ប្រធាន​រដ្ឋសភា និង​ជា​មនុស្ស​សំខាន់ទី​៣​នៃ​គណៈអចិន្ត្រៃយ៍​របស់​ការិយាល័យ​នយោបាយ​ចិន នឹង​ធ្វើដំណើរ ទៅ​ទីក្រុង​ព្យុងយ៉ាង នៅថ្ងៃ​សៅរ៍ ចុងសប្តាហ៍នេះ ដើម្បី ចូលរួម​ក្នុង​ពិធី​ប្រារព្ធ ខួប​៧០​ឆ្នាំ នៃការបង្កើត​ស្ថាបនា ប្រទេស​កូរ៉េខាងជើង។ ការផ្សព្វផ្សាយ របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី នៅ​ថ្ងៃ​អង្គារ​ទី ៤ កញ្ញា បាន​បិទបញ្ចប់​ពាក្យ​ចចាមអារ៉ាម ​ដែលថា លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​នឹង​ធ្វើ​ដំណើរ​ជាលើកទី១ ទៅ​ប្រទេស​កូរ៉េខាងជើង។

Loading...

សម្មតិកម្ម​ដែល​ថា ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង អាច​ធ្វើ​ដំណើរ​ទៅ​កូរ៉េខាងជើង នៅក្នុង​ឱកាស​បុណ្យ​ខួប​៧០​ឆ្នាំ របស់​ប្រទេស​នេះ ត្រូវ​បាន​គេ​លើក​និយាយ​ច្រើន បន្ទាប់​ពី​លោក​ស៊ី ជីនពីង​បាន​ទទួល រាក់ទាក់ មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន ដល់​ទៅ​៣លើក នៅ​ទីក្រុង​ប៉េកាំង។

ប៉ុន្តែ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី គឺ​ប្រធាន​សភា​ប្រជាជន​ចិន លោក លី ចានស៊្ហូ ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​តំណាង​ប្រទេស​ចិន នៅក្នុង​ពិធីបុណ្យ​ខួប​៧០​ឆ្នាំ នៃ​ការបង្កើត​កូរ៉េខាងជើង ឬ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​កូរ៉េ។ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA វិញ​បាន​បញ្ជាក់​ដែរ​ថា លោក​លី ចានស៊្ហូ ដែល​ជា​មនុស្ស​សំខាន់ទី​៣​របស់​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ជា​អធិបតី នៅថ្ងៃ​ព្យុហយាត្រា យោធា​របស់​កូរ៉េខាងជើង ដែល​ត្រូវ​ធ្វើ​នៅថ្ងៃ​អាទិត្យ។

ធ្លាប់​ថ្នាំងថ្នាក់​នឹង​គ្នា ដោយសារ​តែ ចិនបាន​ចូលរួម​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ ក្នុង​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​កូរ៉េខាងជើង សម្ព័ន្ធមិត្ត​ទាំងពីរ បាន​ត្រលប់មក​ចាប់ល្អូកល្អឺន​នឹង​គ្នាវិញ នៅ​ក្រោយ​ពេល​មេដឹកនាំ​កូរ៉េខាងជើង បាន​ប្រកាស​គម្រោង​បើក​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​អាមេរិក។ នៅមុន និង​នៅក្រោយ​ជំនួប​កំពូល​ជាមួយ​លោកដូណាល់ ត្រាំ មេដឹកនាំ​កូរ៉េខាងជើង បាន​ធ្វើដំណើរ​ដល់​ទៅ​៣ដង ទៅជួប លោក​ស៊ី ជីនពីង នៅ​ទីក្រុង​ប៉េកាំង។

តាំង​ពី​ចូល​កាន់តំណែង ជា​ប្រធានាធិបតី​ចិន នៅ​ឆ្នាំ ២០១២ លោក​ស៊ី ជីនពីង​មិនដែល​ធ្វើដំណើរ​ទស្សនកិច្ច នៅ​កូរ៉េខាងជើង ដែល​ជាសម្ព័ន្ធមិត្ត​របស់​ចិន​ម្តងណាទេ។ អ្នកតាមដាន​នយោបាយ​កូរ៉េ មួយចំនួន​វាយតម្លៃថា ដោយ​មិន​ធ្វើដំណើរ​ទៅប្រទេស​កូរ៉េខាងជើង លើកនេះ លោក​ស៊ី ជីនពីង​ទំនង​ជា​ផ្ញើសារ​ទៅ​មេដឹកនាំ​កូរ៉េខាងជើង ថា គួរតែ​កាត់បន្ថយ​ភាពតានតឹង​ជាមួយ​សហគមន៍​អន្តរជាតិ ជាមុន​សិន មុន​នឹង​មាន​ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន នៅ​កូរ៉េខាងជើង។

នៅក្នុង​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​អាមេរិក មេដឹកនាំ​កូរ៉េខាងជើង​បាន​សន្យា​ថា នឹង​ធ្វើការ​ដើម្បី​រំសាយ​ចោល​អាវុធ​នុយក្លេអ៊ែរ នៅ​ឧបទ្វីបកូរ៉េ។ ប៉ុន្តែ នៅប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ ការចរចា កូរ៉េខាងជើង និង​អាមេរិក​បាន​ជាប់គាំងទៅ​វិញ ដោយសារ​កូរ៉េខាងជើង​មិន​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​ណាមួយ ដើម្បី ឈាន​ទៅ​លុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ តាមការសន្យា​ជាមួយ​អាមេរិក។ លោកដូណាល់ ត្រាំ ដែល​បាន​ប្រកាស​លុបចោល​ដំណើរទស្សនកិច្ច​របស់​ប្រមុខការបរទេស​អាមេរិក​ទៅ​កូរ៉េខាងជើង នៅ​បាន​ចោទ​ទីក្រុង​ប៉េកាំង​ថា កំពុងយក​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ជាកូនអុក ក្នុង​ការចរចា​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។ ចិន​វិញ បាន​បដិសេធ និង​ចាត់ទុក​ការចោទប្រកាន់​របស់​អាមេរិក ថា ជាការគ្មានទំនួល​ខុសត្រូវ ហើយ​និង​មិន​ទំនងទាល់តែសោះ៕ ប្រភព៖ RFI