បន្ទាប់​ពី​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នៃការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​អាណត្តិ​ទី៦​ ​ឯក​អគ្គរដ្ឋទូត​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​ចំនួន​៤​ ប្រកាស​មិន​ចូលរួម​កិច្ច​ប្រជុំ​លើក​ដំបូង​នៃ​អាណត្តិ​ថ្មី​របស់​រដ្ឋ​សភា​កម្ពុជា​ ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃពុធ​ស្អែក។

សេចក្តី​ជូន​ដំណឹងរបស់​អគ្គលេខាធិការ​រដ្ឋ​សភា​ចេញ​ ​កាល​ពី​ថ្ងៃ​ទី​២៧​ ​ខែ​សីហា​ ​ឆ្នាំ​២០១៨ ​បញ្ជាក់​ថា​ ​នៅ​ថ្ងៃពុធ​ ​ទី​៥​ ​ខែ​សីហា​ ​ឆ្នាំ​២០១៨​ ​វេលា​ម៉ោង​៨:០០​ព្រឹក​ ​រដ្ឋសភា​ជាតិ​នឹង​បើក​សម័យ​ប្រជុំ​ដំបូង​ក្រោម​អធិបតី​ភាព​របស់​ព្រះ​មហា​ក្សត្រ​ព្រះបាទ​ ​នរោត្តម ​សីហមុនី​ ​និង​អង្គទូត​ ​ព្រម​ទាំង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ផង។​

សេចក្តី​ជូន​ដំណឹង​នោះ​ត្រូវ​បាន​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«បន្ទាប់​ពី​ពិធី​បើក​សម័យ​ប្រជុំ​ដំបូង​ខាង​លើ​នេះ ​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​១​ នីតិកាល​ទី​៦ ​នឹង​ចាប់​ផ្តើម​ការងារ​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហា​ពញា​ចក្រី​ហេង សំរិន​ ​ព្រឹទ្ធ​សមាជិក​រដ្ឋ​សភា​ដើម្បី​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ​ ​និងការ​អនុម័ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​សភា ​នីតិកាល​ទី​៦»។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៦ ​ខែ​កញ្ញា​ ឆ្នាំ​២០១៨​ រដ្ឋ​សភា​នឹង​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ អនុ​ប្រធាន​រដ្ឋសភា​ ​ប្រធាន​ អនុប្រធាន​គណៈ​កម្មការ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា​ ​និង​ផ្តល់​សេចក្តី​ទុក​ចិត្ត​ចំពោះ​រាជ​រដ្ឋា​ភិបាល។

លោកឡេង ប៉េងឡុង​ ​អ្នក​នាំពាក្យ​រដ្ឋសភា​ ​ប្រាប់​ ​VOA​ ​នាព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ ​រដ្ឋ​សភា​បាន​អញ្ជើញ​តំណាង​ទូត​នៅ​កម្ពុជាប្រមាណ​ជា​ជាង​៣០​ ដើម្បី​ចូល​រួម​សម័យ​ប្រជុំ​លើក​ដំបូង​ ​ក្នុង​អាណត្តិ​ទី៦​ ​នា​ថ្ងៃ​ពុធ​នេះ។

លោក​បន្ថែម​ថា​ រហូត​មក​ដល់​ពេល​នេះ​មាន​ស្ថានទូត​មួយ​ចំនួន​បាន​ឆ្លើយ​តប​ថា ​នឹង​ចូលរួម ​ប៉ុន្តែ​លោក​ថា​ ​មន្ត្រី​ទូត​ធំៗ​មួយ​ចំនួន​ ដូចជាមន្ត្រី​ទូត​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ​មិន​ទាន់​បាន​ឆ្លើយ​តប​នៅ​ឡើយ​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖​

«មាន​ខ្លះ​ឆ្លើយមក​ហើយ ​ខ្លះក៏មិនទាន់​ឆ្លើយ​ ​ដូច្នេះ​ហើយ​មិនទាន់​បាន​សរុប​ទេ​ ​ទាល់​តែ​ល្ងាច។​ ​យើង​បាន​អញ្ជើញ​អង្គការ​អន្តរជាតិ​ប្រហែល​ជា​១០​ដែរ​ ​ប៉ុន្តែ​យើង​មិនទាន់​បាន​បញ្ជាក់​ពីការ​ចូលរួម​របស់​គាត់ទាំង​អស់​ទេ ​កំពុង​តែ​បញ្ជាក់ មាន​ប៉ុន្មាន​ចូលរួម»។​

