ហ្សឺណែវ —ឆ្នាំ​នេះ​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​នូវ​ចំនួន​អ្នក​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​និង​ជន​អន្តោ​ប្រវេសន៍​ ដែល​អាច​មក​ដល់​ឆ្នេរ​សមុទ្រ​អឺរ៉ុប​តាមរយៈ​សមុទ្រ​មេឌីទែរ៉ាណេ។ ទីភ្នាក់ងារ​ជនភៀសខ្លួន​នៃ​អង្គការ​សហប្រជាជាតិ​រាយការណ៍​ថា អត្រា​អ្នក​ដែល​មក​ដល់​អឺរ៉ុប​បាន​ធ្លាក់​ចុះ​៤១ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​មុន។

Loading...

លោក Charlie Yaxley អ្នក​នាំពាក្យ​អង្គការ UNHCR បាន​ប្រាប់ VOA ថា មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៤២​នាក់​បាន​ស្លាប់​ឬ​បាត់​ខ្លួន​កាល​ពី​ឆ្នាំ​មុន ខណៈ​ដែល​ពួកគេ​ឆ្លងសមុទ្រ​មេឌីទែរ៉ាណេ។ តួលេខ​ឆ្នាំ​នេះ​កើន​ឡើង​យ៉ាង​ខ្លាំង​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ ព្រោះ​នៅ​ក្នុង​រយៈពេល​៨​ខែ​ដំបូង​នៅ​ក្នុង​ឆ្នាំ​នេះ ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​១៨​នាក់​បាន​ស្លាប់​ឬ​បាត់​ខ្លួន។

លោក​និយាយ​ថា ក្នុង​អំឡុងពេល​នៃ​រដូវកាល​ដែល​ជនអន្តោប្រវេសន៍​មក​ដល់​អឺរ៉ុប​ខ្ពស់​បំផុត​ក្នុង​ខែ មិថុនា អត្រា​អ្នក​ស្លាប់​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ មាន​រហូត​ដល់​ទៅ​ម្នាក់​ក្នុង​ចំណោម​៧​នាក់។

លោក Yaxley បាន​ថ្លែង​ថា៖

«ឥឡូវ​នេះ នេះ​គឺ​ជា​ទិដ្ឋភាព​ដ៏​អាប់អួរ​ណាស់ ដោយសារ​តែ​ក្នុង​ចំណោម​បុរស ស្ត្រី និង​កុមារ​៧​នាក់ ដែល​ចាកចេញ​ពី​ស្ថានភាព​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​នៅក្នុង​ប្រទេស លីប៊ី ម្នាក់​ក្នុង​ចំណោម​នោះ​មិន​អាច​មក​ដល់​ឆ្នេរ​សមុទ្រ​អឺរ៉ុប​បាន​ទេ‍»។ ​

ទោះ​ជា​តួលេខ​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​ដែល​បាន​ទៅ​ដល់​គោលដៅ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ក៏​ដោយ ក៏​ការ​ស្អប់ខ្ពើម​ជនអន្តោប្រវេសន៍​នៅ​ក្នុង​អឺរ៉ុប​កំពុង​តែ​កើន​ឡើង​។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ទូក​ដឹក​ជនអន្តោប្រវេសន៍​ជាច្រើន​ត្រូវ​ជាប់​នៅ​កណ្តាល​សមុទ្រ​ជាច្រើន​ថ្ងៃ ខណៈ​ដែល​ប្រទេស​ដទៃទៀត​ឈ្លោះ​ប្រកែក​គ្នា​ទៅ​លើ​ថា​តើ​ប្រទេស​មួយ​ណា​ត្រូវ​ទទួល​យក​ពួកគេ​នោះ។ ​

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ អង្គការ UNHCRនិង​អង្គការ​ទេសន្តរប្រវេសន៍អន្តរជាតិ IOM បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រើប្រាស់​វិធីសាស្ត្រ​ថ្នាក់​តំបន់​មួយ​ដែល​អាច​ទស្សន៍ទាយ​ទុក​ជាមុន​បាន​ ដើម្បី​ជួយសង្គ្រោះ​និង​ជួយ​ដល់​ជនអន្តោប្រវេសន៍​ដែល​រង​ទុក្ខវេទនា​និង​កំពុង​ជាប់​នៅ​លើ​ទូក​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​អាច​ចុះចត​នៅ​ច្រាំង​សមុទ្រ​អឺរ៉ុប​បាន។ ​

អង្គការ UNHCR បាន​ឲ្យ​ដឹង​ថា ត្រូវ​តែ​ស្វែងរក​ជម្រើស​ផ្សេង​ទៀត​ដើម្បី​ដោះស្រាយ​វិបត្តិ​ដ៏​ប្រល័យ​នេះ។ អង្គការ​នេះ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ប្រើប្រាស់​វិធីសាស្ត្រ​ដែល​មាន​សុវត្ថិភាព​និង​ស្របច្បាប់​ដើម្បី​ជួយ​ដល់​ជនភៀសខ្លួន​ដែល​ធ្វើ​ដំណើរ​មក​អឺរ៉ុប។ វិធីសាស្ត្រ​ទាំង​នេះ​អាច​រួម​មាន​ទាំង​ការ​បង្កើន​កន្លែង​តាំង​ទីលំនៅ​ថ្មី​និង​ការ​ដក​ឧបសគ្គ​នានា​ចេញ​ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​អាច​ជួបជុំ​គ្នា​បាន៕ ប្រភព៖ VOA