ឋកិច្ច ទេសចរណ៍​កម្ពុជា និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​កោះកុង​។​

​លោក រដ្ឋមន្ត្រី​បាន​ប្រកាស​គាំទ្រ និង​បង្ហាញ​ជំនឿ​ថា គម្រោង «​ក្រុង​វិស្សមកាល​ទេសចរណ៍​» នឹង​ជួយ​ពង្រឹង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា ទៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សាកល ព្រមទាំង​លើកស្ទួយ​កិត្តិនាម​របស់​កម្ពុជា ក្នុង​ការទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​វិនិយោគិន ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែ​ច្រើន​ថែមទៀត នាពេល​អនាគត ហើយ​ក្រសួង​ពាណិជ្ជកម្ម ដែលជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នឹង​រង់ចាំ​ជួយ​សម្របសម្រួល​គម្រោង​វិនិយោគ​នេះ​ជានិច្ច​។​

​សូមជម្រាបថា ក្រុមហ៊ុន យូ​ញៀន ឌី​វេឡុ​ប​មេន​គ្រុប ខូ អិល​ធី​ឌី ខេ​ម​បូឌា បាន​ចុះកិច្ចសន្យា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០០៨ ដើម្បី​ធ្វើ​ការអភិវឌ្ឍ​គម្រោង​តារា​សាគរ លើ​ផ្ទៃដី​សរុប​ទំហំ ៣៦,០០០​ហិច​តា​។ គិត​មក​ទល់​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​កំពុង​សម្រុក​អនុវត្តន៍​គម្រោង​ទៅ​តាម​ផែនការ ដោយ​បាន​បណ្តាក់ទុន​វិនិយោគ​ចំនួន​ជាង ១,៥០០​លាន​ដុល្លារ​ហើយ លើ​ការសាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​មួយ​ចំនួន​រួមមាន​៖ ប្រព័ន្ធ​គមនាគមន៍​, ក្លឹប​វាយ​កូន​ហ្គោល​, ព្រលានយន្តហោះ​, កំពង់ផែ​ទឹក​ជ្រៅ​អន្តរជាតិ​, សួន​លម្អ​, បណ្តាញ​ទឹកស្អាត និង​ប្រព័ន្ធ​អគ្គិសនី ជាដើម​៕