កាល​ពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​លើ​លោក Richard Trumka ប្រធាន​អង្គការ AFL-CIO ដែល​ជា​សហព័ន្ធ​សហជីព​កម្មករ​ដ៏​ធំ​បំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក គឺ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់​ពី​លោក Richard Trumka បាន​រិះគន់​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​លោក Trump ថា​មាន​ការ​ប៉ះពាល់​ចំពោះ​កម្មករ​អាមេរិកាំង។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ ដែល​ត្រូវ​នឹង​ទិវា​ពលកម្ម​ជាតិ​ក្នុង​សហរដ្ឋ​អាមេរិក​ថា៖ «លោក Richard Trumka ប្រធាន​អង្គការ AFL-CIO មិន​បាន​តំណាង​ឲ្យ​សហជីព​របស់​លោក​បាន​ល្អ​នោះ​ទេ នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។ ពាក្យ​សម្ដី​របស់​លោក​មួយ​ចំនួន​គឺ​ប្រឆាំង​នឹង​កម្មករ​អាមេរិកាំង និង​ភាព​ជោគជ័យ​របស់​សហរដ្ឋ​អាមេរិក​ផ្ទាល់»។

លោក Richard Trumka បាន​ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី «Fox News Sunday» របស់​ទូរទស្សន៍ Fox News ដោយ​លោក​បាន​រិះគន់​ការ​សើរើ​របស់​លោក Trump លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​អាមេរិក​ខាង​ជើង ដែល​ហៅ​កាត់​ថា NAFTA។

កាល​ពី​ថ្ងៃ​សៅរ៍ លោក Trump បាន​និយាយ​ថា «មិន​មាន​ភាព​ចាំបាច់​ផ្នែក​នយោបាយ» ណា​មួយ​ដើម្បី​រក្សា​ប្រទេស​កាណាដា​ទុក​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង NAFTA នេះ​ទេ។

លោក Richard Trumka បាន​និយាយ​ថា សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក កាណាដា និង​ម៉ិកស៊ិក គឺ «ច្របាច់​បញ្ចូល​គ្នា» ហើយ​លោក​បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​នេះ​អាច​មាន​ការ​លំបាក​ក្នុង​ការ​ដំណើរការ​ទៅ​មុខ ប្រសិនបើ​គ្មាន​ប្រទេស​កាណាដា​ចូលរួម»។

លោក Richard Trumka បាន​បន្ត​ថា៖ «អ្វី​ដែល​លោក Trump ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​គឺ​ច្រើន​ជាង​អ្វី​ដែល​លោក Trump ជួយ​កម្មករ​ទៅ​ទៀត»៕ ប្រភព៖ VOA