​ភ្នំពេញ ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ត​ស្វាគមន៍ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ដទៃទៀត​ ​ឲ្យ​បន្ត​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ដើម្បី​ពូនផ្តុំ​កម្លាំង​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែងថា ការប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​ ​ទាំង​ក្នុង​វិស័យ​ឯកជន និង​សាធារណៈ សំដៅ​ធានា​នូវ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ក្នុង​ការប្រកប​ធុរកិច្ច​ ​និង​ផ្តល់​សេវាសាធារណៈ ក្នុង​គោលដៅ​លើកស្ទួយ​បិ​រយា​កាស វិនិយោគ​អំណោយផល ដល់​ការប្រកួតប្រជែង​ដោយ​ស្នើ​ភាព​ ​និង​ការរីកចម្រើន ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​) និង​វិស័យ​ឯកជន បាន​បន្ត​ប្តេជ្ញា​ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ ​ដោយ​នៅ​រសៀល​ថ្ងៃ​ទី​៤​ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រុមហ៊ុន ខេ​ម​បូឌា ហ្វី​ប៊ើរ អុ​បទិច ខម​ញូ​នី​ខេ​សិន ណេ​តវើក​ ​បាន​បង្ហាញ​ឆន្ទៈ​ផ្តល់​ការសហការ ក្នុង​ការប្រឆាំង​អំពើពុករលួយ តាមរយៈ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​​ជា​ស្ថាប័ន​ឯករាជ្យ​បង្គោល​ទទួល​អាណត្តិ​លើ​ការងារ​នេះ​ ​បន្ថែម​លើ​ក្រុមហ៊ុន​ជាតិ អន្តរជាតិ សភាពាណិជ្ជកម្ម សមាគម គ្រឹះ​ស្ថាន​សាធារណៈ ចំនួន​៩២ ​ដែល​បាន​ចុះ​អនុស្សរណៈ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កន្លងមក​។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ចុះហត្ថលេខា​ដោយ​លោក​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង អំពើ ពុករលួយ​ ​និង​លោក Ho Loping នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ខេ​ម​បូឌា ។ ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​គឺជា​ការចុះកិច្ច សន្យា​រ​វាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រុមហ៊ុន ដោយ​ចំណុច​សំខាន់ នៃ​MoU​អាច​ត្រូវបាន​សង្ខេ​បជា​៣​ចំណុច​ដូចខាងក្រោម​៖ ១) ក្រុមហ៊ុន​ប្តេជ្ញា​ធ្វើ​ជា​ស្ថាប័ន​ស្អាតស្អំ កសាង​នូវ​វប្បធម៌​តម្លាភាព គោរព​ច្បាប់​កម្ពុជា​​បដិសេធ​រាល់​អំពើពុករលួយ អប់រំ​មិនឲ្យ​មាន​ការ​សូកប៉ាន់ នៅពេល​ទំនាក់ទំនង​ជាមួយ​និង​មន្ត្រីរាជការ អ្នកផ្គត់ផ្គង់ អតិថិជន អង្គភាព​ ​ឬ​បុគ្គល​ដទៃ ចាត់​វិធានការ​ប្រុងប្រយ័ត្ន​ជា​មុន​នានា ផ្តល់​ព័ត៌មាន​ដល់​អង្គភាព​ប្រឆាំង​អំពី​បញ្ហា​ប្រឈម ដែល​ខ្លួន​មាន​។ ២) ​អង្គភាព​ប្រឆាំង​អំពើពុករលួយ សន្យា​ការពារ​សុចរិត​ភាព និង​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ការប្តេជ្ញា​ដល់​ភាគី​នៃ​អនុស្សរណៈ​ ​ដោយ​រក្សា​ឲ្យបាន​ដាច់ខាត​នូវ​ការសម្ងា​ត់​ពី​ប្រភព​ព័ត៌មាន និង​ភស្តុតាង​ពាក់ព័ន្ធ​និង​អំពើពុករលួយ ដែល​ផ្តល់ជូន​ ​ហើយ​និង​បើក​ការស៊ើបអង្កេត​។ ៣)​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រុមហ៊ុន នឹង​បង្កើត​ច្រក​ទំនាក់ទំនង គ្នា​មួយ ដែល​លឿន រហ័ស​ ​និង​សម្ងាត់ សម្រាប់​ការប្រាស្រ័យ​ទាក់ទង​គ្នាំ គ្រប់ពេលវេលា និង​គ្រប់​កាលៈទេសៈ​ចាំបាច់​៕