​ភ្នំពេញ​ ៖ សម័យប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៦ ត្រូវបាន​បើក​ជា​លើកដំបូង​ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​នៅ​វិមាន​រដ្ឋ​សភា​។​

Loading...

​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បាន​ថ្លែងថា ការបើក​សម័យប្រជុំ​ជា​លើកដំបូង​នៅ​ថ្ងៃនេះ មាន​ការចូលរួម​ពី​តំណាង រាស្ត្រ​ទាំង ១២៥​រូប និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកអគ្គរាជទូត និង​ឯកអគ្គរដ្ឋទូត បណ្តា​ប្រទេស​នានា ប្រចាំ​នៅ​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋសភា បានឲ្យដឹងថា ការ​ប្រារព្ធ​ពិធី​បើក​សម័យប្រជុំ​លើកដំបូង​ថ្ងៃទី​៥​កញ្ញា​នេះ នឹង​ចាប់ផ្តើម​ឡើង​នៅវេលា​ម៉ោង​៨​ព្រឹក​។ បន្ទាប់ពី​ពិធី​បើក​សម័យប្រជុំ​ដំបូង​រួចរាល់ ពិធី​បើក​សម័យប្រជុំ​លើក​ទី​១ នឹង​ចាប់ផ្តើម​ការងារ​របស់​ខ្លួន​ក្រោម​អធិបតីភាព​លោក ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា ដើម្បី​សម្រេច​អំពី​សុពលភាព នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ និង​ការអនុម័ត​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា​នីតិកាល​ទី​៦​។​

នៅ​ពេល​រសៀល​តំណាងរាស្ត្រ​ទាំង ១២៥​រូប នឹង​ចូល​ទៅ​កាន់​ព្រះបរមរាជវាំង ដើម្បី​ធ្វើ​ពិធី​សច្ចាប្រណិធាន នៅ​ចំពោះ​ព្រះ​ភក្ត្រ​មហាក្សត្រ​។​

​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា រដ្ឋសភា​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​ថ្នាក់ដឹកនាំ​រដ្ឋសភា​រួមមាន​៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​ជំនាញ​នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ​កំពូល​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​។​

​សូមបញ្ជាក់​ថា រដ្ឋសភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​សមាជិក​ចំនួន ១២៥​រូប​នា​ពេលបច្ចុប្បន្ន ជ្រើសតាំង​តាម​ប្រព័ន្ធ​សមាមាត្រ ដោយ​ការបោះឆ្នោត​ជា​សកល​។ សមាជិក​រដ្ឋសភា​នីមួយៗ ត្រូវបាន​ជ្រើសតាំង​ក្នុង​អាណត្តិ ៥​ឆ្នាំ​ម្តង ដែល​ចែក​ជា​តំណាង ខេត្ត​-​រាជធានី​ទាំង ២៥ ពី​១ ទៅ​១២​អាសនៈ​។ គណបក្ស​នយោបាយ​សំឡេង​ភាគច្រើន ដែល​មាន​អាសនៈ​យ៉ាងហោច​៦២ អាច​មាន​សិទ្ធិ ក្នុង​ការបង្កើត​ជា​រដ្ឋាភិបាល​។​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ មាន​ប្រជាពលរដ្ឋ​ជិត ៧​លាន​នាក់​បាន​ចេញ​ទៅ​បោះឆ្នោត​ស្មើនឹង​ជាង ៨៣​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ក្នុង​បញ្ជី​បោះឆ្នោត​ដែល​មាន​ជាង ៨​លាន​នាក់​។ ក្នុង​ចំណោម​ប្រជាពលរដ្ឋ ចេញ​ទៅ​បោះឆ្នោត​នេះ គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​នយោបាយ​តែមួយគត់ ទទួលបាន​ការបោះឆ្នោត គាំទ្រ​ច្រើន​លើសលុប​រហូតដល់​ជាង ៤​លាន​នាក់ ឈាន​ទៅ​គ្រប់គ្រង​អាសនៈ​នៅ​រដ្ឋសភា​ចំនួន ១២៥​។​

​ការដឹកនាំ​សភា​មកពី​គណបក្ស​នយោបាយ​តែមួយ ក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​នេះ គឺជា​លើក​ទី​៨ ហើយ​នៃ​ប្រវត្តិ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​គណបក្ស​នយោបាយ​តែមួយ គិត​ចាប់តាំងពី​ថ្ងៃ​នៃ​ការកកើត​រដ្ឋសភា នៅ​ឆ្នាំ​១៩៤៦​។

ប្រវត្តិ​នៃ​ការដឹកនាំ​រដ្ឋ​សភា មកពី​គណបក្ស​នយោបាយ​តែ​មួយ​នោះ​រួមមាន​៖ រដ្ឋសភា​ពី​ឆ្នាំ​១៩៥៥-១៩៥៨ មាន​សមាជិក ៩១​រូប​, រដ្ឋសភា​ពី​ឆ្នាំ​១៩៥៨-១៩៦២ (​ឆ្នាំ​ដំបូង​ដែល​ស្ត្រី​ខ្មែរ​មាន​សិទ្ធិ​បោះឆ្នោត​) មាន​សមាជិក ៦១​រូប​, រដ្ឋសភា​ពី​ឆ្នាំ​១៩៦២-១៩៦៦ មាន​សមាជិក ៧៧​រូប​, រដ្ឋសភា​ពី​ឆ្នាំ​១៩៦៦-១៩៧២ មាន​សមាជិក ៨២​រូប​, សភាជាតិ​របស់​របប​សាធារណរដ្ឋ​ខ្មែរ​ពី​១៩៧២-១៩៧៥ មាន​សមាជិក ១២៦​រូប​, សភា​តំណាង​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​សមាជិក ២៥០​រូប​, សភា​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ពី​ឆ្នាំ​១៩៨១-១៩៩៣ មាន​សមាជិក ១១៧​រូប​។​

​ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ ដែល​ព្រះមហាក្សត្រ ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ និង​មិន​ចូល​បក្សសម្ព័ន្ធ​។ ប្រទេស​កម្ពុជា បាន​ចាប់ផ្តើម​រៀបចំ​ឲ្យមាន​ការបោះ ឆ្នោតសាកល លើកដំបូង​នៅ​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​១៩៤៦​។ ការបោះឆ្នោត​សាកល​លើកដំបូង​នៅ​កម្ពុជា ជ្រើសតាំង​សមាជិក​សភា ធម្មនុញ្ញ​៦៧​រូប មាន​បេសកកម្ម​តាក់តែង​រដ្ឋធម្មនុញ្ញ​ទី​១ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​ប្រកាស​ឲ្យប្រើ​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​១៩៤៧​។​

​ការជ្រើសតាំង​សមាជិក​រដ្ឋសភា ក៏​ដូច​ជា​ដំណើរការ​នៃ​រដ្ឋសភា ក៏​ត្រូវបាន​ប្រែប្រួល​គ្នា ទៅ​តាម​របប​ដឹកនាំ ក្នុង​សម័យកាល​នីមួយៗ​ផងដែរ​។ យោងតាម​សាវតា​របស់​រដ្ឋ​សភា​កម្ពុជា ដែល​ត្រូវបាន​កត់ត្រា និង​ផ្សព្វផ្សាយ​លើ​គេហទំព័រ​រដ្ឋសភា បានឲ្យដឹងថា​៖
​សភាធម្មនុញ្ញ​ពី​ឆ្នាំ​១៩៤៦-១៩៤៧ មាន​សមាជិក ៦៧​រូប មក​ពី​ពហុបក្ស ។ រដ្ឋសភា​ពី​ឆ្នាំ​១៩៤៧-១៩៥១ មាន​សមាជិក ៧៥​រូប មក​ពី​ពហុបក្ស​។ រដ្ឋសភា​ពី​ឆ្នាំ​១៩៥១-១៩៥៣ មាន​សមាជិក ៧៨​រូប មក​ពី​ពហុបក្ស​។

រដ្ឋសភា​ពី​ឆ្នាំ​១៩៥៥-១៩៥៨ មាន​សមាជិក ៩១​រូប មកពី​គណបក្ស​នយោបាយ​តែមួយ​។ រដ្ឋសភា​ពី​ឆ្នាំ​១៩៥៨-១៩៦២ (​ឆ្នាំ​ដំបូង​ដែល​ស្ត្រី​ខ្មែរ​មាន​សិទ្ធិ​បោះឆ្នោត​) មាន​សមាជិក ៦១​រូប មកពី​គណបក្ស​នយោបាយ​តែមួយ​។ រដ្ឋសភា​ពី​ឆ្នាំ​១៩៦២-១៩៦៦ មាន​សមាជិក ៧៧​រូប មកពី​គណបក្ស​នយោបាយ​តែមួយ​។​

រដ្ឋសភា​ពី​ឆ្នាំ​១៩៦៦-១៩៧២ មាន​សមាជិក ៨២​រូប មកពី​គណបក្ស​នយោបាយ​តែមួយ​។ សភាជាតិ​របស់​របប​សាធារណរដ្ឋ​ខ្មែរ​ពី​១៩៧២-១៩៧៥ មាន​សមាជិក​១២៦​រូប មក​ពី​បក្ស​តែមួយ​។

សភា​តំណាង​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​សមាជិក ២៥០​រូប មក​ពី​បក្ស​តែមួយ​។ សភា​នេះ​ត្រូវបាន​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២០​ខែ​មីនា ឆ្នាំ​១៩៧៦​។

សភា​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ពី​ឆ្នាំ​១៩៨១-១៩៩៣ មាន​សមាជិក​១១៧​រូប មកពី​គណបក្ស​បក្ស​នយោបាយ​តែ​មួយ​។ សភាធម្មនុញ្ញ​ឆ្នាំ​១៩៩៣ មាន​សមាជិក​១២០​រូប មក​ពី​ពហុបក្ស​។ រដ្ឋសភា​នីតិកាល​ទី​១ (​របប​រាជាណាចក្រ​លើក​ទី​២) ពី​ឆ្នាំ​១៩៩៣-១៩៩៨ មាន​សមាជិក ១២០​រូប​ ​មក​ពី​ពហុបក្ស​។ រដ្ឋសភា​នីតិកាល​ទី​២ ពី​ឆ្នាំ​១៩៩៨-២០០៣ មាន​សមាជិក​១២២​រូប មក​ពី​ពហុបក្ស​។ រដ្ឋសភា​នីតិកាល​ទី​៣ ពី​ឆ្នាំ​២០០៣-២០០៨ មាន​សមាជិក​១២៣​រូប មក​ពី​ពហុបក្ស​។ រដ្ឋសភា​នីតិកាល​ទី​៤ ពី​ឆ្នាំ​២០០៨-២០១៣ មាន​សមាជិក​១២៣​រូប មក​ពី​ពហុបក្ស​។ រដ្ឋសភា​នីតិកាល​ទី​៥ ពី​ឆ្នាំ​២០១៣ ដល់​បច្ចុប្បន្ន មាន​សមាជិក​១២៣​រូប មក​ពី​ពហុបក្ស​៕