កាល​ពី​សប្ដាហ៍​មុន អាជ្ញាធរ​តាម​បណ្ដា​ខណ្ឌ​មួយ​ចំនួន​នៅ​ក្រុង​ភ្នំពេញ បាន​រឹប​អូស​សៀវភៅ​ដែល​ជា​ស្នាដៃ​តែង​និពន្ធ​របស់​លោក គឹម សុខ អ្នក​វិភាគ​នយោបាយ​ដែល​ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស រួម​នឹង​សៀវភៅ​លោក ​យ៉ែម បុញ្ញឬទ្ធិ មន្រ្តី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពី​តូប​លក់​សៀវភៅ​នានា ដោយ​មិន​ឲ្យ​បន្ត​ចេញ​លក់​ជាសាធារណៈ​ឡើយ។ អាជ្ញាធរ​បញ្ជាក់​ថា សៀវភៅ​ដែល​រឹប​អូស​បាន​នឹង​ប្រគល់​ទៅ​ម្ចាស់​ស្នាដៃ​វិញ នៅ​ពេល​ដែល​ពួក​គេ​សុំ​ច្បាប់​អនុញ្ញាត​យក​សៀវភៅ​ត្រឡប់​ទៅ​វិញ​។

Loading...

លោក ជុំ វុឌ្ឍី ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​អះ​អាង​នៅ​ថ្ងៃពុធ​នេះ​ថា ការ​រឹប​អូស​សៀវភៅ​លោក យ៉ែម បុញ្ញាឬទ្ធិ និង លោក​ គឹម សុខ មិន​ឲ្យ​បន្ត​ដាក់​លក់​ជា​សាធារណៈ ធ្វើ​ឡើង​ដោយសារ​តែ​ការ​បោះពុម្ព​ដោយ​គ្មាន​ការ​អនុញ្ញាត្ត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិ​ល្បៈ​។ ហើយ​សៀវភៅ​ដែល​គ្មាន​ការ​អនុញ្ញាត​ឲ្យ​បោះពុម្ព និងការ​ត្រួត​ពិនិត្យ​ជា​មុន​ពី​ក្រសួង​វប្បធម៌ គឺ​អាជ្ញាធរ​នឹង​រឹប​អូស​យក​ទៅ​រក្សា​ទុក​ទាំង​អស់ មិន​ចំពោះ​តែ​សៀវភៅ​របស់​អ្នក​នយោបាយ​ណា​ម្នាក់​ឡើយ។

គួរ​រំឭក​ថា ប្រតិបត្តិ​ការ​ចុះ​រឹប​អូស​សៀវភៅ​ធ្វើ​ឡើង​តាំង​តែ​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​មុន​បន្ត​មក​ដល់​ថ្ងៃពុធ​នេះ។ ក្នុង​នោះ សៀវភៅ លោក យ៉ែម បុញ្ញាឬទ្ធិ មាន​ចំណង​ជើង​ថា ចក្ខុ​វិស័យ​ក្នុង​ការ​ផ្សះ​ផ្សារ​ជាតិ និង​ការ​រៀប​ចំ​សង្គម ខណៈ​សៀវភៅ លោក គឹម សុខ មាន​ចំណង​ជើង​ថា ការ​ស្ដារ​សង្គម និង​ទស្សន​វិជ្ជា​សង្គម និង​នយោបាយ​។

លោក ហង្ស វិទូ ដែល​ជា​អ្នក​ចង​ក្រង​សៀវភៅ លោក គឹម សុខ បាន​លើក​ឡើង​ថា សៀវ​ភៅលោក គឹម សុខ ដែល​ត្រូវ​បាន​បោះ​ពុម្ព​ចំនួន​៥០០០​ក្បាល ត្រូវ​បាន​ដាក់​លក់​ជា​សាធារណៈ​ជាង​មួយ​ឆ្នាំ​មក​ហើយ ពោល​គឺ​ចាប់​តាំង​ពី​ពេល​ដែល​លោក​ជាប់​ពន្ធនាគារ​មក​ម្ល៉េះ​។ អ្នក​ចង​ក្រង​សៀវភៅ​រូប​នេះ បាន​សម្ដែង​ការ​ងឿយ​ឆ្ងល់​ចំពោះ​យុទ្ធនាការ​ចុះ​រឹប​អូស​សៀវភៅ​ពី​សំណាក់​អាជ្ញាធរ ខណៈ​ខ្លឹមសារ​នៅ​ក្នុង​សៀវភៅ​របស់ លោក គឹម សុខ គ្រាន់​តែ​មាន​ន័យ​អប់រំ​ធម្មតា គ្មាន​ការ​អុជ​អាល​ឲ្យ​ស្អប់​រដ្ឋាភិបាល ដូច​ការ​ព្រួយ​បារម្ភ​របស់​ក្រសួង​វប្បធម៌​ឡើយ។ នេះ​បើ​តាម លោក ហង្ស វិទូ។ បើ​តាម​អ្នក​ចង​ក្រង​សៀវភៅ​រូបនេះ លោក​គ្មាន​គម្រោង​ត​តាំង​ជាមួយ​អាជ្ញាធរ ឬប្រមូល​សៀវភៅ​ដែល​រឹប​អូស​នោះ​មក​វិញ​ឡើយ​។ ប៉ុន្តែ​លោក​នឹង​ព្យាយាម​ពិនិត្យ​ខ្លឹមសារ​ក្នុង​សៀវភៅ​លោក គឹម សុខ ឡើង​វិញ៕ ប្រភព៖ RFI