នៅ​ថ្ងៃ​ចន្ទ ទី៣ កញ្ញា លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ព្រមាន​ត្រង់​លើ​ស៊ីរី រុស្ស៊ី និង​អ៊ីរ៉ង់​កុំ​ឲ្យ​បើក​ការ​វាយប្រហារ​លើ​ទីក្រុង​អ៊ីដឡិប​ក្នុង​ប្រទេស​ស៊ីរី។ តាម​លោក​ត្រាំ ប្រតិបត្តិសឹក​ជា​យថាហេតុ​លើ​ទីក្រុង​អ៊ីដឡិប​ដែល​ជា​ទីតាំង​ចុងក្រោយ​របស់​ពួក​ឧទ្ទាម​អាច​នឹង​បង្ក​ឲ្យ​មាន​សោកនាដកម្ម​មនុស្សជាតិ​ក្រោម​ទ្រង់ទ្រាយ​ធំ។ ប្រតិកម្ម​ព្រមាន​របស់​លោក​ត្រាំ​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ប្រមុខ​ការទូត​អ៊ីរ៉ង់​ទើប​បាន​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ក្នុង​ទីក្រុង​ដាម៉ាស់។

« ប្រធានាធិបតី​ស៊ីរី​អាសាដ​មិន​ត្រូវ​វាយប្រហារ​លើ​ទីក្រុង​អ៊ីដឡិប​ដោយ​គ្មាន​ការ​ប្រយ័ត្នប្រយែង​នោះ​ទេ។ ចំណែក​រុស្ស៊ី និង​អ៊ីរ៉ង់​នឹង​ប្រព្រឹត្ត​កំហុស​មនុស្សធម៌​ធ្ងន់ធ្ងរ បើ​ពួក​គេ​ចូលរួម​នៅ​ក្នុង​សោកនាដកម្ម​មនុស្សជាតិ​ជា​យថាហេតុ។ មនុស្ស​រាប់ពាន់​នាក់​អាច​នឹង​ត្រូវ​សម្លាប់។ ចូរ​កុំ​ទុក​បណ្តោយ​ឲ្យ​រឿង​មួយ​នេះ​កើត​ឡើង​ឲ្យ​សោះ » នេះ​ជា​សារ​ដែល​លោក​ដូណាល់ ត្រាំ​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter នា​យប់​ថ្ងៃ​ចន្ទ ទី៤ កញ្ញា។ សារ​ព្រមាន​របស់​លោក​ត្រាំ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​រដ្ឋាភិបាល​ស៊ីរី​បាន​រៀបចំ​ជើងព្រួល​អស់​ជា​ច្រើន​សប្តាហ៍​ដោយ​បញ្ជូន​ទ័ព​ជា​ច្រើន​រយ​នាក់​ទៅ​ដាក់​ព័ទ្ធជុំវិញ​ទីក្រុង​អ៊ីដឡិប​ស្ថិត​ប៉ែក​ពាយព្យ​ស៊ីរី​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​តួកគី។

ក្រៅ​ពី​ការ​ត្រៀម​កម្លាំង​របស់​រដ្ឋាភិបាល​ស៊ីរី រុស្ស៊ី និង​អ៊ីរ៉ង់​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ស៊ីរី​ក៏​បាន​ប្រកាស​ពី​ការ​ត្រៀម​ខ្លួន​ចូលរួម​រំដោះ​ទីក្រុង​អ៊ីដឡិប​ដែល​ជា​ទីតាំង​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម​ដែរ។ ផ្ទាំងស៊ីប​ជា​អាទិភាព​របស់​ស៊ីរី និង​សម្ព័ន្ធុមិត្ត គឺ​បោសសំអាត​ពួក​ជីហាត​នៃ​ចលនា Hayat Tahrir al-Cham ដែល​ដឹកនាំ​ដោយ​យុទ្ធជន​នៃ​អតីត​សាខា​អាល់កៃដា​ក្នុង​ទឹកដី​ស៊ីរី។ ចំណែក​តួកគី​ក៏​បាន​ត្រៀម​កម្លាំងទ័ព​នៅ​តាម​ព្រំដែន​ខ្លួន​ដែរ តែ​ដើម្បី​ប្រឈម​ទប់​នឹង​ការ​រត់ភៀសខ្លួន​របស់​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​អ៊ីដឡិប​ចូល​តួកគី​ក្នុង​ករណី​ណា​ដែល​មាន​ការ​វាយប្រហារ។

អង្គការសហប្រជាជាតិ និង​ក្រុង​អង្គការ​ក្រៅរដ្ឋាភិបាល​បាន​ព្រមាន​ថា ការ​វាយប្រហារ​ក្រោម​ទ្រង់ទ្រាយ​ធំ​ជា​យថាហេតុ​លើ​ទីក្រុង​អ៊ីដឡិប​អាច​នឹង​បង្ក​ចេញ​នូវ​គ្រោះ​មហន្តរាយ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​ដែល​ស៊ីរី​មិន​ធា្លប់​ប្រទះ​គិត​តាំង​ពី​វិបត្តិ​បាន​ផ្ទុះ​ដំបូង​ក្នុង​ឆ្នាំ ២០១១។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ប្រតិបត្តិការ​សឹក​លើ​ទីក្រុង​អ៊ីដឡិប​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​ទេ។ អ្វី​ដែល​គេ​ដឹង រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី និង​សមភាគី​អ៊ីរ៉ង់​បាន​បញ្ជាក់​ជា​ថ្មី​នា​ថ្ងៃ​ចន្ទ ទី៣ កញ្ញា​ពី​ភាព​ចំ​បាច់​នៃ​ការ​វាយប្រហារ​លើ​ទីក្រុង​អ៊ីដឡិប​ពី​កម្លាំងទ័ព​ស៊ីរី។

គួរ​រម្លឹក​ជូន​ថា តាំង​ស៊ីរី​បាន​ធ្លាក់​ក្នុង​វិបត្តិ​ហែកហួរ​ផ្ទៃក្នុង​មក រុស្ស៊ី និង​អ៊ីរ៉ង់​បាន​ចេញ​មុខ​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​ក្នុង​ផ្លូវ​នយោបាយ យោធា និង​ហិរញ្ញវត្ថុ។ នៅ​ថ្ងៃ​សុក្រ ទី៧ កញ្ញា​ខាង​មុខ ជំនួបកំពូល​ត្រីភាគី​អ៊ីរ៉ង់ រុស្ស៊ី និង​តួកគី​ស្តីពី​ស្ថានការណ៍​នៅ​ស៊ីរី​នឹង​រៀបចំ​ក្នុង​ប្រទេស​អ៊ីរ៉ង់៕ ប្រភព៖ RFI