លោកឡេង ប៉េងឡុង​បន្ថែម​ថា​ ​តំណាង​គណបក្ស​នយោបាយ​ដែល​មិន​ទទួល​បាន​អាសនៈ​សភា​ទាំង​ជិត​២០ ​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​សម័យ​ប្រជុំ​លើក​ដំបូង​ ក្នុង​អាណត្តិ​ទី​៦ ​នាថ្ងៃ​ពុធ​នេះ​ទេ។

រដ្ឋ​សភា​ ដែល​នឹង​បើក​សម័យ​ប្រជុំ​អាណត្តិទី​៦​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ពុធនេះ​ ​នឹង​ក្លាយ​ជា​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​ឯកបក្ស​ ​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន​ឈ្នះ​ការ​បោះ​ឆ្នោត​ និង​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំង​១២៥​ ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​គណបក្ស​ប្រជែង​ដ៏​ធំ​របស់​ខ្លួន ​កាលពី​ចុង​ឆ្នាំ​២០១៧​កន្លង​ទៅ។​

យ៉ាង​ណាក្តី​ ​ឯកអគ្គរដ្ឋ​ទូត​នៃ​បណ្តា​ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ដែល​បាន​រិះគន់​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​ ​និងមិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​ប្រកាស​ថា​ មិន​ចូលរួម​ ដោយ​លើក​មូល​ហេតុ​ថា ពួកគេ​កំពុង​បំពេញ​បេសក​កម្ម​នៅ​ក្រៅ​ប្រទេស។​

តំណាង​ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​អះអាង​ថា​ ខ្លួន​ក៏​នឹង​មិន​ចូលរួម​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋ​សភា​ឯកបក្ស​របស់​កម្ពុជា​ផង​ដែរ​ ​ដោយ​អូស្ត្រាលី​យល់​ថា​ ​ការ​បោះឆ្នោត​កន្លង​មក​គឺ​មិន​ត្រឹម​ត្រូវ។​

អ្នកស្រី​ ​Rebecca Chirichiello​ ​ដែល​ជាអ្នកនាំ​ពាក្យ​នៃ​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​ ​ប្រាប់​ ​VOA​ ​តាម​រយៈសារ​អេឡិចត្រូនិច​ ​ឬអ៊ីមែល​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវបាន​ប្រែសម្រួល​ជា​ភាសា​ខ្មែរ​ថា៖​

«ដោយ​យោង​ទៅ​តាម​ទស្សនៈ​របស់​ប្រទេស​អូស្រ្តាលី​អំពី​ដំណើរ​ការ​បោះឆ្នោត​ដែល​មិនត្រឹម​ត្រូវ​ អូស្ត្រាលី​នឹង​មិនត្រូវ​បាន​តំណាង​នៅ​ក្នុង​ការ​ប្រជុំ​លើក​ដំបូង​របស់​រដ្ឋ​សភា​កម្ពុជា​ ​នៅ​ថ្ងៃទី៥​ ​ខែកញ្ញា​នេះ​ឡើយ»។​

អ្នកស្រី​ ​Emily Zeeberg​ ​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​ប្រាប់​ ​VOA​ ​តាម​រយៈ​សារអេឡិច​ត្រូនិក ​ឬ​អ៊ីមែល​ថា ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​លោក​ ​William Heidt​ ​មិន​អាច​ចូលរួម​កិច្ច​ប្រជុំ​នោះ​បាន​ទេ​ ​ដោយ​អ្នកស្រីបញ្ជាក់​យ៉ាង​ខ្លី​ថា៖​

«ឯក​អគ្គ​រដ្ឋទូត​ ​Heidt​ ​បាន​ចាកចេញ​ពី​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ចុង​សប្តាហ៍​ ​សម្រាប់​ការ​ពិគ្រោះ​យោបល់​ជា​សេរី​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ​ហើយ​មិន​អាច​ចូលរួម​បាន​ទេ»។​

