ក្រុង​បាងកក​របស់​ប្រទេស​ថៃ នៅថ្ងៃ​អង្គារទី ៤ កញ្ញា ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​ស្តីពី​បញ្ហា​អាកាសធាតុ ក្នុង​គោលដៅ ផ្តល់សន្ទុះ ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​អន្តរជាតិ ស្តីពី អាកាសធាតុ COP២១ ដែល​ត្រូវ​បាន​អនុម័ត កាលពី​បីឆ្នាំ មុន នៅ​ទីក្រុង​ប៉ារីស។ កិច្ចប្រជុំ​ក្នុង​ប្រទេស​ថៃ ធ្វើឡើង​នៅ ៣ខែ​មុន​បើក​ជំនួបកំពូល​ស្តី ពីអាកាសធាតុ COP ២៤ នៅ​ប្រទេស​ប៉ូឡូញ។

Loading...

ក្រុង​បាងកក​នៅ​ថ្ងៃអង្គារ​នេះ ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​មួយ​ស្តី​ពី​បញ្ហា​អាកាសធាតុ។ កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​បាងកក ធ្វើឡើង ដើម្បី ពិភាក្សា​ពី​វិធានការ​ជាក់ស្តែង ដែល​គេ ត្រូវអនុវត្ត ក្នុង​នាម​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ក្រុង​ប៉ារីស។ គេ​រំពឹងថា កិច្ចប្រជុំ រយៈពេល ៦ថ្ងៃ នៅ​ទីក្រុង​បាងកក (ថ្ងៃទី​៤ដល់ ថ្ងៃទី ៩​កញ្ញា) នឹង​អាច​ផលិត​ចេញ​ជា​រូបរាង​នូវ​វិធានការរួម មួយ ដែល​គេ​នឹង​អាច​បោះឆ្នោត អនុម័ត ជាផ្លូវការ នៅ​ក្នុង​សន្និសីទ លើកទី ២៤ ស្តីពី​អាកាសធាតុ ដែល​ត្រូវ​ធ្វើ​នៅប្រទេស​ប៉ូឡូញ នៅ​ចុងឆ្នាំនេះ។

នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃ​នេះ នៅ​មុខ​អគារ​ដែល​ត្រូវ​បើកកិច្ចប្រជុំ​ស្តីពីអាកាសធាតុ សកម្មជន​បរិស្ថាន​បាន​លើក​បដា​បរិហារ​រិះគន់​ក្រុមប្រទេស​មហាឧស្សាហកម្ម ប្រទេស​អ្នកមាន ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើនជាងគេ ប៉ុន្តែ ដែល​គេចវេស​មិនចេញមុខ ទទួល​ខុសត្រូវ​ទៅវិញ។

កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​អាកាសធាតុ​បាន​កើត​ចេញ​ជា​រូបរាង ជា​ផ្លូវការ តាំងតែ​ពី ឆ្នាំ ២០១៥​ម្ល៉េះ នៅទីក្រុង​ប៉ារីស ប៉ុន្តែ កិច្ចព្រមព្រៀង នៅ​មិនទាន់​អាច​យកទៅប្រើប្រាស់ បាន​នៅ​ឡើយ ដោយសារតែ វិធានការរួម​ដែល​ប្រទេស​នីមួយៗ ត្រូវ​អនុវត្ត នោះ គឺ​គេ​នៅមិនទាន់​និយាយ​ចរចា ត្រូវរ៉ូវ​គ្នា​នៅឡើយ។ ឧទាហរណ៍ ទៅតាម​កិច្ចព្រមព្រៀង គ្រប់ប្រទេស​ក្នុង​លោក​បាន​យល់ស្របថា ​ត្រូវ​ធ្វើយ៉ាងណា ទប់​កុំ​ឲ្យ​កំដៅ​លើ​ផែនដី កើនឡើង​ខ្ពស់​ជាង​២អង្សា​បន្ថែមទៀត ពី​ពេលនេះ រហូត​ដល់​ឆ្នាំ ២១០០។ ប៉ុន្តែ វិធានការ ដែល​ប្រទេស​នីមួយៗ ត្រូវ​អនុវត្ត​ជាក់ស្តែង​នោះ គឺ​គេ​នៅមិន​ទាន់​មាន​សរសេរ​ចែង​នៅឡើយ។ អ្នកជំនាញ​ខាងអាកាសធាតុ​បាន​ព្រមាន​ហើយថា បើ​គ្មាន​វិធានការ​រួម ដែល​អាច​ជា​កាតព្វកិច្ច ចាប់ចង​ឲ្យ​ប្រទេស​ហត្ថលេខី ត្រូវ​អនុវត្តធ្វើ​តាមនោះ ទេ កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស ស្តីពីអាកាសធាតុ នឹង​ត្រូវ​រាជ័យ ធ្លាក់ទឹក។ ប្រភព៖ RFI