នៅ​មុន​មួយ​ថ្ងៃ​ដែល​រដ្ឋ​សភា​កម្ពុជា​នីតិកាល​ទី​៦ ​នឹង​បើក​សម័យ​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​ ​ ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី នៅ​ថ្ងៃ​នេះ បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​នៃ​ប្រទេស​អូស្ត្រាលី ដើម្បី​ស្នើ​សុំ​កុំ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ ទទួល​ស្គាល់ រដ្ឋា​ភិបាល​ថ្មី​របស់​កម្ពុជា និង​ស្នើ​សុំ​កុំ​បញ្ជូន​ឯក​អគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ចូល​រួម​បើក​សម័យ​ប្រជុំ​សភា ជា​លើក​ដំបូង​នេះ។ យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ធ្លាប់​បាន​អះ​អាង​ថា រដ្ឋ​សភា​កម្ពុជា​នៅ​តែ​ដំណើរការ​កិច្ច​ប្រជុំ​របស់​ខ្លួន​ដដែល ទោះ​បី​ជា​មាន ឬ​គ្មាន​វត្ត​មាន​ឯក​អគ្គ​រដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ក៏​ដោយ។

Loading...

ដោយ​មាន​កាន់​បដា​នៅ​ក្នុង​ដៃ​ស្ទើរ​គ្រប់ៗ​គ្នា ពល​រដ្ឋ​ខ្មែរ​អូស្ត្រាលី​ជា​ច្រើន​នាក់ ដឹក​នាំ​ដោយ លោក ហុង លីម តំណាង​រាស្ត្រ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ ប្រចាំ​រដ្ឋ​វិចតូរីយ៉ា និង​តំណាង​អតីត​គណ​បក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​ទៀត នៅ​ថ្ងៃ​ទី ០៤ ខែកញ្ញា នេះ បាន​ជួប​ជុំ​គ្នា នៅ​សមាគម​ខ្មែរ​មួយ ដើម្បី​ធ្វើ​បាតុ​កម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​បើក​សម័យ​ប្រជុំ​សភា​លើក​ដំបូង ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី០៥ ខែកញ្ញា។

លោក ជា យូហន អភិបាល​ក្រុង​ស្ព្រីងវែល (Springvale) រដ្ឋ​វីកតូរីយ៉ា ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​អ្នក​តវ៉ា រាប់​រយ​នាក់ បាន​អះ​អាង​ថា ការ​ធ្វើ​បាតុ​កម្ម​នា​ពេល​នេះ គឺ​ដើម្បី​ស្នើ​សុំ​កុំ​ឱ្យ​រដ្ឋា​ភិបាល​អូស្ត្រាលី​ទទួល​ស្គាល់​ការ​បង្កើត​រដ្ឋា​ភិបាល​ថ្មី​របស់​កម្ពុជា នៅ​ថ្ងៃ​ទី ៥ ខែកញ្ញា និង​សុំ​កុំ​ឱ្យ​រដ្ឋា​ភិបាល​អូស្ត្រាលី បញ្ជូន​ឯក​អគ្គ​រដ្ឋ​ទូត​ប្រចាំ​នៅ​កម្ពុជា ចូល​រួម​បើក​សម័យ​ប្រជុំ​សភា ជា​លើក​ដំបូង​នេះ។ រដ្ឋ​សភា​កម្ពុជា នីតី​កាល​ទី៦ ដែល​ត្រូវ​បាន លោក ជា យូហន អភិបាលក្រុង​ស្ព្រីងវែល ហៅ​ថា​ជា​រដ្ឋសភា ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ និង​ដោយ​គ្មាន​ការ​ចូល​រួម​ពី​អតីត​គណ​បក្ស​សង្គ្រោះជាតិ ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា។

បើ​តាម​លោក ជា យូហន អភិ​បាល​ក្រុង​ស្ព្រីងវែល (Springvale) ការ​ធ្វើ​បាតុ​កម្ម​នា​ពេល​នេះ ក៏​ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ការ​ស្តារ​ឱ្យ​មាន​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា និង​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​អូស្ត្រាលី​ផ្អាក​ផ្តល់​ទិដ្ឋា​ការ​ដល់​មន្ត្រីជាន់​ខ្ពស់​មួយ​ចំនួន​របស់​កម្ពុជា​ផង​ដែរ។

សូម​ជម្រាប​ជូន​ថា ក្រោយ​ពី​ជួប​ជុំ​គ្នា​ហើយ ក្រុម​បាតុករ បាន​នាំ​គ្នា​ចុះ​ហត្ថ​លេខា​លើ​ញត្តិ​រួម​មួយ​ដាក់​ទៅ​រដ្ឋ​សភា​នៅ​រដ្ឋ​វិចតូរីយ៉ា និង​មួយ​ទៀត​ដាក់​ទៅ​ឱ្យ​តំណាង​ក្រសួង​ការ​បរទេស​អូស្ត្រាលី​។ ភ្លាមៗ​ក្រោយ​ដាក់​ញត្តិ​ តំណាង​រដ្ឋ​សភា​នៅ​រដ្ឋ​វិចតូរីយ៉ា និង​តំណាង​ក្រសួង​ការ​បរទេស​អូស្ត្រាលី បាន​ចេញ​មក​ទទួល​ញត្តិ​ពី​តំណាង​ក្រុម​បាតុករ​ខ្មែរ​អូស្ត្រាលី។ តាម​រយៈ​ការ​ដាក់​ញត្តិ​នេះ ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី សង្ឃឹម​ថា​សមា​ជិក​សភា​អូស្ត្រាលីផ្សេង​ទៀត នឹង​រួម​គ្នា​ដោះ​ស្រាយ​ការ​ទាម​ទារ​របស់​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី នា​ពេល​នេះ។ នេះ​បើ​តាម​លោក ជា យូហន។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ធ្លាប់​បាន​អះ​អាង​រួច​ហើយ​ថា ​សភា​កម្ពុជា​នៅ​តែ​បន្ត​កិច្ច​ប្រជុំ និង​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​ដដែល ទោះ​បី​ជា​មាន ឬ​គ្មាន​វត្ត​មាន​ឯក​អគ្គ​រដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ក៏​ដោយ៕ ប្រភព៖ RFI