ស្រដៀង​គ្នា​នេះ​ ​អ្នក​នាំពាក្យ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​បាន​ឆ្លើយ​សំណួរ​របស់​ ​VOA​ ​តាមរយៈ​អ៊ីមែល​ថា៖​

«ឯក​អគ្គ​រដ្ឋទូត​លោក​បណ្ឌិត​ ​Ingo Karsten​ ​បច្ចុប្បន្ន​កំពុង​ចូលរួម​ក្នុង​សន្និសីទ​ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​ឆ្នាំ​ ​នៅ​ទីក្រុង​ប៊ែរឡាំង ​ប្រទេស​អាល្លឺម៉ង់។​ ​នោះ​ហើយ​ជា​មូលហេតុ​ដែល​គាត់​មិន​អាច​ចូលរួម​សម័យ​ប្រជុំ​រដ្ឋសភា​កម្ពុជា​បាន»។​

ចំណែក​មន្រ្តីរបស់​សហភាព​អឺរ៉ុបក៏​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ ​VOA​ ​តាម​រយៈ​អ៊ីមែល​ថា៖​

«លោក​ ​George Edgar​ ​ដែល​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ក្នុង​ទីក្រុង​ប៊្រុចសែល​សប្តាហ៍​នេះ​សម្រាប់​សន្និសីទ​ឯក​អគ្គរដ្ឋទូត​ប្រចាំ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប​ ហើយ​ដូច្នេះ​លោក​មិនអាច​ចូលរួម​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​បាន​ទេ»។​

ក្រោយ​ការ​ឆ្លើយ​តប​ ដែល​ត្រឹមតែ​ប្រាប់​ថា ឯកអគ្គរដ្ឋទូត​របស់​ពួក​គេ​មិនអាច​ចូល​រួម​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​រដ្ឋសភា​សម្រាប់​អាណត្តិទី​៦​នេះ​ ពួក​គេ​សុទ្ធ​តែ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​លម្អិត​របស់ ​VOA​ ដែល​បាន​សួរ​ថា ​តើ​នឹង​មាន​ការ​បញ្ជូន​មន្រ្តី​តំណាង​របស់ខ្លួន​ ដើម្បី​ចូលរួម​ជំនួស​ ឬ​យ៉ាងណា​នោះ​ទេ។​

VOA​ បាន​ព្យាយាម​សួរ​ទៅ​កាន់​ស្ថានទូត​របស់​ប្រទេស​ផ្សេងទៀត​ប្រចាំ​នៅ​កម្ពុជា​ជាច្រើន​ ប៉ុន្តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃអង្គារ​នេះ ​មិនទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។ក្រោយ​លទ្ធ​ផលបោះឆ្នោតដែល​បង្ហាញ​ថា​ ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​នឹង​ដឹកនាំ​រដ្ឋសភា​ ​និង​រដ្ឋាភិបាល​ដោយ​ឯកបក្ស​ ​គេ​ឃើញ​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​បាន​រិះគន់​ការ​បោះឆ្នោត ​និង​បាន​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ថា​ ជាការ​ធ្វើ​ឡើង​ខុស​ពីឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។​

សហ​រដ្ឋ​អាមេរិក​ ​អូស្ត្រាលី​ ​កាណាដា​ ​និង​សហភាព​អឺរ៉ុប​ជាដើម​បាន​ចោទ​សួរ​អំពី​ការ​បោះ​ឆ្នោត​ដែល​បាន​កើត​មាន​ជាមួយ​នឹង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​បង្ក្រាប​អង្គការ​សង្គម​ស៊ីវិល​ ​ព្រម​ទាំង​ការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នានា​ ​នៅ​មុន​ការ​បោះ​ឆ្នោត។​

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​ការ​រិះគន់​របស់​អន្តរ​ជាតិ​ដោយ​និយាយ​ថា ការ​រិះគន់​ទាំង​នោះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការណ៍​ពិត​ និង​ថា ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ទៅ​តាម​ច្បាប់ ​ស្រប​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ៕ ប្រភព៖ VOA