ថ្ងៃចន្ទទី៣កញ្ញា វិមានក្រេមឡាំងចោទក្រុងវ៉ាស៊ីនតោន ថាប៉ុនប៉ង អន្ទង អាណិកជន​រុស្ស៊ីខ្លះ ឲ្យត្រឡប់ទៅ អាមេរិកវិញ ដើម្បីធ្វើជា”អ្នកផ្តល់ព័ត៌មាន” ឲ្យអាមេរិក។ មូស្គូ ចាត់ទុកការប៉ុនប៉ងបែបនេះ ថាជា សក្ខីកម្មនៃ ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរុស្ស៊ី។

Loading...

អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក ឌ្មីទ្រី ពេស្កូវ ម្សិលមិញ បានបញ្ចេញយោបល់ ទាក់ទង នឹងសំណួរ​ស្តីអំពី អត្ថបទ ក្នុងកាសែត New York Times ដែលថា ស្ថាប័នអង្កេតអាមេរិកាំង FBI និងក្រសួង យុត្តិធម៌អាមេរិកាំង ក្នុងចន្លោះពីឆ្នាំ ២០១៤ ដល់ ២០១៦ បានប៉ុនប៉ងដោយមិនសម្រេចដូចចិត្តឡើយ អន្ទង មហាសេដ្ឋីរុស្ស៊ីឈ្មោះ Oleg Deripaska ជាតួអង្គម្នាក់ ក្នុងវិស័យផលិត អាលុយមីញ៉ូម​ពិភពលោក។ តាមលោក ពេស្កូវ សាច់រឿងដែលមាន គឺថា ប៉ុន្មានឆ្នាំចុងក្រោយ អាមេរិក សកម្មទាំងកម្រោល ប្រើ ស្ថាប័ន ឈ្លបការណ៍ខ្លួន ដើម្បីសាកល្បង ជ្រើសរើស ពលរដ្ឋរុស្ស៊ីខ្លះ ឲ្យបម្រើផលប្រយោជន៍អាមេរិកាំង តាមវិធី ដាក់គំនាបផ្លូវចិត្ត និង គំនាបផ្សេងទៀតលើគេ។

តំណាងក្រេមឡាំង លើកឡើងតមកទៀត ខ្ញុំចាត់ទុក ឧប្បត្តិហេតុទាំងនេះ ជាសក្ខីកម្មប្រកបដោយវោហារកោសល្យកម្រិតខ្ពស់ នៃការប៉ុនប៉ងលូកដៃចូល កិច្ចការ ផ្ទៃក្នុងប្រទេសរុស្ស៊ី តែម្តង។ កាសែត New York Times យោងទៅលើសំដី អតីតនិងបច្ចុប្បន្នអ្នកមុខអ្នកការ ព្រមទាំងអ្នកដែល ជំនិត នឹងលោក Deripaska ចុះផ្សាយថា FBI និងក្រសួងយុត្តិធម៌អាមេរិកាំង បានស្នើទៅមហាសេដ្ឋីរុស្ស៊ីនេះ ដើម្បីជួយ សម្រួលបញ្ហាទិដ្ឋាការអាមេរិកាំងរបស់គាត់ ជាថ្នូរ នឹងព័ត៌មាន ស្តីអំពី ក្រុមឧក្រិដ្ឋជននៅរុស្ស៊ី​ក៏ដូចជា ស្តីអំពី ការជួយជ្រោមជ្រែងជាយថាហេតុ ពីខាងរុស្ស៊ី ដល់ យុទ្ធនាការបោះឆ្នោតលោក ដូណាល់ ត្រាំ កាលក្នុងឆ្នាំ ២០១៦។

កាសែតអាមេរិកាំងនោះ សរសេរតមកទៀត ការប៉ុនប៉ង”បង្វែរ” មហាសេដ្ឋីរុស្ស៊ីនោះ គឺជាភាគមួយនៃ កម្មវិធីទូលំទូលាយដ៏សម្ងាត់ តម្រង់ ទៅវាយតម្លៃ អំពីលទ្ធភាពសម្រាប់សហការជាមួយ មហាសេដ្ឋី ៥-៦ នាក់នៅរុស្ស៊ី ដែលសុទ្ធតែមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ហើយស្និទ្ធ នឹងលោក ប្រធានាធិបតីពូទីន។ កាសែត New York Times បន្ថែមថា កម្មវិធីសម្ងាត់នោះ ឥតបានទទួលជោគជ័យអ្វីណាសោះឡើយ។ ចំណែកប្រភពមួយ យោងដោយកាសែតនេះ លំអិតថា លោក Deripaska ផ្ទាល់ ថែមទាំងបាន​ប្រាប់ ក្រេមឡាំង ឲ្យដឹងទៅផង អំពីការប៉ុនប៉ងអាមេរិកាំង អន្ទងរូបគាត់។

ឈ្មោះ Deripaska ធ្លាប់បានពាក់ព័ន្ធនឹង សំណុំរឿង លោក Paul Manafort អតីតអ្នកដឹកនាំយុទ្ធនាការ បោះឆ្នោត លោក ត្រាំ ។ លោក Manafort ក្នុងខែមុន ត្រូវបានទទួលស្គាល់ថា ជាប់ពិរុទ្ធ ចំពោះ ការបន្លំ សារពើពន្ធ៕ ប្រភព៖ RFI